en     km
en     km

រមណីយដ្ឋានជិត ៤០០កន្លែងត្រូវបានចុះបញ្ជីផ្លូវការ

Share

ភ្នំពេញ៖ កម្ពុជាមានរមណីយដ្ឋានទេសចរណ៍សរុបជិត ៤០០កន្លែង ដែលត្រូវបានចុះបញ្ជីផ្លូវការដោយមន្ទីរទេសចរណ៍ខេត្ត-រាជធានី។ ក្រៅពីនោះក៏មានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ៥៦កន្លែង ព្រមជាមួយកន្លែងមានសក្តានុពលទាក់ទាញទេសចរជាច្រើនទៀត ដែលបាននិងកំពុងរៀបចំទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិនៅទូទាំងប្រទេស។ នេះបើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ចុះផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នំា២០១៨។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទ្បើងថា រាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ ចីរភាព ការទទួលខុសត្រូវ និងធ្វើឲ្យវិស័យទេសចរណ៍នេះក្លាយជាមាសបៃតងពិតប្រាកដ។

បើទោះបីជាបែបនេះក្តីលោកថា ​ការគ្រប់គ្រងគោលដៅទេសចរណ៍នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ជាពិសេសការគ្រប់គ្រងសំរាមនៅ តែជាបញ្ហាស្មុគស្មាញនៅឡើយ។ មួយវិញទៀតរមណីយដ្ឋានទេសចរណ៍ភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលនាំឱ្យការអភិវឌ្ឍមានលក្ខណៈយឺតយ៉ាវ ហើយរមណីយដ្ឋានទេសចរណ៍មួយចំនួនពុំទាន់មានការវិនិយោគឲ្យបានពេញលេញ។

ភ្នំកំពង់ត្រាច​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែក​ខាង​កើត​ក្រុង​កំពត។ រមណីយដ្ឋាន​នេះ​ជា​ថ្មភ្នំ មាន​រូង​ភ្នំ​ប្រកប​ដោយ​ល្អាង​តូចធំ​ជាច្រើន។

ជុំវិញរឿងនេះដែរ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសហគមន៍ទេសចរណ៍មួយចំនួនដែលមានការរៀបចំបានល្អស្របតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន មានដូចជា សហគមន៍ជីផាត់ នៅខេត្តកោះកុង សហគមន៍ចំបក់នៅខេត្តកំពង់ស្ពឺ សហគមន៍កោះទ្រង់ នៅខេត្តក្រចេះ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ សហគមន៍អារ៉ែង ខេត្តកោះកុងជាដើម។

ប្រាសាទបន្ទាយឆ្មារ

គួរជម្រាបដែរថា កាលពីឆ្នាំមុនរាជរដ្ឋាភិបាលបានដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ដែលមានរមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី-ខេត្តបានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ។ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨៕

Share

Image
Image
Image