en     km
en     km

​ស្រូវពង្រោះ​រាប់​ម៉ឺន​ហិ​កតា​ខ្វះ​ទឹក​ស្រោច​ស្រប​ព្រោះ​ជួប​គ្រោះ​រាំង​ស្ងួត​

Share

ភ្នំពេញ​៖​ ស្រូវពង្រោះ​រាប់​ម៉ឺន​ហិ​កតា​កំពុង​ខ្វះ​ទឹក​ស្រោច​ស្រប​ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ដោយសារ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ជា​ច្រើន​ខែ​។​ ស្រូវពង្រោះ​ទាំងអស់​នឹង​ងាប់​ប្រសិនបើ​គ្មាន​ទឹក​ស្រោច​ស្រប​ទាន់​ពេលវេលា​។​ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ អះអាង​ថា​ អាជ្ញាធរ​កំពុង​ស្តា​ប្រឡាយ​ទឹក​មួយ​ខ្សែ​ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវពង្រោះដែល​ជួប​គ្រោះ​រាំង​ស្ងួត​នោះ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

គ្រឿងចក្រកាយស្តាប្រឡាយទឹកដើម្បីនំាទឹកស្រោចស្របស្រូវពង្រោះប្រជាកសិករនៅឃុំស្វាយជ្រុង ស្រុកមេសាង ខេត្តព្រៃវែង។រូបភាព៖ ក្រសួងធនធានទឹឹក



​ខណៈ​ខេត្ត​ជា​ច្រើន​ជួប​ប្រទះ​បញ្ហា​ទឹកជំនន់​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង​ ដំណាំ​ស្រូវ​លិចលង់​អស់​គ្មាន​សល់​រាប់​ម៉ឺន​ហិ​កតា​ តែ​ខេត្ត​ខ្លះ​ក៏​ជួប​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​ខ្វះ​ទឹក​ស្រោច​ស្រូវ​ស្ទើ​ក្រៀម​ងាប់​អស់​ដែរ​។​ជាក់ស្តែង​ ស្រូវពង្រោះ​ជាង​២​ម៉ឺន​ហិ​កតា​ ស្ថិត​នៅ​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ស្រោច​ស្រប​ដោយសារ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ចាប់តាំងពី​ដើមរដូវ​វស្សា​ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​នោះ​។​

​លោក​ ឡាយ​ សា​រ៉េ​ត​ មេឃុំ​ស្វាយ​ជ្រុំ​ មាន​ប្រសាសន៍​ថា​ ស្រូវ​របស់​កសិករ​ជា​ច្រើន​គ្រួសារ​ នៅ​ក្នុងស្រុក​មេ​សាង​ ខេត្តព្រៃវែង​ កំពុង​ខ្វះ​ទឹក​ស្រោច​ស្រប​ ព្រោះ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ចាប់តាំងពី​ដើមរដូវ​វស្សា​។​ ករណី​នេះ​ លោក​មេឃុំ​ និយាយ​ថា​ អាជ្ញាធរ​ខេត្ត​ដាក់​គ្រឿងចក្រ​ពីរ​គ្រឿង​ស្តា​ប្រឡាយ​ទឹក​ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​កសិករ​។​

​លោក​ ឡាយ​ សា​រ៉េ​ត​៖ «​បើ​និយាយ​ពី​ការ​រាំង​ស្ងួ​រ​វា​រាំង​តាំងពី​ខែ​ពិសាខ​(​ខែឧសភា​)​មក​ម្ល៉េះ​ គ្រាន់តែ​ភ្លៀងរលឹម​តិច​តូច​មក​ស្រូវ​វា​ងាប់​មិន​អស់​ វា​គ្រាន់តែ​ត្រដរ​ វា​អត់​មាន​ភ្លៀង​ធំ​ទេ​អត់​មាន​ទេ​ បើ​ចំពោះ​ភ្លៀង​ដក់​នៅ​ស្រែ​តែ​ម្តង់​គឺ​គ្មាន​។​ស្រូវ​នេះ​បើ​យើង​ស្រាយ​ យើង​សង្គ្រោះ​ទាន់​យើង​បាន​៥០​ភាគរយ​វិញ​»​។​

​លោក​មេឃុំ​ប៉ាន់​ប្រមាណ​ថា​ ចាប់តាំងពី​ស្រូវពង្រោះ​ជួប​គ្រោះ​រាំង​ស្ងួត​គឺ​ស្រូវ​ប្រហែល​ ៥០​ ភាគរយ​រង​ការ​ក្រៀម​ខ្លោច​ងាប់​។​ ទោះបី​យ៉ាងណា​ លោក​មេឃុំ​ បញ្ជាក់​ថា​ អាជ្ញាធរ​ខេត្ត​បាន​ស្តាយ​ប្រឡាយ​ជួយ​សង្គ្រោះ​ស្រូវពង្រោះ​កសិករ​បាន​ជាង​ ១០០០​ហិ​កតា​ ស្ថិត​ក្នុងភូមិ​យ៉ាងតិច​ចំនួន​១០​ នៅ​ក្នុងស្រុក​មេ​សាង​។​

