en     km
en     km

មន្ត្រីជាន់ខ្ពស់អតីតCNRPថាលោក សម រង្ស៊ី នឹងមកកម្ពុជាឆាប់ៗនេះ ដើម្បីធ្វើរឿងបីយ៉ាង

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ គឺលោក ឡុង រី​ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី ២ មេសាម្សិលមិញ ដោយអំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានរង់ចាំទទួលលោក សម រង្ស៊ី ដែលនឹងមកកម្ពុជានាពេលឆាប់ៗនេះ ។តាមមន្ត្រីរូបនេះ លោក សម រង្ស៊ី នឹងធ្វើរឿងចំនួន ៣ យ៉ាងណានៅពេលលោកមកដល់កម្ពុជា ។ យ៉ាងណាសម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសម្ដងហើយម្ដងទៀតថា បានត្រៀមកម្លាំងប្រដាប់អាវុធកម្ចាត់ក្រុមលោក សម រង្ស៊ី រួចរាល់ហើយ ។

រាយការណ៍ដោយ លោក សោម លាភ

ការឆ្លងឆ្លើយសារនយោបាយក្ដៅកើតឡើងឥតឈប់ឈរ រវាងគណបក្សកាន់អំណាចនៅកម្ពុជា ជាមួយនឹងអតីតប្រធានគណបក្សប្រឆាំងធំជាងគេ ដែលត្រូវបានតុលាការកំពូលរំលាយ។ កាលពីទី១មេសា សម្ដេចនាយករដ្ឋមន្ត្រីព្រមានកំចាត់លោកសមរង្ស៊ីគឺដូចការកំចាត់ប៉ុលពតបើហ៊ានជាន់ដីកម្ពុជាដែលសម្ដេចកំពុងគ្រប់គ្រងនិងកាន់កាប់។តែជារួមទៅសង្រ្គាមចិត្តសាស្រ្តរបស់អ្នកនយោបាយខ្មែរទាំងពីរមិនបានស្ងប់ស្ងាត់ឡើយ។

ជាក់ស្ដែងនៅថ្ងៃនេះ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ កំពុងនិរទេសខ្លួននៅក្រៅប្រទេស ដូចជាលោកឡុងរី​បានបញ្ជាក់ថាលោក សម រង្ស៊ី នឹងចូលកម្ពុជាដើម្បីឱ្យមានការផ្លាស់ប្ដូរ ។ យ៉ាងណា លោក សម រង្ស៊ី អះអាងជាច្រើនដងថា នឹងមកចាប់នាយករដ្ឋមន្ត្រីកម្ពុជា ។

នេះជាអ្វីដែលក្រុមលោក កឹម សុខា បាននឹងកំពុងឡកលើយដល់ក្រុមលោក សម រង្ស៊ី ថាបានតែបរិយាយ និងជាការធ្វើបក្សប្រហារជាដើម ខណៈដែលពួកគេថាលោក កឹម សុខាទេ ដែលជាអ្នកផ្សះផ្សារជាតិដោយអហឹង្សាយ៉ាងពិតប្រាកដ ។

លោក សម រង្ស៊ី បានប្រកាសថា នឹងវិលចូលកម្ពុជាវិញ ដើម្បីដោះស្រាយបញ្ហានយោបាយដែលជាប់គាំង ។

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានសម្រេចដាក់ផែនការ និងរៀបចំសកម្មភាពរៀបចំឱ្យលោក សម រង្ស៊ី ចូលកម្ពុជាវិញដែរ ។

ពេលខ្លះលោក សម រង្ស៊ី ក៏ធ្លាប់ថ្លែងថា លោកវិលចូលកម្ពុជាវិញដើម្បីផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជាប្រកបដោយសន្តិវិធី ផ្លាស់ប្ដូរជាវិជ្ជមាន ។

មកដល់ដើមខែមេសានេះ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ អំពាវនាវតាមរយៈទំព័រហ្វេសបុករបស់លោក ឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចាំទទួលលោក សម រង្ស៊ី ដែលនឹងធ្វើមាតុភូមិនិវត្តន៍ក្នុងពេលឆាប់ៗនេះ ។

លោកថា លោក សម រង្ស៊ី ដែលនឹងវិលចូលកម្ពុជានេះ នឹងធ្វើនូវរឿងមួយចំនួនដូចជា ៖  ទាមទារយកដីធ្លី គឺស្រែ ចំការ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលលោកថា អាជ្ញាធរកម្ពុជា និងឈ្មួញរំលោភយកពីពួកគាត់មកវិញ ។

