loader

លោក ម៉ម សូណង់ដូ សង្ឃឹម ១ពាន់ភាគរយ ដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជាតិ

ក្រុងភ្នំពេញ៖ បន្ទាប់ពីការចាប់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ឆ្នាំ ២០១៨ ខាងមុខនេះ គណបក្សនយោបាយទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍ និង ក្តីរំពឹងក្នុងការទទួលអាសនៈពីការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការទទួលអាសនៈនិងការគាំទ្រពីពលរដ្ឋរហូតដល់ ១ពាន់ភាគរយ។

ស្តាប់សេចក្តីរាយការណ៍ពីលោក សេរី វឌ្ឍនៈ៖ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសន្និសីទកាសែត​ស្តីពីការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៦ កាលពីព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ នៅក្រសួងមហាផ្ទៃ។

ក្នុងសន្និសីទកាសែត នោះគណបក្ស ២​ ក្នុងចំណោម ២០ គណបក្សនយោបាយ ដែលគ.ជ.ប ទទួលស្គាល់ បានដាក់ក្តីរំពឹងថា ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៦ ឆ្នាំ នេះ គណបក្សខ្លួននឹងទទួលបានសំឡេង អាសនៈ និង ការគាំទ្រពីប្រជាពលរដ្ឋ។

លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលគណបក្សរបស់លោកស្ថិតនៅក្នុងលេខរៀងទី ៦ នៅក្នុងនីតិកាលទី ៦ នេះ ក្នុងចំណោម ២០ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង។

ប្រធានបក្សរូបនេះ ដាក់ក្តីរំពឹង ១០០០ ភាគរយបើទោះបីជាលទ្ធផលការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ កាលពីឆ្នាំ ២០១៧ កន្លងទៅ មិនទទួលបានផ្លែផ្កាអ្វីសោះក៏ដោយ។ តែលោកអះអាងថា គណបក្សនេះធ្វើដើម្បីជាតិ មិនមែនដើម្បីអាសនៈ។

លោក ម៉ម សូណង់ដូរ៖ ខ្ញុំសង្ឃឹម ១ពាន់ភាគរយ មូលហេតុ គណបក្សខ្ញុំលេខ ៦ បូករួមទាំង នីតិកាលទី ៦ មានន័យថា ជ័យជម្នះ បើនិយាយរឿងធ្វើបក្សនយោបាយដើម្បីកៅអី កុំធ្វើអីល្អជាង! គណបក្សពូធ្វើដើម្បីជាតិ ដើម្បីដោះស្រាយបញ្ហាជាតិ បើគិតរឿងកៅអី គួរនិយាយថាធ្វើជំនួញល្អជាង។

លោក បញ្ជាក់ថា ការដាក់ក្តីរំពឹងរបស់លោក ពុំមែនដោយសារតែអវត្តមានរបស់គណបក្សប្រឆាំងនោះទេ។

ឆ្លើយតបនឹងការដាក់ក្តីរំពឹងរបស់ប្រធានបក្សរូបនេះ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានបង្ហាញថា វាគ្រាន់តែជាតាកតិចនយោបាយរបស់បក្សលោក ម៉ម សំណង់ដូរតែប៉ុណ្ណោះ។ លោកថា គណបក្សនេះ បានចូលរួមការបោះឆ្នោត ៣ អាណ្ណត្តិមកហើយ តែពុំដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភាដែរ ពោលគឺគ្រាន់តែជារឿងធម្មតា ឬ ជា ល្បិចល្បោយ របស់លោក ក្នុងការពញ្ញាក់អារ្មមណ៍ក្នុងការឃោសនាបោះឆ្នោតប៉ុណ្ណោះ ។

