en     km
en     km

ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិនឱ្យរដ្ឋមន្ត្រីទេសចរណ៍មកជួបថ្នាក់ដឹកនាំកម្ពុជា 

Share

ភ្នំពេញ៖ ប្រធានាធិបតី លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង បានបញ្ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន មកជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់នាយករដ្ឋមន្ត្រីកម្ពុជា ។

ជំនួបនេះធ្វើឡើងនៅថ្ងៃទី ៣០ មករានេះ ក្រោយពេលដែលសម្ដេច ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការនៅចិនកន្លងមក។

នាឱកាសនោះ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាំពាក្យពីលោក ស៊ី ជីនពីង ថាដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅចិន គឺជាការដើរផ្លូវមួយដ៏ត្រឹមត្រូវសម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បញ្ជាក់ប្រាប់សម្ដេច​ ហ៊ុន សែន​ ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះជាណាចក្រកម្ពុជាពេលនេះ គឺតាមការអនុញ្ញាតពីលោក ស៊ី ជិនពីង ក៏ដូចជា លោក លី​ ខឺឈាំង ។

លោកថា ការមកកម្ពុជានេះ គឺមានគោលបំណងដើម្បីប្រកាសនៅឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា ។

លោក ឡ ស៊ូកាង ថា លោកនឹងធ្វើការ ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍ឆ្នាំ២០១៩ នេះ រួមមានការរៀបចំឲ្យមានរបាំ និងសកម្មភាពផ្សេងៗទៀត ។

សម្ដេច ហ៊ុន សែន គាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ។

នាយករដ្ឋមន្ត្រីកម្ពុជា បា្រប់ទៅលោក ឡ ស៊ូកាងថា គប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍ និងវប្បធម៌យើង២០១៩នេះ អោយមានភាពរស់រវើក រួមទាំងពិនិត្យមើលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺកម្ពុជា-ចិន ដែលមានតាំងពីអតីតកាលក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ ។

កាលពីថ្ងៃទី ២៩ មករា ម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញនូវផែនការយុទ្ធសាស្ត្រមួយចំនួ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ពិសេសគឺជនជាតិចិន ។ ផែនការទាំងនោះមានដូចជា បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍, ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍, ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ឲ្យកាន់តែខ្លាំង និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធ Online  ។

កាលពីឆ្នាំ ២០១៧ ទេសចរចិនមកកម្ពុជាមានចំនួនជាង ១ លាននាក់ ឬស្មើនឹង ២១.៦% នៃចំនួនទេសចរសរុប  កើនឡើង ៤៥.៩%។ ឆ្នាំ២០១៨ ទេសចរចិនមានប្រមាណ ២លាននាក់ ឬស្មើនឹង ៣០.៦% នៃចំនួនទេសចរសរុប កើនឡើង ៧០%។
ទេសចរចិនមកកម្ពុជាស្ថិតក្នុងលំដាប់លេខ១ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងចំណោមទីផ្សារធំៗទាំង១០ ៕ 

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image