en     km
en     km

កម្ពុជា​ ថៃ​ សហការ​គ្នា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលករ​ខ្មែរ​មក​ស្រុក​កំណើត

Share

​ភ្នំពេញ​ ៖​ សេចក្ដីជូនដំណឹង​របស់​ គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៨​ បាន​ប្រាប់​ពី​នីតិវិធី​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ អាច​បំពេញ​សំណុំ​បែបបទ​ធ្វើ​ដំណើរ​មក​កម្ពុជា​បាន​ ដោយ​ពុំ​មាន​បញ្ហា​។​

​គណៈកម្មការ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ នា​ពេល​ខាង​មុខ​នេះ​ ភាគី​កម្ពុជា​ និង​ភាគី​ថៃ​ នឹង​សហការ​គ្នា​ដើម្បី​សម្រួល​ដល់​ពលករ​ ដែល​កាន់​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ (​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​)​ នៅ​មាន​សុពលភាព​ និង​ពលករ​ដែល​កាន់​លិខិតឆ្លងដែន​ ឬ​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ (TD)​ ដែល​មាន​ទិដ្ឋាការ​ស្នាក់​នៅ​ និង​ប័ណ្ណ​អនុញ្ញាត​ការងារ​នៅ​មាន​សុពលភាព​ ព្រមទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ អាច​ធ្វើ​ដំណើរ​ចេញ​ ចូល​ក្នុង​ប្រទេស​ថៃ​-​កម្ពុជា​ បាន​ចាប់ពី​ថ្ងៃ​ទី​០៥​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​។​

​បន្ថែម​ពី​នេះ​ ចំពោះ​ពលករ​ខ្មែរ​ ដែល​កាន់​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ (​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​)​ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងអំឡុងពេល​នេះ​ ត្រូវ​ទៅ​ស្នើ​សុំ​លិខិតអនុញ្ញាត​ពី​មន្ទីរ​ការងារ​ថៃ​ ក្នុង​ខេត្ដ​ដែល​ខ្លួន​កំពុងធ្វើការ​។​ ដោយឡែក​ចំពោះ​ពលករ​ខ្មែរ​ ដែល​កាន់​លិខិតឆ្លងដែន​ ឬ​លិខិត​ធ្វើ​ដំណើរ​ (TD)​ ត្រូវ​ទៅ​ស្នើ​សុំ​ទិដ្ឋាការ​ចេញ​-​ចូល​ (Re-Entry​ Visa)​ នៅ​ការិយាល័យ​អន្ដោប្រវេសន៍​ក្នុង​ខេត្ដ​ ដែល​ខ្លួន​កំពុងធ្វើការ​ ឬ​នៅ​ច្រកព្រំដែន​អន្ដរជាតិ​ ចំពោះ​ការ​ស្នើ​សុំ​នេះ​ គឺ​ពុំ​មាន​បង់​កម្រៃ​សេវា​អ្វី​ឡើយ​។​

​បន្ថែម​ពី​នេះ​សេចក្ដីជូនដំណឹង​បន្ដ​ថា​ សម្រាប់​ពលករ​ទាំងអស់​ត្រូវ​ឆ្លងកាត់​តាម​ច្រកព្រំដែន​អន្ដរជាតិ​ តែ​មួយ​ប៉ុណ្ណោះ​ គឺ​ទាំង​មក​ និង​ត្រឡប់​ទៅ​វិញ​។​ ជាង​នេះ​ ពលករ​កម្ពុជា​ ដែល​កាន់​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ (​ប័ណ្ណ​ស៊ី​ជម្ពូ​)​ មិន​តម្រូវ​ឲ្យ​សុំ​លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​ (Laissez​ Passer)​ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​ឡើយ​ នៅ​ក្នុងអំឡុងពេល​ដែល​ភាគី​ថៃ​ និង​កម្ពុជា​ បាន​ឯ​ភាព​គ្នា​នេះ​៕​

Share

Image
Image
Image