en     km
en     km

គ​ណបក្ស​សង្គ្រោះ​ជាតិ​ ​គ្រោង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ករណី​សកម្ម​ជន​១១​នាក់​

Share

Untitled-1

ភ្នំពេញ​៖​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ប្តឹង​ទៅ​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​សកម្មជន​ ​និង​មន្ត្រី​បក្ស​របស់​ខ្លួន​ចំនួន​ ​​១១​នាក់​​ឲ្យ​ជាប់​​ពន្ធ​នា​​គារ​ពី​៧​ទៅ ​​២០​ឆ្នាំ​​ពាក់​ព័ន្ធ​នឹង​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពីឆ្នាំ​​ ​២០១៤​​ ​កន្លង​ទៅ​។​

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រវាង​តំណាង​សម្លេង​ភាគ​ច្រើន​ ​និង​សម្លេង​ភាគ​តិច​ក្នុង​សភា​ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០​ សីហា​ ម្សិល​មិញ​នៅ​វិមាន​រដ្ឋ​សភា​ ​​គណ​បក្ស​​ប្រឆំាង​​សម្តែង​​ការ​​​មិន​​ពេញ​ចិត្ត​​ ​ដោយ​មិន​ទទួល​បាន​លទ្ធិផល​ល្អ​ប្រសើរ​ពី​ជំនួប​នេះ​ ​ពាក់​ព័ន្ធ​សកម្មជន​​​របស់​​ខ្លួន​​ ​ដែល​កំពុង​តែ​ជាប់​ពន្ធ​នា​គារ​​ព្រៃ​ស​​នៅ​​ឡើយ​​នោះ​​។​​

លោក​​ អេង​​ ​​ឆៃ​​​អៀង​ ​​បាន​​ឱ្យ​​ដឹង​​បន្ទាប់​​កិច្ច​​ប្រជុំ​​ម្សិល​មិញ​​ថា​​ ​គណបក្ស​សង្រ្គោះ​​ជាតិ​​គ្រោង​​ប្តឹង​​ទៅ​​ឧទ្ធរណ៍​​​ជំទាស់​​​​នឹង​​សា​ល​​ក្រម​​​របស់​​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ​​ ​​ដែល​​បាន​​កាត់​​ទោស​​សកម្ម​ជន​​ ​​និង​​មន្ត្រី​​បក្ស​​​របស់​​​ខ្លួន​​ចំនួន​​ ​១១​​នាក់​​ឲ្យ​​ជាប់​​ពន្ធនា​គារ​​ពី​​​ ៧​​ទៅ​ ២​០​ឆ្នាំ​​​ពាក់​​ព័ន្ធ​​នឹង​ហិង្សា​ក្បែរទីលានប្រជាធិបតេយ្យ​​កាល​ពី​ឆ្នាំ​មុន​។​ ​លោក​បន្ត​ថា​ ​មេធាវី​នឹង​រៀប​ចំ​ឯកសារ​ ដើម្បី​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​​ជំនាស់​នឹង​​សាល​​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ដោយ​ឡែក​ សកម្មជន​គណបក្ស​​សង្គ្រោះ​​ជាតិ​ចំនួន​ ៣នាក់ទៀត​ ដែល​ទើប​ឃុំ​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​​រក​​មេធាវី​​បន្ថែម​ទៀត​ ដើម្បី​ការ​ពារ​អ្នក​ទាំង​នោះ​។​

សំឡេង៖

ជុំវិញ​បញ្ហា​នេះ​ ​លោក​ ​អំ​ ​សំអាត​ ​អ្នក​សម្រប​សម្រួល​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកា​ដូ​ ​បាន​ឲ្យ​ដឹង​នៅថ្ងៃ​ទី​១១​ សីហា​នេះ​ថា​ ​ជោគ​វាសនា​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១៤​នាក់​អាច​នឹង​មាន​សេរីភាព​ឡើង​វិញ​ ឬ​យ៉ាង​ណា​នោះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចរចា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​គណបក្ស​​ប្រជាជន​​កម្ពុជា​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​នយោបាយ​។​ ​លោក​ ​អំ​ សំអាត​ ​រំពឹង​តិច​តួច​បំផុត​ចំពោះ​ ​ការ​គ្រោង​ប្តឹង​ទៅ​​ឧទ្ធរណ៍​ជំទាស់​​នឹង​​សាល​​ក្រម​របស់​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ ​ព្រោះ​ថា​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​ហាក់​មិនទាន់​ឯករាជ្យ​ពេញ​លេញ​នៅ​​ឡើយ​។​

