en     km
en     km

រដ្ឋាភិបាលត្រៀមបង្ការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រោះទឹកជំនន់

Share

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្ដីអំពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានីភ័យគ្រោះមហន្តរាយទឹកជំនន់។ នេះបើតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៩ កក្កដា ម្សិលមិញ។

តាមសេចក្ដីណែនាំនេះបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសកម្ពុជាមានដូចជា​ ខេត្តកំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ បាត់ដំបង ប៉ៃលិន  បានទទួលរងនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងប្រឈមជាមួយនឹងការលិចលង់។ ដោយឡែក ទឹកទន្លេមេគង្គនឹងហក់ឡើងខ្លាំងផងដែរ ដោយសារទន្លេមេគង្គនៅប្រទេសឡាវ និងថៃ មានភ្លៀងធ្លាក់យ៉ាងច្រើន។

ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានីខេត្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ មិនខុសគ្នាពីនេះដែរ អាជ្ញាធរ ត្រូវត្រៀមកម្លាំងសរុប មធ្យបាយសរុប ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្តិភាពជាដាច់ខាតនៅពេលមានទឹកជំនន់កើតឡើង ដើម្បីការពារនូវអាយុជីវិត និងការខូចខាតផ្សេងៗដែលអាចកើតឡើង។

គួររំលឹកថា រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យភូមិ ឃុំ ស្រែចម្ការមួយចំនួនរងការលិច លង់ជាខ្លាំង។ យ៉ាងណាក្ដី ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា  កម្ពុជាទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះ សុនទីញ (SON-TINH) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ រយៈពេលនេះផងដែរ ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំងទៀតផង៕

Share

Image
Image
Image