en     km
en     km

សម្តេចហ៊ុន សែន៖លទ្ធិប្រជាធិបតេយ្យកម្ពុជាមិនដើរថយក្រោយ តែប្រជាធិបតេយ្យក្លែងក្លាយត្រូវលុបបំបាត់

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងថាកម្ពុជា លទ្ធិប្រជាធិបតេយ្យពិតប្រាកដរបស់កម្ពុជាមិនមានការធ្លាក់ចុះឬដើរ ថយក្រយនោះទេ ប៉ុន្តែមានតែលទ្ធិប្រជាធិបតេយ្យក្លែងក្លាយប៉ុណ្ណោះដែលត្រូវបានលុបបំបាត់។ តែអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមម្នាក់មិនយល់ស្របការលើកឡើងនេះ។ ការថ្លែងដូចនេះធ្វើទ្បើងខណៈសម្តេច ហ៊ុន សែន ចូលរួមអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើក ទី៣៩ នៅមជ្ឈមណ្ឌលកោះពេជ្យ នាព្រឹកថ្ងៃទី០៧ មករា ឆ្នំា២០១៨នេះ។

លោក ជួន សារ៉េត រាយការណ៍!

គេសង្កេតឃើញថានាពេលកន្លងមកនេះ ទំាងអតីតគណបក្សប្រឆំាង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មួយចំនួនតែងតែលើកទ្បើងថាលទ្ធិប្រជាធិបតេកម្ពុជាមានការធ្លាក់ចុះ។ ការធ្លាក់ចុះដោយសារពួកគេអះអាង ការចាប់អតីតមេបក្សប្រឆំាងលោកកឹម សុខា ការរំលាយគណ បក្សសង្គ្រោះជាតិ ការបិទអង្គការមួយចំនួនពីកម្ពុជា ជាកត្តាដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះ។

តែទោះបីជាមានការលើកទ្បើងយ៉ាងនេះក៏ដោយចុះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនំាដោយ សម្តេច ហ៊ុន សែន​ អះអាងថាកម្ពុជាមិនបានរំលោភលទ្ធិប្រជាធិបតេយ្យ ឬរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះទ្បើយ ផ្ទុយទៅវិញមានតែអ្នកដែលប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះដែលត្រូវទទួលទោសតាមច្បាប់។

ថ្លែងក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៩ នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ៧ មករា គឺជាកំណើតទី០២ របស់ប្រជាជនកម្ពុជា។ ការណ៍នេះប្រជាជនកម្ពុជាត្រូវឯកភាពជាតិគ្នា កសាងសន្តិភាពរួមគ្នាផងដែរ។

សម្តេច ហ៊ុន សែន គូសបញ្ជាក់ទៀតថាសន្តិភាពគឺជាកត្តាសារវ័ន្តដើម្បីធានាដល់ការរីកចំរើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ជាដើម។

ត្រង់ចំណុចនេះសម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជាមិនដើរថយក្រោយ ផ្ទុយទៅវិញមានតែលើកតម្កើងបន្ថែមទៀត។

«ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះទ្បើយផ្ទុយទៅវិញកំពុងត្រូវបានថែរក្សានឹងពង្រឹងឱ្យកាន់តែរឹងមាំទ្បើងដើរស្របជាមួយគោលការណ៍នីតិរដ្ឋនៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ គឺមានតែប្រជាធិបតេយ្យក្លែងក្លាយទេដែលត្រូវបានលុបបាត់គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ភ្ជាប់នូវរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញរបស់ជាតិ»

សម្តេច ហ៊ុន សែន គូសបញ្ជាក់ទៀតថាទោះបីផ្លូវទៅមុខទៀតមានឧបសគ្គយ៉ាងណាក៏ដោយ តែគ្មានឧបសគ្គណាដែលអាចរារំាងមិនឱ្យកម្ពុជាសម្រេចបំណងប្រាថ្នារបស់ខ្លួនបានទ្បើយ ឱ្យតែប្រជាជាតិមានការឯកភាពគ្នា។ លើសពីនេះទៀតសម្តេច ហ៊ុន សែន លើកទ្បើងថាមានតែកត្តាផ្ទៃក្នុងប្រទេសទេដែលជាកត្តាកំណត់នៃជម្នះ មិនមែនបរទេសជាកំណត់នោះទេ។ ការណ៍នេះសម្តេច ហ៊ុន សែន ប្តេជ្ញាចិត្តការ ពារថែរក្សាសន្តិភាពកម្ពុជាឱ្យខាងតែបាន « ក្នុងស្មារតីនេះយើងទំាងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងការពារថែរក្សាសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកបំផុតឱ្យរឹងមំាស្ថិតស្ថេរគង់វង្សជានិច្ចទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ»

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មិនយល់ឃើញដូចនេះនោះទ្បើយ។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះយល់ឃើញលទ្ធិប្រជាធិបតេយ្យកម្ពុជាមានការធ្លាក់ចុះចាប់តំាងពីមានស្ថានភាពនយោបាយដែលកើតទ្បើងនៅផ្លូវវេងស្រែងដែលបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងហេតុការណ៍ជម្លោះរវាងក្រុមមន្រ្តីសមត្ថកិច្ចជាមួយក្រុមកម្មករមកម្លេះ។ លោក បណ្ឌិត មាស នី គូសបញ្ជាក់ថាការថ្លែងរបស់សម្តេច ហ៊ុន សែន ដូចនេះគ្រាន់តែជាខែលការពារខ្លួនតែ​ប៉ុណ្ណោះ«វាជាសេចក្តីថ្លែងដើម្បីការពារខ្លួនតែសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ កាលណាឆន្ទៈរបស់ពលរដ្ឋ៣លាននាក់ត្រូវបានគេរំលោភ ឬត្រូវបានគេរំលាយនៅតែជាបញ្ហាចោទថាតើប្រជាធិបតេយ្យនៅក្នុងស្រុកយើងជាប្រជាធិបតេយ្យបែបម៉េចបានជាវាកើតរឿងចឹងទ្បើង តែយើងមិនភ្ញាក់ផ្អើលនោះទេ អារឿងហ្នឹងរដ្ឋាភិបាលត្រូវតែការពារខ្លួនតែសម្រាប់យើងជាប្រជាពលរដ្ឋយើងមើលឃើញខុសពីគាត់»

អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះយល់ឃើញថាដើម្បីបង្ហាញថាកម្ពុជាពិតជាគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដមែននោះ គឺរាជរដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈផ្សះផ្សាជាតិពិតប្រាកដ។

«ខ្ញុំគិតថាដរាបណារដ្ឋាភិបាលមិនទាន់បង្ហាញនូវសុឆន្ទៈគ្រប់គ្រាន់នៅក្នុងការផ្សះផ្សាជាតិក្នុងការរកឱ្យឃើញឯកភាពជាតិទេគឺខ្ញុំគិតថាជម្លោះខ្មែរគ្មានថ្ងៃដោះស្រាយរួចទេហើយខ្ញុំគិតថាវាអត់មានអីចំណេញខ្មែរយើងនោះទេគឺចំណេញសម្រាប់ប្រទេសជិតខាងយើងទេ ដែលជារឿងពិតយើងកំពុងប្រឈមរាល់ថ្ងៃ»

គួរជម្រាបថាតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា០១ ចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ។

យោងតាមមាត្រា ៨ នៃរដ្ឋធម្មនុញកម្ពុជាវាក្សខណ្ឌទី០២ ចែងថា ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។

Share

Image
Image
Image