លោក ហង្ស វិទូ៖ ខ្ញុំគិតថា ការដាក់ក្តីរំពឹងរបស់លោក ម៉ម សូណង់ដូរហ្នឹង គឺ ២-៣អាណ្ណត្តិមកហើយ ជាទូទៅ អ្នកនយោបាយខ្មែរ មិនត្រឹមតែលោក សំណង់ដូរជាច្រើនដែរ គាត់និយាយលក្ខណៈគេហៅថា លើសពីការរំពឹងទុក អាណ្ណតិ្តមុនគាត់បានប្រកាសថា គាត់នឹងទទួលបាន ១០ អាសនៈនៅក្នុងរដ្ឋសភា ហើយក្នុងអាណ្ណតិ្តនេះ គាត់រំពឹងស្រដៀងគ្នា អញ្ជឹងខ្ញុំ គិតថាវាជារឿងធម្មតា ហើយភាគច្រើនគឺជាចរិកនយោបាយរបស់ខ្មែរ ក្នុងការពញ្ញាក់អារម្មណ៍មុនការបោះឆ្នោតប៉ុណ្ណោះ។

ទោះជាយ៉ាងណា​ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជិត៤០ឆ្នាំមកនេះ ហើយ ចាប់បានលេខរៀងទី២០ រំពឹងយ៉ាងមាំថា បក្សនេះនឹងបន្តឈ្នះការបោះឆ្នោតទៀត។

លោក អ៊ក គីមហាន អនុប្រធានខុទ្ទកាល័យគណកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញពីអារម្មណ៍រីករាយ ដែលគណបក្សកាន់អំណាចនេះ ឈរនៅលំដាប់លេខរៀងទី ២០ ពោល គឺជាលំដាប់លេខរៀងចុងក្រោយគេ។ លោក ថា លេខរៀងទី ២០ របស់គណបក្សប្រជាជនកម្ពុជា គឺជាលេខរៀងល្អ ស្រួលចំណាំ មិនចាំបាច់ស្វែងរកច្រើន ព្រោះ លេខរៀងនេះ គឺនៅចុងក្រោយគេរួចស្រេច។

យ៉ាងណាលោកបានបង្ហាញពីក្តីរំពឹងយ៉ាងមុតមាំថា ការជឿជាក់ពីការដឹកនាំក្រោមម្លប់សន្តិភាពរបស់បក្សកាន់អំណាច ប្រជាជននឹងនៅតែជ្រើសរើសគណបក្សប្រជាជនដឹកនាំប្រទេសតទៅមុខទៀត។

លោក អ៊ក គីមហាន៖ លេខរៀងទី ១ ដល់ទី ២០ ហ្នឹង! ស្រួលវិញ ស្រួលចាំ ប្រជាពលរដ្ឋដឹងតែនៅលើគេហើយនិងក្រោមគេ ហើយខ្ញុំថាដូចជាមិនច្រលំអីអញ្ជឹងទៅ! ហើយសំខាន់ខ្ញុំសង្ឃឹមនៅតែសង្ឃឹមអញ្ជឹង ថាប្រជាពលរដ្ឋហ្នឹងក៏ដឹងដែរថា បក្សកាន់អំណាចបានធ្វើអ្វីខ្លះ ហើយប្រជាពលរដ្ឋនឹងនៅតែជឿជាក់អញ្ជឹងបាទ!។

តែសម្រាប់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូរ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែគណបក្សនេះត្រូវបានរំលាយចោលកាលពីឆ្នាំ ២០០១ ក្រោមមូលហេតុបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់លោក។ គណបក្សនេះធ្លាប់បានចូលរួមបោះឆ្នោតចំនួនបីលើកមកហើយ តែមិន ទួលបាន លទ្ធផលអ្វីឡើយ។ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ គណបក្សនេះ ក៏ពុំទទួលបានអាសនៈមេឃុំណាមួយឡើយ៕​

 

អត្ថបទដោយ៖ សេរីវឌ្ឍនៈ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សភាអន្តជាតិIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRPខណៈCPPព្យាយាមបញ្ជៀសរឿងនេះ

ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្រ[...]

ស្ពានឈើប្រវែង១៨៣ម៉ែត្រនៅក្នុងបរិវេណប្រាសាទបេងមាលាកំពុងសាងសង់ឡើងវិញ

តាមមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិអប្សរា ដំណើរកា[...]

រុស្ស៊ីនឹងបង្វែបំណុលកម្ពុជាជំពាក់ទៅជាការវិនិយោគតាមការស្នើរបស់សម្ដេច ហ៊ុន សែន(មានសំឡេង)

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត