en     km
en     km

កូរ៉េខាងជើងសាកល្បងកាំជ្រួចផ្ទួនៗ ព្រោះខឹងកូរ៉េខាងត្បូងផង ខឹងអាមេរិកផង

Share

កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចបញ្ជាបានរយៈឆ្ងាយដោយជោគជ័យ។ រំលងបាន២ថ្ងៃ ប្រទេសនេះសាកល្បងកាំជ្រួចផ្លោង២គ្រាប់ទៀត។ ខណៈដែលប្រទេសជប៉ុនបង្ហាញក្ដីបារម្ភ ការបាញ់កាំជ្រួចផ្ទួនៗដោយកូរ៉េខាងជើងបែបនេះមានមូលហេតុរបស់វា។

អំឡុងពេលចុងសប្ដាហ៍កន្លងទៅ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យ នូវកាំជ្រួចបញ្ជាបានរយៈឆ្ងាយ ដែលបណ្ដាលឱ្យបណ្ដាសារព័ត៌មានធំៗចាប់អារម្មណ៍យ៉ាងខ្លាំង។ គ្រាប់ផ្លោងដ៏ធំ រយៈចម្ងាយឆ្ងាយ ដែលអាចបញ្ជាបាននេះ ត្រូវបានអភិវឌ្ឍអស់រយៈពេល២ឆ្នាំ ហើយមានសមត្ថភាពវាយប្រហារចំគោលដៅ ដែលស្ថិតនៅចម្ងាយ១ពាន់៥រយគីឡូម៉ែត្រ ពេលសាកល្បងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ កាំជ្រួចផ្លោងបញ្ជាបានរយៈឆ្ងាយរបស់កូរ៉េខាងជើងនេះ មានសមត្ថភាពហោះទៅដល់ប្រទេសជប៉ុន ទីដែលមានកងទ័ពសហរដ្ឋអាមេរិករាប់ម៉ឺននាក់ឈរជើង។

រំលងបានពីរថ្ងៃ ពោលគឺនៅថ្ងៃពុធ កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធកាំជ្រួចបាញ់ចេញពីផ្លូវរថភ្លើងថែមទៀត។ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ដោយផ្អែកតាមអាជ្ញាធរជប៉ុនថា​ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរនោះ បានបាញ់កាំជ្រួចផ្លោងពីរគ្រាប់ ទុកជាការបដិសេធសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ការបាញ់សាកល្បងចុងក្រោយ មានបំណងកម្ទេចគោលដៅដែលស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រពីឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង។ បើតាមក្យូដូ ប្រទេសជប៉ុនបានថ្លែងថា កាំជ្រួចទាំងពីរគ្រាប់នោះបានហោះចម្ងាយប្រហែលជា៧៥០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលសមុទ្រក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។

ក្យូដូឱ្យដឹងថា អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន ឈ្មោះ ខាត់ស៊ូណូប៊ូ ខាតូ នៅក្នុងសន្និសីទសារព័ត៌មានមួយ បានថ្កោលទោសការបាញ់កាំជ្រួចទាំងពីរគ្រាប់នោះថា ជា«ការគំរាមកំហែងដ៏អាក្រក់»ចំពោះសន្តិសុខជាតិជប៉ុន, ហើយលោកបានថ្លែងនូវ«កង្វល់ដ៏ជ្រាលជ្រៅ»អំពីការប្រឈមសម្រាប់នាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់។

តាមពិត នៅថ្ងៃពុធតែមួយ ខាងកូរ៉េខាងត្បូងក៏បានទទួលជោគជ័យក្នុងការសាកល្បងកាំជ្រួចទើបផលិតថ្មីៗ ដោយបាញ់ចេញពីនាវាមុជទឹកដែរ។ នេះបើយោងតាមការិយាល័យរបស់ប្រធានាធិបតី មូន ចេ-អ៊ីន។ជោគជ័យនៃការសាកល្បងនេះបានបង្កឱ្យកូរ៉េខាងជើងថ្កោលទោសភ្លាមៗ។

 

