en     km
en     km

សត្វព្រៃ​បី​ប្រភេទ​ត្រូវ​បាន​សង្គ្រោះ​ និង​ព្រ​លែង​ចូល​ធម្មជាតិ​វិញ​

Share

​ភ្នំពេញ​ ៖​ សត្វព្រៃ​បី​ប្រភេទ​ ត្រូវ​បាន​ក្រុម​ល្បាត​ខេត្ដកោះកុង​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ ជួរ​ភ្នំក្រវាញ​ខាងត្បូង​ ជួយ​សង្គ្រោះ​ និង​ព្រ​លែង​ចូល​ក្នុង​ធម្មជាតិ​វិញ​ កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៨​ ។​ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​ ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​។​

​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ រួម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ និង​ប្រជា​សហគមន៍​ ប្រចាំ​ស្នាក់​ការ​ល្បាត​ស្ទឹង​ព្រាត់​ នៃ​ឧទ្យាន​ជាតិ​ ជួរ​ភ្នំក្រវាញ​ខាងត្បូង​ បាន​ធ្វើការ​ល្បាត​ជួប​ប្រទះ​ ការ​លាក់​ទុក​សត្វព្រៃ​ចំនួន​ ១​ករណី​ ស្ថិត​ក្នុងភូមិ​ទឹកល្អក​ ឃុំ​ជី​ផាត​ ស្រុក​ថ្ម​បាំង​ ខេត្ដកោះកុង​។​ កន្លែង​លាក់​ទុក​សត្វព្រៃ​នោះ​ មាន​សត្វ​ត្រកួត​ចំនួន​ ៤​ក្បាល​ ទម្ងន់​ ១០​គីឡូ​ ងាប់​២​ក្បាល​ សត្វ​កន្ដ្រង​ចំនួន​ ៤​ក្បាល​ ទម្ងន់​ ៣​គីឡូ​ ងាប់​អស់​ ៣​ក្បាល​ និង​សត្វ​អណ្ដើក​ ទម្ងន់​ កន្លះ​គីឡូ​មួយ​ក្បាល​ នៅ​រស់​។​ សត្វព្រៃ​ដែល​នៅ​រស់​ ក្រុម​ល្បាត​បាន​ព្រ​លែង​ចូល​ក្នុង​ធម្មជាតិ​វិញ​ ចំណែកឯ​សត្វ​ដែល​ងាប់​អាជ្ញាធរ​បាន​សម្រេច​ដុត​ចោល​។​

​សត្វព្រៃ​នៅ​កម្ពុជា​ នឹង​ប្រឈម​ការ​វិនាស​បាត់បង់​ទៅ​ ប្រសិនបើ​នៅ​តែ​មានការ​លួច​បរបាញ់​ ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​នៅ​លើ​ទីផ្សារ​បន្ដ​ទៀត​។​ លោក​ ប៊ូ​ វរ​សក្ស​ ប្រធាន​កម្មវិធី​ នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​ BirdLife​ International​ Cambodia​ Programme​ សំណូមពរ​សុំ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ថែរក្សា​ សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។​ លោក​ស្នើ​សុំ​ប្រជាពលរដ្ឋ​ពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ដោយ​លោក​អះអាង​ថា​ បើកាលណា​គ្មាន​តម្រូវការ​ទីផ្សារ​ នោះ​ការ​លួច​បរបាញ់​ដោយ​ខុសច្បាប់​ក៏​នឹង​គ្មាន​ដែរ​។​ លើស​ពី​នេះ​ លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ឧស្សាហ៍​ពិនិត្យ​លើ​ទីផ្សារ​ ប្រសិនបើ​ឃើញ​មានការ​លក់​សត្វព្រៃ​កម្រ​ សូម​ឲ្យ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​។​

​សូម​ជម្រាប​ថា​ យោង​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ គឺ​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ថ្នាក់​ទី​១​ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ ចាប់ពី​ ៥​ឆ្នាំទៅ​ដល់​ ១០​ឆ្នាំ​ ចំពោះ​ជន​ទាំងឡាយ​ណា​ ដែល​បាន​ចូល​ទៅ​បរបាញ់​សត្វ​ នៅ​ក្នុង​ព្រៃ​ការពារ​ ហើយ​សម្លាប់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ ឬ​នាំ​ចេញ​ប្រភេទ​សត្វ​ក្រុម​ជិត​ពូជ​។​ ក្នុង​ករណី​ដែល​ជន​នោះ​មិន​រាងចាល​ នឹង​ត្រូវ​ផ្ដន្ទាទោស​ទ្វេ​ដង​៕

Share

Image
Image
Image