ជាងនេះ គឺទាមទារឲ្យលុបចោលសម្បទានដីធ្លី សម្បទានព្រៃឈើ និងសម្បទានរ៉ែ រយៈពេលរាប់សិបឆ្នាំ រហូតដល់ទៅ ៩៩ ឆ្នាំ ដែលថ្នាក់ដឹកនាំកម្ពុជា បានប្រគល់ឲ្យក្រុមហ៊ុនបរទេស ។ លោកថា នឹងប្រមូលទ្រព្យសម្បត្តិជាតិទាំងនោះ យកមកបែងចែកជូនប្រជារាស្ត្រតូចតាច ក្នុងលក្ខណៈជាគ្រួសារ ឬក៏យកមកគ្រប់គ្រងសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។

លោកបន្ថែមថា ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក៏ដើម្បីអន្តរាគមន៍លុបបំបាត់បំណុលទាំងឡាយ របស់ប្រជារាស្ត្រ ដែលបានធ្លាក់ខ្លួនក្រ ។

សម្ដី ឬសេចក្ដីថ្លែងការណ៍ ឬសារនយោបាយទាំងឡាយ ដែលចេញមកពីក្រុមអ្នកនិយមលោក សម រង្ស៊ី ត្រូវបានទទួលការរិះគន់ពីក្រុមនិយមកឹម សុខា ជារឿយៗ ។

បើទោះបីជាលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ក្នុងន័យយ៉ាងណាក៏ដោយ ក៏អាចនៅតែមានភាពលំបាក ព្រោះនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញផែនការកម្ចាត់រួចរាល់ជាស្រេចហើយ ដែលនេះជាចេតនាគម្រាមលោក សម រង្ស៊ី មិនឱ្យចូលប្រទេសកំណើតវិញ ។

ជាក់ស្ដែង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីថា ក្រុមលោក សម រង្ស៊ី មកកម្ពុជា គឺជាសកម្មភាពបដិវត្តន៍ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដែលបានមកពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។

ជាដាច់ខាត នាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវតែកម្ចាត់ក្រុមលោក សម រង្ស៊ី ឱ្យខានតែបានបើទោះបីជាធ្វើក្នុងរូបភាពណាក៏ដោយ ។

កន្លងមកសម្ដេច ហ៊ុន សែន ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធ កងទ័ព ត្រូវការពាររាជរដ្ឋាភិបាលឱ្យបានគង់វង្ស ។

សម្ដេចបញ្ជាឱ្យកងទ័ពទាំងអស់ ប្រឆាំង ទប់ស្កាត់ កម្ទេចក្រុមបដិវត្តន៍ពណ៌ទាំងនេះ ទោះបីជាមានស្លាប់មនុស្សក៏ដោយ  ។

ជាងនេះ សម្ដេចក៏បញ្ជាក់ថា បានត្រៀមកាំភ្លើងធំតាមព្រំដែនរួចហើយចាំបាញ់លោក សម រង្ស៊ី ។

សារចុងក្រោយនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងកម្ទេចក្រុមលោក សម រង្ស៊ី ឱ្យដូចប៉ុល ពត ។

យ៉ាងណា អ្នកវិភាគថា អ្នកនយោបាយទាំងពីរគួរបញ្ឈប់សារនយោបាយហឹង្សារ បញ្ឈប់ការគុំគួនគ្នា បញ្ឈប់ទម្លាប់នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីឱ្យអស់ ព្រោះគ្មានផលចំណេញអ្វីឡើយសម្រាប់កម្ពុជាឡើយ ។

បណ្ដាអ្នកវិភាគ សង្គមស៊ីវិល និងមជ្ឈដ្ឋានសាធារណៈជនចង់ឃើញមានការសម្របសម្រួលនយោបាយដើម្បីប្រយោជន៍កម្ពុជា និងប្រជាជាតិនៃប្រទេសនេះ ។

សម្ដេច ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សប្រឆាំង ធ្លាប់បង្ហាញពីជំហរមិនផ្សះផ្សារឬសម្របសម្រួលគ្នានោះទេ ពោលគឺសម្ដេច ថា មិនចរចាជាមួយបក្សប្រឆាំងទេ ហើយលោក សម រង្ស៊ីថា មិនមែននាយករដ្ឋមន្ត្រីចរចាជាមួយគណបក្សប្រឆាំងទេ តែចរចាជាមួយអន្តរជាតិ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image