en     km
en     km

សម្ដេចហ៊ុនសែនចាប់អារម្មណ៍អំពីរដ្ឋប្រហារនៅភូមាតែមិនធ្វើអធិប្បាយខណៈសមាជិកអាស៊ានខ្លះទៀតសម្ដែងការព្រួយបារម្ភ

Share

សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញជំហរម៉ឺងមាត់ថា កម្ពុជាមិនធ្វើអត្ថាធិប្បាយ ចំពោះសភាពការណ៍ ដែលកំពុងកើតឡើង នៅប្រទេសភូមានោះទេ  ខណៈលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ លោក U Win Myint ប្រធានាធិបតី និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល របស់ភូមាជាច្រើននាក់ ត្រូវយោធាចាប់ឃុំខ្លួន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ដូចនេះក្នុងពិធីមួយជាសាធារណៈ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន មានប្រសាសន៍ដូចថា «ឥឡូវនេះ នៅយ៉ាំងហ្គោន (នៅមីយ៉ាន់ម៉ា) ចាប់ផ្ដើមហើយ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួនហើយ តែកម្ពុជាមិនធ្វើអធិប្បាយ កិច្ចការផ្ទៃក្នុងប្រទេសណាទាំងអស់ ទាំងនៅក្នុងក្របខណ្ឌអាស៊ានក្ដី ប្រទេសដទៃក្ដី»។

សម្ដេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កម្ពុជាគ្រាន់តែផ្សាយព័ត៌មាន ដូចនេះប៉ុន្ដែ កម្ពុជាមិនធ្វើការអធិប្បាយឡើយ ។

យោងតាមទីភ្នាក់ងារព័ត៌មានបរទេស AFP ចេញផ្សាយ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក អូ វិន មីយីន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនដោយយោធា ខណៈពួកយោធាចោទរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ក្លែងបន្លំសន្លឹកឆ្នោត ។ ក្រុមរដ្ឋប្រហារបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ១ឆ្នាំ។

ក្នុងស្ថានការណ៍នេះ មេដឹកនាំប្រទេសជាច្រើន បានប្រតិកម្មដោយថ្កោលទោស ជាពិសេស ក្រុម ប្រទេសប្រជាធិបតេយ្យជឿន ហើយមានប្រទេសចិនផងដែរ។ ចំពោះប្រទេសក្នុង តំបន់ ជាសមាជិកសអាស៊ាន ក៏បានប្រតិកម្ម ដោយស្ដែងការសោកស្ដាយ និងជំរុញអោយមាន ការសម្របសម្រួលឡើងវិញ។ ប្រទេសទាំងនោះ មានសិង្ហបុរី ឥណ្ឌូនេស៊ី ព្រុយណេ ។ រដ្ឋាភិបាល ថៃដែលដឹកនាំដោយអតីតមេរដ្ឋប្រហារ​ក៏បានថ្លែងសារអំពីប្រទេសភូមាផងដែរ តែមិនបានថ្កោលទោស អ្វីទេ ដោយចាត់ទុកថាជារឿងផ្ទៃក្នុងរបស់ប្រទេសភូមា៕

Share

Image
Image
Image