ការសាកល្បងប្រព័ន្ធកាំជ្រួចបាញ់ចេញពីផ្លូវរដ្ឋភ្លើងដោយប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ប្រភពរូបភាព៖ KCNA

 

ប្រទេសកូរ៉េខាងជើងបានទទួលស្គាល់ថា ខ្លួនកំពុងប្រឈមមុខនឹងវិបត្តស្បៀងអាហារជាទម្ងន់ ពេលមានគ្រោះមហន្តរាយធម្មជាតិ និងការថយចុះនៃសកម្មភាពពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតដិតនិងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន។ ស្ថានភាពយ៉ាប់យឺននៅកូរ៉េខាងជើងបានកើតឡើង ក្នុងដំណាក់កាលក្រោយពីមានការលេចឡើងនូវជំងឺឆ្លងសាកលកូវីដ១៩។

ម្យ៉ាងទៀត ការជជែកដោយផ្ទាល់ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង បានគាំងអស់រយៈពេល២ឆ្នាំ នៅពេលដែលរដ្ឋបាលលោក បៃឌិន ទំនងជាមិនទាន់ត្រៀមខ្លួនធ្វើសម្បទានដកទណ្ឌកម្ម ជាថ្នូរនឹងការរំសាយអាវុធនុយក្លេងអ៊ែររបស់កូរ៉េខាងជើង។ កាលពីខែមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ទើបបានធ្វើសមយុទ្ធយោធារួមគ្នាថែមទៀត។ ការណ៍នេះនាំឱ្យប្អូនស្រីរបស់លោក គីម ជុង អ៊ុន និងជំនួយការផ្ទាល់របស់លោក ឈ្មោះ គីម យ៉ូ ចុង រិះគន់ថាជា«ការហ្វឹកហ្វឺនជាអចិន្ត្រៃយ៍និងដ៏វក់វី ដើម្បីឈ្លានពាន»។

យោងតាមអ្នកវិភាគមួយចំនួន ការបាញ់កាំជ្រួចបន្តបន្ទាប់គ្នាដោយប្រទេសកូរ៉េខាងជើង ហាក់ដូចជាមានគោលបំណងសងសឹកចំពោះប្រទេសកូរ៉េខាងត្បូង ដែលទើបបានអភិវឌ្ឍកាំជ្រួចផ្លោង ដែលបានបាញ់ចេញពីនាវាមុជទឹកនោះដោយជោគជ័យ។ គេដឹងថា កាំជ្រួចរបស់កូរ៉េខាងត្បូងនឹងត្រូវដាក់ពង្រាយឆាប់ៗ ដើម្បីទប់ទល់នឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង។ ពួកគេបន្ថែមថា ប្រធានាធិបតី គីម ជុងអ៊ុន របស់កូរ៉េខាងជើង ប្រហែលជាសង្ឃឹមដែរថា តាមរយៈការបង្ហាញបច្ចេកវិជ្ជាកាំជ្រួចផ្លោងរបស់ប្រទេសនេះ លោក គីម អាចនាំរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន របស់សហរដ្ឋអាមេរិក ឱ្យវិលមករកតុចរចា ដើម្បីពិភាក្សាអំពីការដកទណ្ឌកម្មចេញពីកូរ៉េខាងជើង។

គេជឿថា លោក គីម ជុង អ៊ុន ចង់ឃើញសហរដ្ឋអាមេរិកបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់លើកូរ៉េខាងជើង ដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែរនិងកាំជ្រួចផ្លោងរបស់ប្រទេសកុម្មុយនីស្តមួយនេះ។

បើនិយាយតាមបច្ចេកទេស, សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយ នៅពេលដែលសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនដោយសន្ធិសញ្ញាសន្តិភាព។ នៅចន្លោះពេលនោះ កងកម្លាំងអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូងផង បានប្រយុទ្ធទល់នឹងកូរ៉េខាងជើង ដែលមានការគាំទ្រពីប្រទេសចិន និងពីសហភាពសូវៀត៕

Share

Image
Image
Image