សំឡេង៖

ដូច​គ្នា​នេះ​ដែរ​ ​លោក​ បណ្ឌិត​ រស់​ រ៉ាវុធ​ ​សាស្រ្តា​ចារ្យ​វិទ្យា​សាស្រ្ត​នយោបាយ​បាន​លើក​ឡើង​ដែរ​ថា​ ​ការ​ចាប់​ខ្លួន​ សកម្មជន​សង្រ្គោះ​ជាតិ​​ដាក់​ពន្ធ​នាគារ​ ​កក្រើក​ឡើង​វិញ​នៅ​ពេល​នេះ​ ប​ន្ទាប់​ពី​បញ្ហា​ចម្រូង​ចម្រាស់​​ផ្នែក​​នយោ​បាយ​​ឡើង​កំដៅ​ជា​ថ្មី​។​ លោក​បន្ត​ទៀត​ថា​ ​ទោះ​បី​ជា​គណបក្ស​ប្រឆំាង​ស្វែង​រក​ដំ​ណោះ​ស្រាយ​​តាម​ផ្លូវ​នយោ​បាយ​​​​ ឬ​តាម​ប្រព័ន្ធ​តុលា​ការ​ក៏​ដោយ​ លោក​សូម​ឲ្យ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​​មាន​ដោះ​ស្រាយប្រកប​​ដោយ​​តម្លា​​ភាព​​ ​មិន​ត្រូវ​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ​ឡើយ​។​ លោក​បន្ថែម​ថា​ ​បើ​ប្រទេស​កម្ពុជា​មិន​អាច​បញ្ចប់​បញ្ហា​កំដៅ​​នយោបាយ​បាន​ទេ​នោះ​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​អ្នក​វិនិយោគ​បរទេស​មិន​ហ៊ាន​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រសិន​បើ​បញ្ហា​នយោបាយ​នៅ​តែ​ឡើង​កំដៅ​ដូច​ពេល​នេះ​។​

សំឡេង៖

ចំ​ណែ​ក​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​លោក​ ​សក់​ ​សេដ្ឋា​ ​បា​ន​បញ្ជាក់​ថា​ ​គណ​បក្ស​​ជាប់​​ឆ្នោត​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ថា​ ​នឹង​ជួយ​ផ្តល់​គំនិត​គ្នា​ទៅ​វិ​ញ​​ទៅ​មក​ ​ដោះ​ស្រាយ​បញ្ហា​​រួម​គ្នា​ ​ចំពោះ​ករណី​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​នោះ​។​ លោក​បន្ត​ថា​ ​បើ​ទោះ​ជា​មាន​ការ​ជួយ​​ផ្តល់​​គំនិត​​​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ​ ​ក៏​ការ​​ផ្តល់​​យោបល់​​នោះ​​ ​​គឺ​​មិន​​ប៉ះ​ពាល់​​ដល់​នីតិ​វិធី​ច្បាប់​ និង​​​​មិន​​​ប៉ះ​​ពាល់​​​​ដល់​សមត្ថ​កិច្ច​របស់​តុលាការ​ឡើយ។​ លោក​សង្កត់​ធ្ងន់​ថា​ ​ការ​ឃុំ​ខ្លួន​សកម្មជន​​គណបក្ស​​ប្រឆាំង​​ទាំង​​ ១១នាក់​នោះ​ ​ជា​សមត្ថកិច្ច​របស់​តុលាការ​ ​ហើយ​ភាគី​ទាំង​ពីរ​មិន​អាច​​ជ្រៀត​ជ្រែក​​ប្រព័ន្ធ​តុ​លា​​ការ​​បាន​ឡើយ​។​

សូម​បញ្ជាក់​ថា​ ​​ស្ថាន​ភាព​នយោបាយ​ឡើង​កម្ដៅ​ជា​ថ្មី​នេះ​ ​បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​​ប្រឆាំង​ចុះ​​ពិនិត្យ​​ព្រំដែន​​កម្ពុជា​ ​ ​វៀ់ត​ណាម​ ​នា​ពេល​ថ្មី​នេះ​។​ ​ចំណាត់​ការ​ចាប់​សកម្ម​ជន​គណបក្ស​​សង្គ្រោះ​ជាតិ​​ជា​បន្ត​ប​ន្ទាប់​​ដាក់​​ពន្ធនាគារ​ព្រៃ​ស​ ដោយ​តក់​ក្រហល់​នេះ​ត្រូវ​បាន​សង្គម​ស៊ី​វិល​ ​និង​អ្នក​វិភាគ​ន​យោបាយ​​មួយ​ចំនួន​ចាត់​​​ទុក​​ថា​ ​​ជា​​បញ្ហា​នយោបាយ​ ដើម្បី​គំរាម​ដល់​គណបក្ស​ប្រឆាំង​៕​

Share

Image
Image
Image