en     km
en     km

ព្រះពុទ្ធបដិមាចំនួន ២អង្គនៅប្រាសាទប្រែរូបទទួលបានការជួសជុល

Share

ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់គេហទំព័រអាជ្ញាធរអប្សារានៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា អ្នកជំនាញខ្មែរខាងអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ កំពុងដំណើរការជួស ជុលចម្លាក់ព្រះពុទ្ធបដិមាចំនួនពីរអង្គស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។

តាម លោក ឡុង ណារី ប្រធានគម្រោងជួសជុលបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ពីពេលវេលា និងមូលហេតុដែលព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានការខូចខាតដោយសារអ្វីឡើយ។ ផ្អែកតាមស្លាកស្នាមជាក់ស្តែង ចម្លាក់ពុទ្ធបដិមាទាំងពីរអង្គនេះ គឺត្រូវបានជួសជុលម្តងរួចទៅហើយ ប្រហែលជានៅសតវត្សរ៍ទី១៦ ដែលគេប្រើដែកស្នូលមានរាងជ្រុងសម្រាប់តភ្ជាប់ខុសពីការជួសជុលនៅសម័យបារាំងដែលប្រើស្ពាន់និងដែកសសៃមូល។

គួរបញ្ជាក់ដែរថា សភាពនៃព្រះពុទ្ធបដិមាពីរអង្គ គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពី ថ្មភក់ក្នុងរចនាបទបាយ័ន ។

តាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អនិងរចនាបថបង្ហាញថាព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា លោកតាសៅ៕

Share

Image
Image
Image