en     km
en     km

ការនាំចេញស្រូវអង្ករកម្ពុជា រយៈពេល ៧ ខែឆ្នាំ​នេះ នៅតែបន្តធ្លាក់ចុះ

Share

ក្រុងភ្នំពេញ​៖ ការនាំចេញស្រូវអង្ករ របស់កម្ពុជា នៅតែបន្តធ្លាក់ចុះដដែលនាខែទី ៧ នៃឆ្នាំ​ ២០១៧ នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។  របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានសម្រាប់ច្រកចេញចូល បានបង្ហាញថា ការធ្លាក់ចុះនេះគឺបណ្តាលមកពីការទម្លាក់តម្លៃលក់ពីប្រទេសជិតខាងជាហេតុ បង្កើនការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតចាប់ពីខែមករា រហូតមកដល់ ខែ កក្កដា ឆ្នាំ​២០១៨ កម្ពុជាបាននាំចេញអង្ករបានត្រឹមតែ ២៩៧,០៨០ តោន គឺធ្លាក់ចុះ ប្រមាណ ៦.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំណួន ៣១៥,៩១៧ តោន។

បើទោះបីជា ឆ្នាំ​នេះ ការនាំចេញស្រូវអង្ករមើលទៅទំនង ងើបមុខមិនរួចក៏ពិតមែន ក៏ប៉ុន្តែក្រសួងកសិកម្មបានបង្ហាញការយល់ឃើញរបស់ខ្លួនថា ដោយសារតែកង្វះស្រូវកិនជាអង្ករ សម្រាប់ការនាំចេញ និង ការដែលរោងម៉ាស៊ីនកិនស្រូវ មិនអាចទិញស្រូវស្តុកទុកពេញ ១ ឆ្នាំ ទើបធ្វើឲ្យការនាំចេញឆ្នាំ​នេះមិនមានតួរលេខល្អ។ប៉ុន្តែលោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម មានការ រំពឹងថាអ្វីៗនឹងផ្លាស់ប្តូរព្រោះខែ ក្រោយនេះ គឺជារដូវប្រមូលផលស្រូវ ហើយការនាំចេញនឹងស្ទុះឡើងវិញ។

លោក ហ៊ាន វណ្ណហន ៖«ការធ្លាក់ចុះនេះ បើតាមការអះអាងរបស់អ្នកនាំចេញអង្ករបានឲ្យដឹងថា វាអាចនឹងកើននៅខែក្រោយៗឡើងទៅវិញ ដោយហេតុផលថា ឥឡូវខែគេប្រមូលផលស្រូវស្រាលដើមរដូវ បញ្ហាដែលខ្ញុំមើលឃើញក្រៅពីបញ្ហាដែលអ្នកនាំចេញ​ជួបប្រទះ គឺបញ្ហាមិនមានស្រូវស្ដុកក្នុងការនាំចេញ នៅពេលដែលស្រូវថ្មីកំពុងប្រមូល នៅខែក្រោយនេះ គាត់នឹងទិញកិន ដើម្បីនាំចេញ»

សូមបញ្ជាក់ថា ការនាំចេញស្រូវអង្ករប្រចាំខែ កក្កដា នេះ ពុំមែនជាខែដំបូងដែលកម្ពុជាធ្លាក់ចុះអត្រានាំចេញស្រូវអង្ករកម្ពុជានោះទេគឺកាលពីខែ មិថុនា របាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា ការនាំចេញស្រូវអង្ករធ្លាក់ចុះ ៧ ភាគរយ។ កាលពីឆ្នាំ​២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជាង ៦០ ម៉ឺនតោន ហើយប្រទេសដែលទិញពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញស្រូវអង្ករឲ្យកម្ពុជាចំនួន ៣០ ម៉ឹនតោនក្នុងមួយឆ្នាំ​៕

Share

Image
Image
Image