en     km
en     km

បណ្តាញ​ស្ត្រី​ប្តេជ្ញា​ក្រោកឈរ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ខណៈ​អំពើ​ហិង្សា​នៅ​តែ​បន្ត​កើន​ទ្បើ​ង​(មានសំឡេង)

Share

​ភ្នំពេញ៖ ក្រុម​ស្ត្រី​មក​ពី​វិស័យ​ការងារ​ផ្សេងៗ​គ្នា​ បាន​មក​ជួបជុំ​គ្នា​ក្នុង​វេទិកា​យុទ្ធនាការ​ ១៦​ថ្ងៃ​បំពាក់​បូរ​ពណ៌​ស​ លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ក្រោម​ប្រធានបទ​«​ការ​ក្រោកឈរ​របស់​ស្ត្រី​ប្រឆាំង​អំពើ​ហិង្សា​»​។​ ក្នុង​វេទិការ​នេះ​ក្រុម​ស្ត្រីៗ​បាន​លើក​ឡើង​ ដោយ​ប្តេជ្ញា​ចិត្ត​ដើរទៅ​មុខ​ប្រឆាំង​រាល់​រូបភាព​ក្នុង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​។​ ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ទ្បើ​ង​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ នៅ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​ រាជធានី​ភ្នំពេញ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍៖

 

woman-vio5​ខណៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​នៅ​តែ​បន្ត​កើន​ទ្បើ​ង​ច្រើន​នៅ​ទ្បើ​យ​ ក្រុម​បណ្តាញ​ស្ត្រី​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​ពង្រឹង​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​បញ្ហា​នេះ​។​ តែ​យ៉ាងណា​ មន្ត្រី​រដ្ឋាភិបាល​រក​ឃើញ​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​មានការ​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុនៗ​។​

​អ្នកស្រី​ ស្រ៊ី​ ចំ​រ៉ុ​ង​ អ្នកបំរើ​ការ​ផ្សព្វផ្សាយ​ស្រា​បៀ​មួយ​រូប​ បាន​លើក​ទ្បើ​ង​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​គឺជា​រឿង​សំខាន់​ដែល​រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ត្រូវ​តែ​យកចិត្តទុកដាក់​។​ អ្នកស្រី​ ចំ​រ៉ុ​ង​ បន្ត​ថា​កន្លង​មក​អ្នកស្រី​ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​ដោយ​ពាក្យ​សម្តី​ពី​ភ្ញៀវ​ផង​ដែរ​ ប៉ុន្តែ​អ្នកស្រី​បាន​ដោះស្រាយ​បញ្ហា​នោះ​ដោយ​សន្តិវិធី​។​ ទោះបីជា​ដូចនេះ​ក្តី​ អ្នកស្រី​នៅ​តែ​មានការ​ភ័យ​ខ្លាច​ពី​ការ​ទទួល​រង​អំពើ​ហិង្សា​ពី​ភ្ញៀវ​ផង​ដែរ​។​ បញ្ហា​នេះ​អ្នកស្រី​សូម​ស្នើ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​ដោះស្រាយ​ពី​ករណី​នេះ​។​

អ្នកស្រី​ ស្រ៊ី​ ចំ​រ៉ុ​ង​៖ «​ភ្ញៀវ​សម្តី​គាត់​លេប​ខា​យ​ជាមួយ​យើង​ពាក្យ​សម្តី​ជួនណា​បបួល​យើង​ទៅ​ដេក​ជាមួយ​យើង​អ​ញ្ចឹ​ង​ប៉ុន្តែ​ខ្ញុំ​ថា​អត់​អ​ញ្ចឹ​ង​ទេ​ខ្ញុំ​លក់​តែ​ស្រា​បៀ​ទេ​ខ្ញុំ​អត់​មាន​ទៅ​លក់ខ្លួន​អី​នោះ​ទេ​ខ្ញុំ​អត់​អ​ញ្ចឹ​ង​ទេ​កុំ​និយាយ​ជាមួយ​ខ្ញុំ​អ​ញ្ចឹ​ង​ ខ្ញុំ​ចង់ឱ្យ​ក្រសួង​គាត់​មើល​ពី​បញ្ហា​ខាង​ស្ត្រី​ផ្សព្វផ្សាយ​ពេល​យប់​ផង​ដោយសារ​ធ្វើការ​ពេល​យប់​ហើយ​អត់​សុ​វត្ថ​ភាព​ទៀត​ហើយ​ប្រាក់ខែ​បាន​ទាប​ទៀត​ គ្រាន់តែ​ផ្ទះ​គេ​ ហើយ​ថ្លៃ​ហូប​ចុក​មិន​ចង់​គ្រប់​ផង​»​ ។​

