en     km
en     km

រយៈពេល​ ២៥​ឆ្នាំ​ CMAC​ រក​ឃើញ​ និង​កម្ទេច​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ជិត​ ៣​លាន​គ្រាប់​

Share

​ភ្នំពេញ​ ៖​ ចាប់ពី​ឆ្នាំ​ ១៩៩២​ ដល់​ឆ្នាំ​ ២០១៨​នេះ​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​ធ្វើ​ការងារ​បោសសម្អាត​ កាក​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ ដែល​បន្សល់​ទុក​ក្រោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​ហើយ​។​ រយៈពេល​ ២៥​ឆ្នាំ​កន្លង​មក​ ស្ថាប័ន​ជាតិ​មួយ​នេះ​ បាន​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ ២​លាន​ ៧​សែន​គ្រាប់​ ដែល​ស្មើ​ប្រមាណ​ ៧២​ភាគរយ​ នៃ​លទ្ធផល​សរុប​រួម​នៅ​ទូ​ទាំង​ប្រទេស​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ របស់​លោក​ ហេង​ រតនា​ អគ្គនាយក​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​នេះ​។​

​តាម​គេហទំព័រ​ដដែល​ គិត​មក​ដល់​ឆ្នាំ​ ២០១៨​នេះ​ ស៊ី​ម៉ាក់​ បាន​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​ជាង​ ១​ពាន់​គីឡូម៉ែត្រ​។​ ក្នុង​បេសកកម្ម​នេះ​ មាន​មន្ដ្រី​របស់​ស៊ី​ម៉ាក់​ ចំនួន​ ១៥​នាក់​ បាន​ពលី​ជីវិត​ និង​ ៨២​នាក់​ រង​របួស​ដល់​ពិការ​ និង​មន្ដ្រី​ចំនួន​ ២៥០​នាក់​ ផ្សេង​ទៀត​បាន​បាត់បង់​លទ្ធភាព​ពលកម្ម​។​ បច្ចុប្បន្ន​ បុគ្គលិក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ដែល​កំពុង​បម្រើ​ការងារ​សរុប​មាន​ចំនួន​ជាង​ ១៥០០​នាក់​ ហើយ​ក្នុង​នោះ​មាន​ស្ដ្រី​ជាង​ ១០០​នាក់​។​

​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​ចាប់ផ្ដើម​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២​ នៅ​ក្នុង​គោលបំណង​ ដើម្បី​ជួយ​ឲ្យ​មាន​សុវត្ថិភាព​ដល់​ការ​តាំងទី​លំនៅ​ថ្មី​ នៃ​គ្រួសារ​ជន​មាតុភូមិនិវត្ដន៍​ទាំងអស់​ ដែល​បាន​វិល​ត្រឡប់​ពី​បណ្ដា​ជំរុំ​ជនភៀសខ្លួន​ នៅ​តាម​ព្រំដែន​កម្ពុជា​ ថៃ​។​ ដោយសារ​តែ​បេសកកម្ម​ការងារ​ ប្រកបដោយ​មនុស្សធម៌​ និង​ចាំបាច់​ ទើប​ព្រះ​បរម​តន​កោដ្ឋ​ ព្រះ​មហា​វិ​រៈក្ស​ត្រ​ខ្មែរ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្ដលេខា​ លើ​ព្រះរាជក្រឹត្យ​ ចុះ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០០១​ ប្រែក្លាយ​មជ្ឈមណ្ឌល​កម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ ឲ្យ​ទៅ​ជា​ស្ថាប័ន​ជាតិ​មួយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​កាលពី​អំឡុង​ខែ​ មីនា​ ឆ្នាំ​២០១៨​ សម្ដេច​ ហ៊ុន​ សែន​ បាន​សម្រេច​ផ្ដល់​ក្របខ័ណ្ឌ​ ជូន​ដល់​មន្ដ្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ទាំងអស់​ឲ្យ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ នៃ​ក្រសួងការពារជាតិ​ ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​របប​សោធន​និ​វត្ស​ ពី​រាជរដ្ឋាភិបាល​ ក្រោយ​ពេល​ដែល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្ដន៍​ ឬ​ក៏​ពិការ​ខណៈ​ដែល​បំពេញការងារ​៕

Share

Image
Image
Image