en     km
en     km

នគរបាល​ចរាចរណ៍​នឹង​ចាប់​អនុវត្ត​អនុក្រឹត្យ​ថ្មី​ពី​ថ្ងៃ ​១ ឧសភា​ ដោយ​ប្រាក់​ពិន័យ​កើនឡើងពី៣ ទៅ៥ ដង ចំពោះ​អ្នក​បើកបរ​ល្មើស​ច្បាប់

Share

ភ្នំពេញ៖ នគរបាល​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ដែល​បាន​កំណត់​អំពី​ការ​ផាក​ពិន័យ​កើន​ដល់ ​៣ ​ដង ​ឬ​ទៅ​ដល់ ​៥ ​ដង​នៃ​អនុក្រឹត្យ​ចាស់ ចំពោះ​អ្នក​បើកបរ​ល្មើស​ច្បាប់​​ចាប់​ពី​ថ្ងៃទី ០​១ ខែ​ឧសភា ឆ្នាំ២០២០ ខាង​មុខ​នេះ​។ ​មន្ត្រី​រំពឹង​ថា ការ​បន្ថែម​ប្រាក់​ផាក​ពិន័យ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​នេះ ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​​

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​​បាន​ចេញនូវ​សេចក្ដី​ជូន​ដំណឹង​នៅ​ពី​ថ្ងៃទី ​១៧ ខែ​មេសា ឆ្នាំ២០២០ដោយបានគូសបញ្ជាក់ថានៅ១ត្រីមាសនៃឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានថយចុះ១៥០លើក ស្មើ១៤ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ ស្មើ៤ភាគរយ និងអ្នករបួស បានថយចុះ២៧៧នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០១៩ ហើយដើម្បីជាវិធានការការពារបន្ត ​ចាប់​ពី​ថ្ងៃ​ទី ០​១ ខែ​ឧសភា ឆ្នាំ២០២០ខាងមុខនេះ ​កង​កម្លាំង​នគរបាល​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​ផាក​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបានបង្កើនពី៣ទៅ៥ដងឯណោះ បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញឲ្យមានការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។

យោងតាមសេចក្ដី​ជូន​ដំណឹង​ដដែលនេះបានឲ្យដឹងថា«​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ​ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង​ អ្នក​ដទៃ ​ប្រកប​ដោយ​ឆន្ទៈ​ភ្ញាក់​រឭក​ខ្ពស់​ ​សំដៅ​លើក​ស្ទួយ​កិត្តិយស ​សេចក្ដី​ថ្លៃថ្នូរ​ និង​សណ្ដាប់​ធ្នាប់​​សង្គម​នៅ​ព្រះរាជាណាចក្រកម្ពុជា​»​។​​​

យោង​តាម​អនុក្រឹត្យ​ថ្មី​ការ​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព​ ​ឬ​ពាក់​មួក​មិន​បាន​ត្រឹមត្រូវ​ ​ត្រូវ​ពិន័យ​ទឹក​ប្រាក់​កើន​ដល់ ​៦ ​ម៉ឺន​រៀល​។​

ចំពោះ​ការ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ ​ដែល​មាន​អត្រាជាតិ​អាល់កុល​ចាប់​ពី ​០,៤០ ​មិល្លី​ក្រាម​ក្នុង ​១ ​លីត្រ​ខ្យល់​ ​ឬ​ពី ​០,៨០ ​ក្រាម ​ក្នុង ​១ លីត្រ​ឈាម​ឡើង​ទៅ​ ​នឹង​ត្រូវ​ពិន័យ​ចំនួន ​១ ​លាន​រៀល​សម្រាប់​អ្នក​បើកបរ​ទោចក្រ​យានយន្ត ​និង​ត្រីចក្រ​យានយន្ត​។ ពិន័យ​ចំនួន ​២ ​លាន​សម្រាប់​អ្នក​បើកបរ​រថយន្ត​ធុន​ស្រាល ​និង ​៤ ​លាន​រៀល ​សម្រាប់​អ្នក​បើក​បរ​រថយន្ត​ធុនធ្ងន់​។​

ប្រសិន​បើ​ក្នុង​រយៈពេល ​៦ ​ខែ​ ​អ្នក​បើកបរ​បាន​ប្រព្រឹត្ត​ល្មើស​ដោយ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន ​២ ​ដង​ ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ ​ដោយ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នឹង​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។​

សូមជម្រាបថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំ ​២០២០ ​ជា​ឆ្នាំ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​អតិបរមា​ ​បន្ទាប់​ពី​បាន​កើន​ឡើង​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ ​២០១៩ ​ដែល​មាន​អ្នក​ស្លាប់​កើន​ឡើង ​២២០ ​នាក់​ ​ស្មើ​នឹង ​១២% ​និង​អ្នក​របួស​កើន​ឡើង ​១ ៣៧១ ​នាក់​ ​ស្មើ​នឹង ​២៩% ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ​២០១៨​៕

អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image