​ចំណែក​អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ (CFSWF)​ អ្នកស្រី​ អ៊ូ​ ទេព​ផ​ល្លី​ន​ មាន​ប្រសាសន៍​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​មានការ​កើន​ទ្បើ​ង​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​។​ តែ​អ្នកស្រី​ ផ​ល្លី​ន​ ថា​ស្ត្រី​មាន​ឆន្ទៈ​ខ្លាំង​ជាង​មុន​គួរ​ឱ្យ​សរសើរ​ក្នុង​ការ​រើ​បម្រាស​ប្រឆាំង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួក​គេ​ តាម​រយៈ​ការ​ស្វែង​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព​ និង​ផ្លូវច្បាប់​។​ អ្នកស្រី​ ផ​ល្លី​ន​ បន្ត​ថា​ ភាព​ឈឺចាប់​របស់​ស្ត្រី​ដែល​រង​នូវ​អំពើ​ហិង្សា​នេះ​ អាច​បណ្តាល​ឱ្យ​ពួក​គេ​ហ៊ាន​បញ្ចេញមតិ​រិះគន់​ផ្សេងៗ​ទៅ​ដល់​បុគ្គល​ទាំង​ទ្បា​យ​ដែល​គាបសង្កត់​ទៅ​លើ​ពួក​គាត់​។​

​អ្នកស្រី​ ផ​ល្លី​ន​ គូសបញ្ជាក់​ដែរ​ថា​ ទោះបីជា​រាជរដ្ឋាភិបាល​នា​ពេល​កន្លង​មក​ ចេញ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្រី្ត​យ៉ាងណា​ក៏​ដោយ​ តែ​ការ​អនុវត្ត​ការងារ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ «​ខ្ញុំ​មើលឃើញ​ថា​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ ហើយ​ការ​យកចិត្តទុកដាក់​ភាគច្រើន​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​យើង​មើលឃើញ​តាម​រយៈ​គាត់​ផ្តោត​ទៅ​លើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ច្រើន​ជាង​ អំពើ​ហិង្សា​នៅ​កន្លែងធ្វើការ​ងារ​នឹង​នៅ​តាម​ទី​សាធារណៈ​ហើយ​យើង​មើលឃើញ​ថា​អំពើ​ហិង្សា​នៅ​កន្លែង​ការងារ​បច្ចុប្បន្ន​គឺ​ច្រើន​ណាស់​ដូច​យើង​មើលឃើញ​តាម​វិស័យ​ការងារ​មួយៗ​គឺ​ច្រើន​មែនទែន​»​។​

​រីឯ​ប្រធាន​កម្មវិធី​ស្តីទី​អង្គការ​ អាក់​សិន​អេ​ត​កម្ពុជា​ អ្នកស្រី​ អ៊ូ​ សុភា​រី​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ថា​ វេទិកា​នេះ​នឹង​ធ្វើ​ឱ្យ​ស្ត្រី​កាន់តែ​ពង្រឹង​ការ​ក្រោកឈរ​ទ្បើ​ង​បន្ថែម​ទៀត​ ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​។​ អ្នកស្រី​ សុភា​រី​ សង្កេត​ឃើញ​ថា​ អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​នៅ​មិន​ទាន់​មានការ​ថយ​ចុះ​នៅ​ទ្បើ​យ​នោះ​ទេ​ ដោយ​អ្នកស្រី​ថា​ ស្ត្រី​ខ្លួនឯង​ត្រូវ​ក្រោកឈរ​ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ហើយ​ស្ថាប័ន​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​ចូលរួម​ពង្រឹង​ច្បាប់​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ ឈាន​ទៅ​រួមចំណែក​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​។​

