en     km
en     km

សម្តេច ហ៊ុន សែន៖ ប្រញាប់ងាប់ទៅណា! ខេត្តថ្មីមិនទាន់បង្កើតផង វានាំគ្នាចែកគ្នាធ្វើចៅហ្វាយខេត្ត

Share

ក្រុងភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលុបចោលគម្រោង ការសិក្សាបង្កើតខេត្តថ្មី ដោយសម្តេចបានថ្លែងថា ប្រញាប់ងាប់ទៅណា! ខេត្តថ្មីមិនទាន់បង្កើតផង វានាំគ្នាចែកគ្នាធ្វើចៅហ្វាយខេត្ត។ ប្រតិកម្មរបស់សម្ដេចហ៊ុនសែនធ្វើឡើងចំពេលមានពាក្យលេចលឺក្នុងបក្សប្រជាជនពីការបែងចែកបក្សពួកដើម្បី សុំដាក់បេក្ខភាពអភិបាល អភិបាលខេត្តរងសម្រាប់ខេត្តថ្មីដែលបំរុងបង្កើតឆាប់ៗនេះ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធី អបអរសាទរទិវាគ្រូបង្រៀន នាវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨ ព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានថ្លែងប្រកាសជាសាធារណៈ ដោយបញ្ឈប់គម្រោងក្នុងការបង្កើតខេត្តថ្មី ដែលគ្រោងកាត់ចេញពីខេត្តកណ្តាល និង ខេត្ត-រតនគិរី-ខេត្តមណ្ឌលគីរី។

ការសម្រេចឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ក្រោមមូលហេតុដែលព័ត៌មានអំពីគម្រោងនេះបានបែកធ្លាយ ខ្ចរខ្ចាយ ហើយក្រុមអ្នកមានអំណាចបែរជានាំគ្នាចាត់ចែងគ្នាព្យាយាមរត់ការយកតំណែងគ្រប់គ្រងខេត្តថ្មីទាំងនោះ។

សម្តេច នាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងធ្ងន់ៗថា៖  «ប្រញាប់ងាប់ទៅណា! សួរថា ប្រញាប់ងាប់ទៅណា!  ឯងមិនទាន់ទាំងធ្វើអ្វីផង មិនទាន់ទាំងសម្រេចបង្កើត ឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត ធ្វើអនុខេត្តទៅហើយ ខ្ញុំដាក់វិញថា ប្រញាប់ងាប់ទៅណា! ឥឡូវឈប់នៅឲ្យស្ងៀមបានហើយ មហាផ្ទៃបិទកុំព្យូទ័រចោលឲ្យអស់ថ្ងៃនេះ កុំធ្វើអ្វីបន្តទៅទៀត ខ្ញុំគ្មានពេលស៊ីញ៉េ គ្មានពេលអីទៀតទេ»។​​​

សម្តេច ហ៊ុន សែនថ្លែងថា កាលពីការកាត់ខេត្ត ត្បូងឃ្មុំ គឺគ្មានព័ត៌មានលិចលឺខ្ចរខ្ចាយ រហូតទាល់តែគម្រោងបានសម្រេចជាស្ថាពរ តែលើកនេះ គម្រោងសិក្សាខេត្តទាំងពីរនេះមិនទាន់បានបញ្ជប់ផងអ្នកមានអំណាចបែរជានាំគ្នាបែងចែកអំណាច គ្រប់គ្រងទៅហើយ។

សម្តេច បានបញ្ជាក់ច្បាស់ៗថា មិនបាច់យកលេសបង្ខិតសេវាឱ្យកៀកពលរដ្ឋ មកធ្វើជាកម្មវត្ថុដើម្បីបែងចែកខេត្តថ្មីនោះទេ។ លោកថា សំណើរបំបែកខេត្តថ្មីនេះ ធ្វើឱ្យ​ពេលមានការរត់ការជាបន្តបន្ទាប់ដើម្បី​បានតំ​ណែងអភិបាល អភិបាលរងខេត្តថ្មី ដែលធ្វើឱ្យលោកមិនសប្បាយចិត្ត។

គូសបញ្ជាក់ថា សំណើសិក្សាលើគម្រោងបំបែកខេត្តថ្មីដែលមានភូមិសាស្រ្តនៅខេត្តរតនគិរី ខេត្ត មណ្ឌលគិរី និងខេត្តកណ្ដាលត្រូវបានសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៧ ខែសីហា បានដាក់ស្នើមកនាយករដ្ឋមន្រ្តី ក្រោមហេតុផលលើកកម្ពស់ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋបាលថា្នក់ក្រោមជាតិ ថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ។ យ៉ាងណាសំណើនេះ ត្រូវបាន សម្តេច ហ៊ុនសែន ចុះហត្ថលេខាយល់ព្រម ម្តងទៅហើយកាលពីពេលនោះ៕

Share

Image
Image
Image