en     km
en     km

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ថា ​ចោរប្លន់​ប្រដាប់​អាវុធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​អាវុធ​ពី​ក្រសួង​ទេ​

Share

cover-Ministry-of-National-Defense
​ភ្នំពេញ​៖​  មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ បាន​លើក​ឡើង​ថា​ ចោរប្លន់​ប្រដាប់​អាវុធ​ដែល​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ក្នុង​ពេល​កន្លង​ទៅ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្រសួង​ និង​ការ​ទិញ​អាវុធ​ពី​ពី​ឃ្លាំង​អាវុធ​របស់​ក្រសួងការពារជាតិ​នោះ​ទេ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ស្តី​ពី​កិច្ចសហការ​អនុវត្ត​ច្បាប់​ រវាង​តុលាការ​ អយ្យការ​ និង​នគរបាល​យុត្តិធម៌​ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ​ បង្ការ​ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ នា​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ទីស្តីការក្រសួង​យុត្តិធម៌​។​

លោក​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​បន្ទុក​ព័ត៌មាន​ សន្តិសុខ​ និង​បង្ក្រាប​បទល្មើស​ អះអាង​ថា​ រាល់​ការ​សួរ​ចម្លើយ​ទៅ​លើ​ជនល្មើស​នៅ​ពេល​ចាប់ខ្លួន​បាន​ ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​ ជនល្មើស​ទាំងនោះ​បាន​ឆ្លើយ​ថា​ អាវុធ​ដែល​ពួក​គេ​ប្រើ​ មិន​មាន​ប្រភព​ចេញពី​ក្រសួងការពារជាតិ​នោះ​ទេ​។​

ជន​ល្មើ​ល​ទាំងនោះ​ បាន​និយាយ​ថា​ អាវុធ​ដែល​ពួក​គេ​ប្រើ​បាន​មក​ពី​មិត្តភក្តិ​របស់​ពួក​គេ​ ហើយ​កន្លង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​​បាន​ស៊ើបអង្កេត​ករណី​ប្រភព​អាវុធ​ទាំងនោះ​។​

ទន្ទឹម​គ្នា​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ បាន​បន្ត​ទៀត​ថា​ អាវុធ​ដែល​ចោរប្លន់​ប្រដាប់​អាវុធ​បាន​ប្រើប្រាស់​ ទំនងជា​មាន​ប្រភព​ពី​អតីត​ទាហាន​ចូល​និ​វន្ត​ន៍​ ដែល​ព្យាយាម​លាក់​ទុក​អាវុធ​ និង​ទិញ​អាវុធ​ពី​គ្នីគ្នា​ដោយ​លួចលាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ ៖​ «​ការ​ប្រើប្រាស់​អាវុធ​របស់​ពួក​គេ​ គឺ​ប្រើប្រាស់​ខុសច្បាប់​ ហើយ​ប្រភព​របស់​គេ​ហ្នឹង​ច្រើន​តែ​ជា​បក្សពួក​របស់​គេ​ ដែល​គេ​បាន​ប្រើ​នៅ​សល់​នោះ​ គេ​អាច​ចែករំលែក​គ្នា​ គេ​អាច​ដោះ​ដូរ​គ្នា​ តែបើ​ឱ្យ​ទិញ​ពី​ឃ្លាំង​អាវុធ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ដូច​ជា​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ដែល​ឆ្លើយ​ ថា​បាន​ទិញ​អាវុធ​ពី​ក្រសួងការពារជាតិ​ទេ​»​។​

ទាក់ទង​នឹង​ករណី​បង្ក្រាប​ និង​តាម​ចាប់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ ដែល​ធ្វើ​សកម្មភាព​កាលពី​ពេល​ថ្មីៗ​ នេះ​លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​ង​នគរបាល​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​គ្រប់គ្រង​អាវុធ​របស់​ក្រសួងមហាផ្ទៃ​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ខ្លាំង​ ព្រោះ​ក្រសួងមហាផ្ទៃ​មាន​សមត្ថភាព​គ្រប់គ្រង​អាវុធ​តែ​នៅ​ក្នុង​អង្គភាព​ដែល​បាន​ប្រើប្រាស់​ស្របច្បាប់​តែ​ប៉ុណ្ណោះ​។​ លោក​ថា​ បញ្ហា​គ្រប់គ្រង​អាវុធ​មិន​បាន​ល្អ​នេះ​ ជា​បញ្ហា​ចន្លោះ​ប្រហោង​របស់​ក្រសួង​ ហើយ​សូ​ម្បី​មន្ត្រី​មួយ​ចំនួន​ក៏​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ ៖​ «​ច្បាប់​បាន​ណែនាំ​ហើយ​ មិន​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នោះ​ទេ​ សូ​ម្បី​តែ​ក្នុង​អង្គភាព​ ក្នុង​តួនាទី​ឋានន្តរសក្តិ​ដែល​យើង​ប្រើ​ នរណា​ប្រើ​ឯកជន​បាន​ នរណា​អាច​ប្រើ​អាវុធ​អង្គភាព​បាន​ គេ​បែងចែក​ច្បាស់លាស់​ណាស់​។​ ឥឡូវនេះ​ បញ្ហា​របស់​យើង​ត្រង់​ថា​ ការ​គ្រប់គ្រង​នៅ​មាន​ចន្លោះ​ប្រហោង​ អាហ្នឹង​អាច​មាន​អ្នកខ្លះ​ប្រើ​ខុសច្បាប់​ អានេះ​មិន​និយាយ​តែ​ជនល្មើស​ចោរ​ទេ​ សូ​ម្បី​តែ​មន្ត្រីរាជការ​ខ្លះ​ក៏​ប្រើ​ខុសច្បាប់​ដែរ​ ឬ​ឯកជន​ខ្លះ​ក៏​ប្រើ​ខុសច្បាប់​គឺ​យើង​ត្រូវ​រឹត​បណ្តឹង​បញ្ហា​នេះ​»​។​

លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ បាន​និយាយ​ថា​ កន្លង​ទៅ​មន្ត្រី​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ធ្វើការ​ស៊ើបអង្កេត​ និង​កំពុង​តាម​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ ដែល​រត់គេច​ខ្លួន​ ដោយ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ ហើយ​ទន្ទឹម​គ្នា​នេះ​ ក៏​មានការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​ដើម្បី​បង្ហាញ​មុខសញ្ញា​ផង​ដែរ​។​

ក្នុង​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ បាន​និយាយ​ថា​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ ដែល​ធ្វើ​សកម្មភាព​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​ខេត្តកណ្តាល​ បាត់ដំបង​ និង​ខេត្តពោធិ៍សាត់​នោះ​ សមត្ថកិច្ច​ជំនាញ​បាន​កំណត់​មុខសញ្ញា​រួច​អស់ហើយ​ និង​កំពុង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​

សូម​ជម្រាប​ថា​ បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឆ្នាំ​ ២០១៥​ នេះ​ បាន​ថយ​ចុះ​ ១៤%​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៤​។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​៕​

Share

Image
Image
Image