អ្នកស្រី​ អ៊ូ​ សុភា​រី​ ៖«​ដល់​ពេលវេលា​មួយ​ដែល​ស្ត្រី​ត្រូវ​ចាប់ផ្តើម​និយាយ​ថា​ទេ​ចំពោះ​អំពើ​ហិង្សា​យើង​អត់​អាច​នៅ​បន្ត​អ​ញ្ចឹ​ង​ទៀត​ទេ​ បើសិនជា​យើង​អត់​ធ្វើ​អ្វី​ម្យ៉ាង​វា​នឹង​បន្ត​អ​ញ្ចឹ​ងរ​ហូត​តទៅ​ នៅ​ពេល​មាន​អំពើ​ហិង្សា​កើត​ទ្បើ​ង​ចំពោះ​ស្ត្រី​ជា​ខ្លួន​យើង​ក្តី​ មិត្ត​ភក្ត្រ​យើង​ក្តី​ ស្ត្រី​ណា​ម្នាក់​ក្តី​គឺ​យើង​ត្រូវ​តែ​ចោទសួរ​ថា​ហេតុ​អី​បានជា​មាន​អំពើ​ហិង្សា​ហ្នឹងហើយ​ទាមទារ​ឱយ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ហ្នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ព្រោះ​ច្បាប់​យើង​មាន​ត្រឹមត្រូវ​ហើយ​សិទ្ធិ​ស្ត្រី​មាន​ត្រឹមត្រូវ​អស់ហើយ​ គ្រាន់តែ​ទាមទារ​ឱ្យ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​អនុវត្ត​ច្បាប់​នោះ​ឱ្យ​មាន​ពិតប្រាកដ​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ កាលពី​ពេល​ថ្មីៗ​នេះ​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ លោក​ ភួង​ សុ​ភី​ មាន​ប្រសាសន៍​ថា​ រឿង​នេះ​ក្រសួងមហាផ្ទៃ​តែងតែ​យកចិត្តទុកដាក់​ និង​បង្កើត​វេទិកាសាធារណៈ​ជា​រៀង​រាល់​ខែ​ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ ជា​ពិសេស​ផ្សព្វផ្សាយ​ពី​ការ​លើកកម្ពស់​ស្ត្រី​ជាដើម​។​

woman-vio6តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​រក​ឃើញ​ថា​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ លោក​ ភួង​ សុ​ភី​ បន្ត​ថា​ អត្រា​ថយ​ចុះ​នេះ​ដោយសារ​ស្ថាប័ន​ពាក់ព័ន្ធ​ ដូច​ជា​ក្រសួង​កិច្ចការ​នារី​ ក្រសួងមហាផ្ទៃ​ អង្គ​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​ បាន​ជួយ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​ចុះ​អនុវត្ត​ការងារ​ដោយ​ផ្ទាល់​ ទៅ​ដល់ទី​កន្លែង​ពលរដ្ឋ​ ដើម្បី​ពន្យល់​ពួក​គេ​បាន​យល់​ដឹង​ពី​ការ​ទប់ស្កាត់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​លោក​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ក្នុងឆ្នាំនេះ​អគ្គ​នគរបាល​ជាតិ​គាត់​បាន​ដាក់​ផែនការ​ថ្មី​គឺ​ដាច់​ឆ្នាំ​ត្រូវធ្វើ​ស​ន្និ​បាទ​តាម​នាយកដ្ឋាន​រៀងៗ​ខ្លួន​ ធ្វើ​ស​ន្និ​បាទ​បូក​សរុប​រៀងៗ​ខ្លួន​ហើយ​ស្នងការ​រង​ទូ​ទាំង​ប្រទេស​ត្រូវ​ទ្បើ​ង​មក​ទទួល​កិច្ច​ការងារ​ហ្នឹង​ មក​ចូលរួម​ការងារ​ហ្នឹង​អ​ញ្ចឹ​ង​តាម​នាយកដ្ឋាន​មួយៗ​គេ​ត្រូវធ្វើ​ផែនការ​បូក​សរុប​អំពី​សកម្មភាព​ការងារ​ហ្នឹង​អ​ញ្ចឹ​ង​របាយការណ៍​ បាន​បង្ហាញ​ថា​អំពើ​ហិង្សា​លើ​ស្ត្រី​ អំពើ​ហិង្សា​ទាក់ទង​នឹង​ផ្លូវភេទ​ត្រូវ​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​»​។​

​យោង​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ការ​កាត់​បន្ថយ​ និង​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​របស់​រាជរដ្ឋាភិបាល​ ២០១៥-២០៣០​ មាន​វិធានការ​ដូច​ជា​ ៖​ លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ និង​កុមារ​គ្រប់​ទីកន្លែង​ ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ ក្មេង​ស្រី​ទាំងអស់​នៅ​ក្នុង​វិស័យ​សាធារណៈ​។​ វិស័យ​ឯកជន​ត្រូវ​ជួយ​ធានា​ឱ្យ​មានការ​ចូលរួម​ពេញលេញ​ និង​មាន​ប្រសិទ្ធិ​ភាព​ពី​សំណាក់​ស្ត្រី​ និង​ទទួល​បាន​ឱកាស​ស្មើគ្នា​ក្នុង​ជីវភាព​ជា​អ្នកដឹកនាំ​ នៅ​គ្រប់​កម្រិត​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ទាក់ទង​នឹង​នយោបាយ​ សេដ្ឋកិច្ច​ និង​ជីវិត​សាធារណៈ​ជាដើម​៕

Share

Image
Image
Image