en     km
en     km

គ្រូបង្រៀន ២រូបជំទាស់នឹងការសម្រេចរបស់មន្ទីរអប់រំខេត្តកំពង់ធំប្តូរការងារពួកគាត់ថាជារឿងនយោបាយ

Share

ភ្នំពេញ៖ គ្រូបង្រៀនពីរនាក់នៅខេត្តកំពង់ធំ ដែលជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានប្រធានមន្ទីរនៃខេត្តនេះ បញ្ឈប់ពីការបង្រៀន ដោយឱ្យមកធ្វើការនៅការិ​យាល័យអប់រំវិញ។ លោកគ្រូលោក ថៃ ធីមចាត់ទុកការសម្រេចរបស់មន្ទីរអប់រំខេត្តគឺជារឿងនយោបាយ។ តែករណីនេះ វិទ្យុស្ត្រីមិនទទួលបានការឆ្លើយតបពីប្រធានមន្ទីរអប់រំខេត្តកំពង់ធំបានទេ ដោយរវល់ជាប់ប្រជុំ ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

គ្រូម្នាក់ក្នុងចំណោម២នាក់មានប្រសាសន៍ថា ការធ្វើបែបនេះ គឺជាអំពើអយុត្តិធម៌សម្រាប់គាត់ និងបង្កប់ទៅដោយអត្តន័យនយោបាយ និងជាការធ្វើតាមបញ្ជា។

 លិខិតបង្កាប់ការ ចុះហត្ថលេខានៅថ្ងៃទី ៥ ខែធ្នូ ដែលទើបតែមកដល់ដៃសាម៉ីខ្លួនកាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ បង្កាប់ឱ្យគ្រូបង្រៀនវិទ្យាល័យពីរនាក់ដែលជាមនុស្សសកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ ផ្លាស់ប្ដូរកន្លែង និងមុខងារបំពេញការងារពីគ្រូបង្រៀននៅវិទ្យាល័យខេត្តកំពុងធំ ទៅធ្វើការនៅការិយាល័យអប់រំ យុវជន និងកីឡាវិញ។​

លោក ថៃ ធីម និងលោក ស៊ុន ធន់ ត្រូវបានទទួលលិខិតបង្គាប់ការនេះ ដោយមិនបានដឹងមុន ។

លោក ថៃ ធីម គ្រូបង្រៀននៅវិទ្យាល័យកំពង់ធំមុខវិជា្ជបារាំងខ្មែរថា ការដកលោកចេញពីគ្រូបង្រៀននេះ គឺមានភាពអយុត្តិធម៌សម្រាប់លោកជាខ្លាំង ដែលធ្វើឱ្យលោកមិនអាចទទួលយកបាននោះទេ។

លោកហៅការប្ដូរតួនាទីបំពេញការងារនេះថា ធ្វើឡើងបង្កប់ដោយចរិតនយោបាយ ដោយសារខុសនិន្នាការបក្ស ធ្វើឡើងដោយការប្រើល្បិចដើម្បីបំផ្លាញលោក ដោយអយុត្តិធម៌បំផុត ធ្វើឡើងដោយលីលា មិនមើលច្បាប់ និងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឡើយ។

លោកបញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ១៩ ខែធ្នូនេះច្បាស់ៗថា ការប្ដូរកន្លែងការងារនេះ គឺដោយសារតែលោក ជាសមាជិកគណកម្មការប្រតិបត្តិខេត្តរបស់អតីតគណបក្សសង្គ្រោះជាតិ។

សម្លេង ថៃ ធីម៖ «បាទ! ដោយសារការដកនឹងគេមិនបានសួរយើង គេបង្ខំតែម្ដង យើងកំពុងធ្វើការបង្រៀន គេបង្ខំឱ្យយើងផ្លាស់ទីតាំងធ្វើការងារតែម្ដង។ ហើយដោយសារតែខ្ញុំ ថៃ ធីម គឺជាសមាជិក គណកម្មការប្រតិបត្តិខេត្តរបស់គណបក្សសង្គ្រោះជាតិ ដោយយើងតែងតែធ្វើការ ឱ្យសង្គ្រោះជាតិ យ៉ាងសកម្មរយៈពេលកន្លងមកនេះ បាទ ដូចន្នេះធ្វើឱ្យអាជ្ញាធរខេត្តគេមិនសប្បាយចិត្ត មិនសប្បាយចិត្តគេបានឱ្យមន្ទីអប់រំនឹងដាក់ខ្ញុំក្នុងបញ្ជីខ្មៅរយៈពេល ៣ឆ្នាំ មកហើយ »។

ជាងនេះទៅទៀត លោកបានសរសេរក្នុងទំព័រហ្វេសបុករបស់លោកថា  «ខ្ញុំជាគ្រូបង្រៀនសាមញ្ញម្នាក់ ចង់បម្រើពលរដ្ឋតាមឆន្ទះរបស់ខ្លួន យកចំណេះដឹងរបស់ខ្លួនបង្ហាត់បង្ហាញពលរដ្ឋឲ្យមានធនធាន មិននឹកស្មានថាមានអ្នកនយោបាយកំសាកដេកភ័យដល់ថ្នាក់នេះសោះ»។

លោកបង្ហាញការប្ដេជ្ញាចិត្តថា «ញុំគ្មានកំហុស អ្នកដកខ្ញុំដោយអយុត្តិធម៌ ខ្ញុំមិនចុះញ៉មទេ ខ្ញុំនឹងតស៊ូតាមផ្លូវច្បាប់ជាមួយអ្នក»

