en     km
en     km

ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​បន្ត​ស្វែងរក​យុត្តិធម៌​(មានសំឡេង)

Share

ភ្នំពេញ៖ ក្រុម​ជន​រង​គ្រោះ​បាន​មក​ជួបជុំ​គ្នា​ នៅ​ថ្ងៃ​ទី​០៣​ មក​រា​ ឆ្នាំ​២០១៧​នេះ​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ព្រឹត្តិការ​បង្ក្រាប​បាតុកម្ម​កាលពី​ខែមករា​ ឆ្នាំ​២០១៤​។​ ដំណាលគ្នា​នោះ​ពួក​គេ​បាន​ទាមទារ​រក​យុត្តិធម៌​ជា​ថ្មី​ម្តងទៀត​។​ តទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖


von-pov-4
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានរងគ្រោះដោយអំពើហឹង្សាលើផ្លូវវេងស្រេង

លោក​ វ៉​ន​ ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​រំលឹក​ឡើង​វិញ​ពី​បទ​ពិសោធន៍​ដែល​លោក​បាន​ឆ្លងកាត់​ក្នុងអំឡុងពេល​ដែល​លោក​ត្រូវ​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ ខេត្តកំពង់ចាម​។​​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ​ក្នុង​ចំណោម​ជន​ត្រូវ​ចាប់ខ្លួន​សរុប​ចំនួន​២៣​នាក់​ក្នុង​ព្រឹត្តិការ​បង្ក្រាប​បាតុកម្ម​កាលពីដើម​ខែមករា​ឆ្នាំ​២០១៤​ នៅ​លើ​ផ្លូវ​វ៉េ​ង​ស្រេង​ ជាយ​រាជធានី​ភ្នំពេញ​។​

​ក្រុម​កម្មករ​រោងចក្រ​ជា​ច្រើន​ពាន់​នាក់​បាន​តវ៉ា​ទាមទារ​តម្លើង​ប្រាក់ខែ​ឲ្យ​បាន​ដល់​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ក្រោយមក​ពួក​គេ​ត្រូវ​ក្រុម​សមត្ថកិច្ច​បង្ក្រាប​។​ ការ​បង្ក្រាប​បណ្តាល​ឲ្យ​កម្មករ​៤​នាក់​ត្រូវ​បាញ់​សម្លាប់​ កម្មក​ម្នាក់​បាត់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ​និង​មនុស្ស​ចំនួន​ ៤០​នាក់​រង​របួស​។​​តុលាការ​បាន​ផ្តន្ទាទោស​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​បួន​ឆ្នាំ​ ប៉ុន្តែ​ការ​អនុវត្តន៍​ទោស​ភាគច្រើន​ត្រូវ​ព្យួរ​និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល​។​

​លោក​ វ៉​ន​ ពៅ​ បាន​ច្រៀង​រៀបរាប់​រឿងរ៉ាវ​ដែល​លោក​បាន​ជួប​ប្រទះ​អំឡុង​ពេល​ចាប់ខ្លួន​ និង​រស់នៅ​ក្នុង​ពន្ធនាគារ​ ដោយ​ប្រៀបធៀប​រូប​លោក​ថា​ត្រូវ​គេ​ចាត់​ទុកដូចជា​«​សត្វ​ធាតុ​»​។​

​នៅ​ពេល​នេះ​លោក​ វ៉​ន​ ពៅ​ ត្រូវការ​យុត្តិធម៌​ចំពោះ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​លោក​គ្មាន​កំហុស​នោះ​។​

​លោក​វ៉​ន​ ពៅ​៖«​គឺ​យើង​ចង់បាន​ដាក់ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​ហឹ​ង្សា​ផ្ទាល់​ យើង​ឃើញ​រូបភាព​នៅ​ខាងក្រោយ​ខ្នង​នេះ​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្តិ​គឺ​ទាហាន​ឆ័​ត្រ​យោង​៩១១​ និង​ជន​ដៃដល់​មួយ​ចំនួន​ ហើយ​ត្រូវ​តែ​សង​សំណង​នៃ​របួស​ផ្លូវចិត្ត​ និង​របួស​ផ្លូវ​កាយ​ មាន​ន័យ​ថា​ត្រូវ​តែ​មាន​សំណង​ព្យាបាល​ជំងឺ​របស់​យើង​ឱ្យ​ជា​សះស្បើយ​ ហើយ​សំខាន់​ត្រូវ​តែ​ដាក់ទោស​ទណ្ឌ​អំពើ​ហឹ​ង្សា​ផ្ទាល់​»​។​