​ជុំវិញ​ករណី​នេះ​ លោក​ សំ​ សា​រុន​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​នៃ​ខេត្តព្រៃវែង​ ឱ្យ​ដឹង​ថា​ គ្រោះ​រាំង​ស្ថួ​ត​ប៉ះពាល់​ស្រុក​ចំនួន​ ៧​ លើ​ផ្ទៃដី​មាន​ស្រូវ​ប៉ះពាល់​ ២០៦៨២​ ហិ​កតា​។​ ស្រុក​ទាំងនោះ​រួម​មាន​ ស្រុក​បាភ្នំ​ ស្រុក​កំចាយមារ​ ស្រុក​កំពង់ត្របែក​ ស្រុក​កញ្ជ្រៀច​ ស្រុក​មេ​សាង​ ស្រុក​ព្រះស្តេច​ ស្រុក​ស្វាយ​អ​ន្ទ​រ​។​ប៉ុន្តែ​លោក​ថា​ ស្រុក​មេ​សាង​ជួប​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ជាងគេ​ ដែល​នាំ​ឱ្យ​ស្រូវ​ខ្វះ​ទឹក​ជាង​ ៦​ ពាន់​ហិ​កា​តា​។​

​លោក​ សំ​ សា​រុន​៖ «​ប៉ះពាល់​ជា​រួម​ដោយ​រាំង​ស្ងួត​វា​មាន​ប្រាំពីរ​ស្រុក​ផ្ទៃដី​ប៉ះពាល់​សរុប​២០៦៨២​ ហិ​កតា​ ហើយដោយ​ឡែក​ស្រុក​មេ​សាង​ប៉ះពាល់​ធ្ងន់​ជាងគេ​គឺ​៦០០៩​ ហិ​កតា​។​ជួយ​សង្គ្រោះ​ស្រូវ​បាន​ហើយ​មួយទៀត​វា​មិន​ទាន់​ខូច​ទេ​ដោយសារ​ដី​នៅ​ស៊ើប​ ឥឡូវ​ទឹកទន្លេរ​វា​ទៅ​កៀក​ដែរ​ប្រហែលជា​យើង​ជួយ​សង្គ្រោះ​បាន​ពាក់ព័ន្ធ​រាំង​ស្ងួត​»​។​

​លោក​ សំ​ សា​រុន​ បន្ថែម​ថា​ នៅ​ខេត្តព្រៃវែង​ឆ្នាំ​នេះ​ ក្រៅពី​ជួប​គ្រោះ​រាំង​ស្ងួត​ បញ្ហា​ទឹកជំនន់​ក៏​បាន​ជន់​លិច​ស្រូវពង្រោះ​ជាង​ ២​ម៉ឺន​៥​ពាន់​ ហិ​កតា​ថែម​ទៀត​ផង​។​ លោក​ អះអាង​ថា​ ការ​ស្តារ​ប្រឡាយ​បង្ហូរ​ទឹកនឹង​អាច​ជួយ​សង្គ្រោះ​ស្រូវពង្រោះ​របស់​កសិករ​រស់រាន​ឡើង​វិញ​។​

​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម​ខេត្តព្រៃវែង​ បាន​ដាក់​គ្រឿងចក្រ​ចំនួន​ពីរ​គឿ​ង​ស្តា​ប្រឡាយ​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​២០០០​ម៉ែត្រ​ ដើម្បី​នាំ​ទឹក​ពី​ទន្លេ​រវៃ​គោ​យ​ទៅ​ស្រោច​ស្រប​ជួយ​សង្គ្រោះ​ស្រូវ​កសិករ​ប្រមាណ​ ៥០០​ ហិច​តា​ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​ មន្ទីរ​ធនធាន​ទឹក​ បញ្ជាក់​ថា​ ក្រុមការងារ​ចាប់ផ្តើម​ស្តា​ប្រឡាយ​នៅ​ថ្ងៃ​ទី​ ៣​ កញ្ញា​ រហូត​មក​ពេល​នេះ​ស្តា​ប្រឡាយ​បាន​ជាង​៤០​ភាគរយ​ហើយ​។​

​លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈ​ក​ម្មា​ការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ​ បានឱ្យ​ដឹង​ថា​ ស្រូវ​សន្ទូង​ ស្រូវពង្រោះ​លិច​ទឹក​ដោយសារ​ទឹកជំនន់​ មាន​៤៤.៨៤៦​ ហិ​កតា​។​ ក្នុង​នោះ​ស្រូវ​សន្ទូង​ ស្រូវពង្រោះ​ខូចខាត​អស់​ ២១.៣៩១​ ហិ​កតា​ និង​សំណាប​រលួយ​ ១២​ ហិច​តា​។​

​ទឹកជំនន់​ប៉ះពាល់​ខេត្ត​ ក្នុង​ខេត្ត​ ស្ទឹង​ត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ កណ្ដាល​ តាកែវ​ និង​ខេត្ដ​កំពង់​ឆ្នាំ​។​ បញ្ហាទឹកជំនន់យ៉ាងតិច​មនុស្ស ​៣៦ ​នាក់​ស្លាប់​ដោយសារលងទឹកក្នុងនោះភាគច្រើនជាកុមារ៕

Share

Image
Image
Image