តាមរយៈវីដេអូជាង ៤០ នាទី លោក ថៃ ធីម បានអានលក្ខន្តិកៈគ្រូបង្រៀន ហើយបញ្ជាក់ខ្លួនឯងថា លោក បានធ្វើអ្វីត្រូវទៅតាមវិជ្ជាជីវៈ និងលក្ខន្តិកៈរបស់ក្រសួងទាំងអស់យ៉ាងហ្មត់ចត់ ពោលគឺលោកគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន។

លោកបញ្ជាក់ថា ការផ្លាស់ប្ដូរការងារបុគ្គលិកណាមួយលុះត្រាតែមានឯកសារពីសាលារៀន ដែលជាការអប់រំ ទូលន្មាន ចំពោះកំហុសឆ្គងរបស់លោក តាមរយៈផ្ទាល់មាត់ ឬឯកសារក្ដី។

លោកថា ប្រធានមន្ទីរនេះ មិនសមនឹងធ្វើបែបនេះនោះទេ ហើយការប្ដូរការងារនេះ គឺធ្វើឡើងដើម្បីយកគាត់ទៅប្រចាំការ ឬបញ្ឈរជើងទៅវិញទេ។

លិខិតបង្គាប់ការរបស់​​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ សម្រេចកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៨ ថា លោក ថៃ ធីម ជាគ្រូបង្រៀនមុខវិជ្ជាបារាំងខ្មែរ ដែលបម្រើការនៅវិទ្យាល័យកំពុងធំ ក្រុងស្ទឹងសែន ត្រូវបានចាត់មកបំពេញការងារ នៅការិយាល័យអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ។លោកថា លោកកំពុងតែរៀបចំលិខិតដើម្បីតវ៉ាចំពោះការសម្រេចនេះតាមរយៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងដាក់ទៅក្រសួងអប់រំជាដើម។

លោកស្រីអ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏មានប្រសាសន៍ថា ពាក់ព័ន្ធនឹងចំណាត់ការទៅលើលោកគ្រូ ថៃ ធីម នេះ គឺធ្វើឡើងដោយសារតែករណីនយោបាយនៅពីក្រោយ។

លោកស្រីស្វាគមន៍ និងត្រៀមបញ្ជូនលិខិតសុំអន្តរាគមន៍បន្តទៅក្រសួង ការណាលោក ថៃ ធីម ដាក់លិខិតមកដល់សមាគមន៍របស់លោកស្រី។

លោកស្រីបន្ថែមថា វាហាក់ដូចជាចម្លែកសម្រាប់ករណីរបស់លោកគ្រូវិទ្យាល័យទាំងនេះ។ លោកស្រីថា កាលពីមុនចង់ប្ដូរពីគ្រូបង្រៀនទៅធ្វើការនៅមន្ទីរ ឬការិយាល័យសុទ្ធតែត្រូវការដាក់លុយជាដើម។

ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ ជឿជាក់ថា ការប្ដូរកន្លែងការងារនេះ ជាបំណងដើម្បីបញ្ឈរជើងយ៉ាងពិតប្រាដក។

លោក ស្រី អ៊ុក ឆាយ៉ាវី៖ «ជាធម្មតា ពួកគាត់មន្ត្រីថ្នាក់លើនឹងគឺតែងតែធ្វើតាមបញ្ហានយោបាយ អ៊ីចឹងបើអ្វីដែលគាត់មិនសប្បាយចិត្ត គាត់ចង់ដក គាត់ចង់ដាក់ អានឹងជារឿងរបស់គាត់ ។ ចា តាមពិតទៅខ្ញុំនិយាយនឹង ជាទូទៅ ប៉ុន្តែដោយឡែក លោកគ្រូម្នាក់នឹង ក៏ជាករណីដូចគ្នាពីមុន មកដែរ គ្រាន់តែថា យើងឃើញថាមិនធ្ងន់ធ្ងរដូចជាករណីមុនៗ អ៊ឺចឹងទៅណា។ គា្រន់តែថាផ្ទេរពីការបង្រៀន ទៅអង្គុយអានកាសែត នៅការិយា ល័យអី។ តាយកទៅ គឺយកទៅអង្គុយអានកាសែតហើយ គេមិនដែលឱ្យ តួនាទីណាដែលទៅគ្រប់គ្រងដល់មន្ត្រីថ្នាក់ក្រោមទេ គេឱ្យយើងទៅ នឹងទៅដូចទៅបញ្ឈរជើងអ៊ីចឹង »។

លោកស្រីបន្ថែមថា ការប្ដូរការងារនេះមិនល្អសម្រាប់អ្នកមិនចង់ទៅដូចជាលោក ថៃ ធីម នោះទេ។ លោកស្រីទទូច ឱ្យក្រសួងអប់រំ យុវជន និងកីឡា គួរណាស់តែធ្វើតាមច្បាប់ តាមគោលការណ៍ មិនមែនធ្វើតាមនយោបាយនោះទេ។

មណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានព្យាយាមសុំការបកស្រាយពីលោក  ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ប៉ុន្តែលោកថា ជាប់រវល់ប្រជុំ។

ដោយឡែក លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា លោក មិនទាន់បានជ្រាបដំណឹងនេះនៅឡើយទេ។

ដើមឆ្នាំ ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលុបចេញនូវបុគ្គលិកអប់រំមួយចំនួនចេញពីក្របខ័ណ្ឌអប់រំ។ គ្រូដែលត្រូវបានក្រសួងដកចេញពីក្របខ័ណ្ឌនេះ បញ្ជាក់ថា ការធ្វើនោះដោយសាររឿងនយោបាយ៕

 

Share

Image
Image
Image