en     km
en     km

លោកផៃស៊ីផានស្នើឱ្យអ្នកនយោបាយបញ្ឈប់ការអំពាវនាវកុំឱ្យទិញផលិតផលខ្មែរ

Share

ភ្នំពេញ៖ លោក ផៃ ស៊ីផាន ថ្លែងជាការអំពាវនាវឱ្យអ្នកនយោបាយ ឬអ្នកគាំទ្រនយោបាយ មិនត្រូវយករឿងនយោបាយ មកអំពាវនាវឱ្យឈប់ទិញ ឬប្រើប្រាស់ផលិតផលខ្មែរនោះទេ ពិសេសគឺខ្មែរនៅអាមេរិក ឬខ្មែរនៅបារាំង ដែលលោកថាការណ៍នេះជាការដាក់ទណ្ឌកម្មដល់ប្រជាកសិករកម្ពុជា ។

រាយការណ៍ដោយ លោក សោម លាភ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងជាការអំពាវនាវពលរដ្ឋខ្មែរនៅអាមេរិកក្នុងសន្និសីទសារព័ត៌មានស្ដីពី “វិធានការរក្សាតម្លៃឱ្យបានសមរម្យក្នុងរដូវប្រមូលផលស្រូវ” នៅថ្ងៃទី ១៩ ធ្នូ ឱ្យគាំទ្រកសិផលខ្មែរ ដោយមិនត្រូវយករឿងនយោបាយ មកសម្លាប់កសិករខ្មែរ ដែលលោកថានេះជារឿងគួរឱ្យអាណោចអាធមបំផុត ។

ដោយឡែកចំពោះស្រូវនៅកម្ពុជា ដែលមានការធ្លាក់ថ្លៃនោះ បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក សុង សារ៉ន បញ្ជាក់ថា ដោយសារតែតម្លៃស្រូវសកលធ្លាក់ថ្លៃដែរ ហើយកម្ពុជាមិនអាចប្រឆាំងនឹងចរន្តនេះបានឡើយ ។

សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករពីកម្ពុជា ។​ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ធ្លាប់បង្ហាញពីការឈឺចាប់ ដែលសហភាពអឺរ៉ុបសម្រេចនូវយន្តការបែបនេះ ។

ទីផ្សារអង្កររបស់កម្ពុជាធំជាងគេ គឺសហភាពអឺរ៉ុប អាមេរិក និងចិន​ ។ នៅឆ្នាំ ២០១៩ ឃើញថាការនាំចូលទៅប្រទេសលោកខាងលិច មានការធ្លាក់ចុះខណៈមានការកើនឡើងការនាំចូលអង្ករទៅប្រទេសចិនវិញ ។

នៅថ្ងៃទី ១៩ ធ្នូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថាមានរោងម៉ាស៊ីនកិនស្រូវចំនួន១៨ បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មថាមកទល់ពេលនេះ កម្ពុជាមានសហគ្រាស និងរោងម៉ាស៊ីនកិនស្រូវចំនួន ៤៤ ហើយដែលមានលទ្ធភាពនាំចេញអង្ករទៅកាន់ទីផ្សារចិន ។

តំណាងស្ថានទូតចិន ថាទីផ្សារចិនមានសក្តានុពលសម្រាប់កសិផលកម្ពុជា មិនមែនតែអង្ករ ប៉ុន្តែដំឡូងមី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និងកសិផលផ្សេងៗទៀត ហើយទាំង អស់នេះគឺជាឱកាសដ៏ប្រសើរសម្រាប់កសិករកម្ពុជានាពេលអនាគត ។

លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សរសេរលើទំព័រហ្វេសបុករ​បស់ខ្លួនថា កសិករខ្មែរធ្វើស្រែលើដីខ្លួនឯង តែអ្នកចំណេញទៅជាវៀតណាមទៅវិញ ។

លោក សរសេរក្នុងន័យដើមថា វៀតណាមលក់ជីឲ្យខ្មែរ វៀតណាមប្រមូលទិញស្រូវពីខ្មែរក្នុងតម្លៃថោកយកទៅកែច្នៃលក់យកចំណេញអង្ករ​​ កន្ទក់​​ អង្កាម​​​​​ ហើយលក់អង្ករ កន្ទក់និងចំណីសត្វឲ្យខ្មែរវិញ ។ បើនៅតែបន្តដឹកនាំវិស័យស្រូវអង្កររបៀបនេះ កសិករខ្មែរយើងនឹងធ្វើកម្មករឬទាសករឲ្យគេលើដីខ្លួនឯងហើយ ។ ល្មមដល់ពេលកែលម្អគោលនយោបាយស្រូវអង្ករដើម្បីផលប្រយោជន៍ជាតិហើយ

បើតាមការអង្កេត ពុំទាន់ឃើញមានការអំពាវនាវណាមួយពីអ្នកនយោបាយ ប្រកាន់និន្នាការផ្សេងគ្នា ឱ្យមិនឱ្យទិញ ឬប្រើប្រាស់កសិផល ឬផលិតផលរបស់ខ្មែរនៅឡើយនោះទេ លើកលែងសាររបស់ក្រុមអតីតបក្សប្រឆាំងកន្លងទៅ ដែលសុំឱ្យពលរដ្ឋកុំឱ្យទិញទឹកសុទ្ធវីតាល់ ដែលផលិតដោយក្រុមហ៊ុនរបស់កូនរបស់នាយករដ្ឋមន្ត្រីកម្ពុជា ៕

Share

Image
Image
Image