en     km
en     km

តុលាការ​​កោះហៅ​ ​លោក​​ កឹ​ម​​ សុខា​​ និង​​អ្នក​តំណាង​​រាស្ត្រ​​២​​រូប​ទៀត

Share

ភ្នំពេញ ៖ ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ កែវ​ សុ​ជាតិ​ បាន​ចេញ​ដីការ​កោះហៅ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទ​បរិហា​កេរ្តិ៍​ ខណៈ​អ្នកតំណាង​រាស្ត្រ​២​រូប​ទៀត​កោះហៅ​ករណី​ ពេស្យាចារ​ ។​

Kem-Sokah-pr-Svay-Rieng
លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​

ការ​កោះហៅ​លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​បន្ទាប់​ពី​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ឡើង​តុលាការ​ កាលពី​ថ្ងៃ​ ២៧​មេ​សា​ ទទូច​ឱ្យ​តុលាការ​ផ្តន្ទាទោស​លោក​ កឹ​ម​ សុខា​ តាម​អំណាច​របស់​តុលាការ​ ហើយ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​ពី​លោក​ កឹ​ម​ សុខា​ ។​  តាម​ដីការ​ដែល​គេហទំព័រ​ Fresh​ News​ បាន​ចុះ​ផ្សាយ​មុន​នេះ​ គឺ​លោក​ កឹ​ម​ សុខា​ ត្រូវ​ចូលខ្លួន​ថ្ងៃ​ទី​១១​ឧសភា​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ ។​​

​ជាមួយ​គ្នា​នេះ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ ក៍បាន​ចេញ​ដីការ​កោះហៅ​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ លោក​ ពិន​ រតនា​ និង​ លោក​ តុ​ វ៉ា​ន់​ចាន់​ តំណាងរាស្ត្រ​ខេត្តកណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចា​រ្យ​ នៅ​ថ្ងៃ​ទី​ ១៦​ខែឧសភា​ ខាង​មុខ​នេះ​។​​

​នៅ​ក្នុង​ដីកា​រដាច់​ដោយឡែក​ពី​គ្នា​នោះ​ បាន​បង្គាប់​ឲ្យ​ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ លោក​ ពិន​ រតនា​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ចូល​បំភ្លឺ​ថ្ងៃ​ទី​ ១៦​ខែឧសភា​ វេលា​ម៉ោង​ ២​និង​៣០​ នាទី​រសៀល​ ។​ ចំណែក​ លោក​ តុ​ វ៉ា​ន់​ចាន់​ នៅ​ម៉ោង​ ៩​ ព្រឹក​ ថ្ងៃ​ដដែល​ ។​​

​ដីការ​របស់​តុលាការ​ កោះហៅ​ លោក​ កឹ​ម​ សុខា​ គឺ​ពាក់ព័ន្ធ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ចោទ​មេដឹកនាំ​ បក្ស​ប្រឆាំង​រូប​នេះ​ ពាក់ព័ន្ធ​នឹង​សំឡេង​ខ្សែអាត់​សេ្ន​ហា​ ជាមួយ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ និយាយ​ពាក់ព័ន្ធ​ឈ្មោះ​ កញ្ញា​  ត្រង់​ចំនុច​ដែល​កញ្ញា​ថា​ និយាយ​វាយប្រហារ​កញ្ញា​ ។​ ចំណែក​ អ្នកតំណាង​រាស្ត្រ​២​រូប​ទៀត​គឺ​ ដីការ​តុលាការ​មិន​បាន​ បញ្ជាក់​ថា​ពាក់ព័ន្ធ​អ្វី​ឡើយ​ ។​ ប៉ុន្តែ​ ទំនង​ពាក់ព័ន្ធ​នឹង​ កញ្ញា​ស្រី​មុំ​ នេះ​ដែរ​ ៕​

Share

Image
Image
Image