​ក្រៅពី​លោក​ វ៉​ន​ ពៅ​ មាន​ជន​ដែល​ត្រូវ​ចាប់ខ្លួន​មួយ​ចំនួន​ទៀត​កំពុង​រង់ចាំ​យុត្តិធម៌​។​ អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​មួយ​ចំនួន​បាន​បាត់បង់​របស់ទ្រព្យ​ផ្ទាល់ខ្លួន​និង​បាត់បង់​ការងារ​ដែល​ជា​មុខរបរ​ចិញ្ចឹម​គ្រួសារ​យ៉ាង​សំខាន់​។​

​ស្ថិត​ក្នុង​ចំណោម​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃនេះ​ លោក​ សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​ អតីត​បុគ្គលិក​ អង្គការ​សង្គម​ស៊ី​វិល​មួយ​រូប​។​ លោក​បាន​ទៅ​ឃ្លាំមើល​ការ​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ​របស់​ក្រុម​កម្មករ​។​លោក​បាន​រៀបរាប់​ថា​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ លោក​បាន​ព្យាយាម​ដើរ​រក​ការងារ​ធ្វើ​គ្រប់កន្លែង​ប៉ុន្តែ​មិន​មាន​ក្រុមហ៊ុន​ហ៊ាន​ទទួល​រូប​លោក​នោះ​ទេ​។​

​លោក​ សុគន្ធ​ សម្បតិ​ពិសិដ្ឋ​៖«​សូម​ឱ្យ​តុលាការ​ហ្នឹង​ស្វែងរក​នូវ​អ្នក​ធ្វើ​សកម្មភាព​ពិត​ អ្នក​បាន​វ៉ៃ​ខ្ញុំ​ឱ្យ​ពិតប្រាកដ​មិនមែន​ចោទ​ខ្ញុំ​ពី​បទ​ប្រើ​អំពើ​ហឹ​ង្សា​ តើ​អ្វី​ដែល​ខ្ញុំ​ប្រើ​អំពើរ​ហឹ​ង្សា​ ខ្ញុំ​អត់​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ចុះ​ទៅ​សង្កេត​ហេតុ​អ្វី​មក​វ៉ៃ​ខ្ញុំ​បាក់ដៃ​ហើយ​ចាប់​ខ្ញុំ​ដាក់គុក​ទៀត​»​ ។​

​ចំណែក​លោក​ ជា​ សា​រ៉ាត់​ ជា​អ្នក​រត់​ម៉ូតូ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២​ មក​រា​ ឆ្នាំ​២០១៤​ នៅ​លើ​ផ្លូវ​វ៉េ​ង​ស្រេង​ ខណៈ​ដែល​លោក​ទៅ​រកប្រពន្ធ​។​ ប្រពន្ធ​របស់​គាត់​គឺជា​អ្នកបកប្រែ​ភាសា​ចិន​ក្នុង​រោងចក្រ​មួយ​។​ ជា​អ​កុស​ល្យ​នៅ​ពេល​ដែល​លោក​កំពុង​ស្វែងរក​ភរិយា​របស់​ខ្លួន​លោក​ក៏​ត្រូវ​ក្រុម​សមត្ថកិច្ច​វាយ​បង្ក្រាប​ចំ​ ក្បាល​និង​ខ្នង​។​ ស្នាម​ឈឺ​តែងតែ​រំលឹក​រូប​គាត់​ពី​ព្រឹត្តិការណ៍​នោះ​។​

​លោក​ជា​ សា​រ៉ាត់៖​ «​ខ្ញុំ​គ្រាន់តែ​ចង់​ស្នើ​ទៅ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​ជួយ​រក​ដំណោះស្រាយ​ឱ្យ​។​ ពេល​ដែល​ចេញ​មក​គេ​ថា​គេ​ប្រគល់​ម៉ូតូ​ឱ្យ​ និង​ទូរស័ព្ទ​ឱ្យ​ ទូរ​សព្ទ​មិន​សំខាន់​ សំខាន់​ម៉ូតូ​គ្រាន់​ដោះស្រាយ​ជីវភាព​ គេ​ថា​ប្រគល់​ឱ្យ​ ឥលូវ​បាត់​ដំណឹង​ឆឹង​ តាំងពី​ពេល​ហ្នឹង​រហូត​ដល់​ឥលូវ​ រយៈពេល​បី​ឆ្នាំ​ហើយ​»​ ។​

​បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​ សព្វ​ថ្ងៃនេះ​ លោក​ក៏​មិន​អាច​ប្រកប​របរ​ រត់​ម៉ូតូឌុប​បាន​តទៅ​ទៀត​នោះ​ទេ​ ព្រោះ​ម៉ូតូ​របស់​គាត់​ត្រូវ​បាន​រឹបអូស​និង​មិន​ទាន់​ត្រូវ​បាន​ប្រគល់​មក​វិញ​ទេ​៕

 

Share

Image
Image
Image