ភ្នំពេញ៖ សម្ដេច ហ៊ុន សែន៖ បរទេសគ្មានសិទ្ធិនិយាយពីប្រជាធិបតេយ្យនៅកម្ពុជា បើដាក់ទណ្ឌកម្មមែននោះ ។ ជាងនេះ សម្ដេចថា បើដាក់ទណ្ឌកម្មនៅកម្ពុជា នោះសម្ដេច និងដាក់ទណ្ឌកម្មលើអ្នកទោសនៅកម្ពុជា ។ អ្នកវិភាគថា អ្នកនយោបាយ គួរតែគិតពិចារណាឡើងវិញ ថាតើកម្ពុជាអាចរស់នៅបានកម្រិតណា មុនពេលដែលចង់រស់នៅដោយដាច់ដោយឡែកពីអន្តរជាតិធំៗ ។
លោក សោម លាភ រាយការណ៍៖
ថ្លែងនៅក្នុងថ្ងៃគម្រប់ខួបនៃការឡើងកាន់តំណែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល ៣៤ ឈានចូល ៣៥ ឆ្នាំ សម្ដេច ហ៊ុន សែន ប្រកាសខ្លាំងៗថា បើអន្តរជាតិណា ដាក់ទណ្ឌកម្មលើកម្ពុជា នោះប្រទេសទាំងនោះ គ្មានសិទ្ធិនិយាយអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដែរ ហើយកម្ពុជា ក៏គ្មានហេតុផលអី្វដែលត្រូវលួងលោមអន្តរជាតិទាំងនោះដែរ ។
សម្ដេចទំនងជាបង្ហាញកំហឹង និងថ្លែងទៅកាន់លោក សម រង្ស៊ី ឱ្យចាំមើលជោគវាសនាខ្លួនឯង ថាតើនឹងទៅជាយ៉ាងណា? ព្រោះលោកសម រង្ស៊ី ជាអ្នកញុះញង់ឱ្យអន្តរជាតិដាក់សម្ពាធលើកម្ពុជា ។
កន្លងមក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់តែប្រកាសថា កម្ពុជាមាននយោបាយកម្ពុជា មិនមែនធ្វើតាមអ្វីដែលចង់បានរបស់អន្តរជាតិនោះទេ ។ សម្ដេចថា គ្មានសម្ពាធអន្តរជាតិ ឬទណ្ឌកម្មលើកម្ពុជានោះទេ ។
តែយ៉ាងណា សម្ដេចបញ្ជាក់ទៅអន្តរជាតិថា ការដាក់ទណ្ឌកម្មមកលើកម្ពុជាមិនខុសអ្វីពីការសម្លាប់បក្សប្រឆាំងនៅកម្ពុជានោះទេ ។
នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងហាក់ដូចជាការសងសឹកទៅលើការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ពីអន្តរជាតិដូចជាអាមេរិក និងសហភាពអឺរ៉ុបថា សម្ដេច នឹងមិនលើកលែងទោសឱ្យអ្នកប្រព្រឹត្តខុសនៅកម្ពុជានោះទេ ជាពិសេសគឺគណបក្សប្រឆាំង ។
សម្ដេចបញ្ជាក់ម្ដងទៀតថា មិនអាចយកឯករាជ្យកម្ពុជា មកដូរជាមួយជំនួយអ្នកណាទេ ។
សម្ដេច ហ៊ុន សែន បញ្ជាក់ប្រាប់ទៅប្រជាជនកម្ពុជាថា ទោះបីជាយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ច និងពលរដ្ឋកម្ពុជាមិនស្លាប់នោះទេ ។
សម្ដេច ពន្យល់ និងលើកឡើងនូវការខិតខំតស៊ូរបស់កម្ពុជាតាំងពីបាតដៃទទេ រហូតធ្វើឱ្យកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនដូចសព្វថ្ងៃនេះ ។
សម្ដេចថា កម្ពុជានៅតែខិតខំប្រឹងបន្តទៀត ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាបន្តរស់ និងបន្តរីកចម្រើនបើទោះបីជាអន្តរជាតិផ្ដាច់អុកស៊ីសែនក៏ដោយ ។
លោក ឯម សុវណ្ណរ៉ា ប្រាប់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា សហភាពអឺរ៉ុប មិនចង់ដាក់ទណ្ឌកម្ម ឬចង់កាច់ចង្កូតដំណើរការនយោបាយនៅកម្ពុជានោះទេ ។
លោកបញ្ជាក់ថា មូលហេតុដែលសហភាពអឺរ៉ុបដាក់ទាមទារនូវលក្ខខ័ណ្ណមួយចំនួននោះ គឺដោយសារតែកម្ពុជាបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញានានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាដើម ។
លោក ឯម សុវណ្ណារ៉ាចោទសួរថា តើកម្ពុជាអាចរស់នៅដោយសេដ្ឋកិច្ចកម្រិតណា ប្រសិនបើកម្ពុជាមិនពឹងគេអន្តរជាតិ ?
លោកបន្ថែមថា កម្ពុជាមិនអាចរស់នៅឯកោបានទេ នៅពេលដែលអន្តរជាតិដាក់ទណ្ឌកម្ម ហើយលោកថា ដំណាក់កាលនេះគ្រាន់តែជាដំណាក់កាលចាត់វិធានការតែប៉ុណ្ណោះ ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផល ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក ប្លាស្ទិក ម្ហូបអាហារ និងផលិតផលកសិកម្មជាដើម ។
សហរដ្ឋអាមេរិក ផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧ ។
ការអនុគ្រោះពន្ធនេះ ធ្វើឱ្យកម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃ ៤០០ លានដុល្លារ ពីសហរដ្ឋអាមេរិក ។
ដោយឡែក សហភាពអឺរ៉ុប ក៏ផ្ដល់ការអនុគ្រោះពន្ធ តាមរយៈកម្មវិធីអ្វីៗទាំងអស់ លើកលែងតែអាវុធ (Everything But Arms, EBA) តាំងពីឆ្នាំ២០១២ ។ ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការមិនយកពន្ធ សរុបតម្លៃជិត ៧០០លានដុល្លារ ពីសហភាពអឺរ៉ុប ។
យ៉ាងណា ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បាននិងកំពុងដំណើរការនីវិធីក្នុងការដកការអនុគ្រោះពន្ធពីកម្ពុជា ៕
អត្តបទដោយ៖ សោម លាភ