ភ្នំពេញ៖ ដំណើទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូតឺតេ មកកម្ពុជាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ បានផ្ដើមឱ្យមានការចោទសួរជាច្រើន ពីផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រីដោយលោកយល់ថា តាមរយៈទស្សនកិច្ចរបស់លោក Duterte គឺកម្ពុជាគួរតែសំឡឹងមើលហ្វីលីពីននូវចំណុចល្អមួយចំនួន ដែលកម្ពុជាអាចយកមកអនុវត្ដបាន។ លោកថាជាក់ស្ដែងដូចជាករណីបោសសំអាតគ្រឿងញៀន នឹងការតាំងចិត្ដក្នុងនាមជាមេដឹកនាំដែលគិតគូរពីប្រយោជន៍ជាតិជាងប្រយោជន៍ផ្ទាល់ខ្លួន។
តែយ៉ាងនេះក្ដីអ្នកវិភាគរូបនេះយល់ថា ហ្វីលីពីនមានចំណុចល្អមួយចំនួនក៏ពិតមែនតែពីចំណុចដែលកម្ពុជាមិនគួរយកគំរូតាមផងដែរដូចជា ការបដិសេធចំណងទាក់ទងជាមួយបរទេស ដែលករណីនេះលោកថា ទង្វើនេះគឺជាការធ្វើឲ្យប្រទេសដើរថយក្រោយ។ នៅពេលជាមួយគ្នានេះលោកយល់ថាលោក ឌូតឺតេ អាចពិភាក្សា ជាមួយមេដឹកនាំខ្មែរពីរឿងទំនាស់នៅសមុទ្រចិនខាងត្បូងគឺក្នុងបំណងដើម្បីឲ្យកម្ពុជាគាំទ្រខ្លួន គឺធ្វើយ៉ាងណា អាចទាញផលប្រយោជន៍ពីចិនមកវិញ៕