en     km
en     km

​មន្ត្រី​នគរបាល​ចរាចរណ៍​៖​ ដើមខែ​ឧសភា​ខាង​មុខ​ប៉ូ​លី​សនឹង​រឹត​បន្តឹង​ថែម​ទៀត​ចំពោះ​ការ​ផាកពិន័យ​

Share

​ភ្នំពេញ​៖​ លោក​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ០១​ ខែឧសភា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​ នគរ​ចរាចរណ៍​នឹង​រឹត​បន្តឹងបន្ថែម​ទៀត​ ចំពោះ​ការ​ផាកពិន័យ​អ្នក​រំលោភច្បាប់​ចរាចរណ៍​ បន្ទាប់​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​នៅ​ខែមករា​មិន​ទាន់​មាន​ប្រសិទ្ធ​ភា​ព​​។​

Ti-Long-text
លោក​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ

​លោក​ ទី​ ឡុ​ង​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​ FM102​ ថា​ ដើម្បី​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​មាន​ប្រសិទ្ធភាព​ និង​កាន់​តែ​ល្អ​ប្រសើរ​នោះ​នៅ​ដើមខែ​ឧសភា​ខាង​មុខ​នេះ​  នគរបាល​ចរាចរណ៍​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ផ្សេងៗ​ ពិសេស​លក្ខណៈ​បច្ចេកទេស​ និង​សុវត្ថិភាព​ចរាចរណ៍​។​

​លោក​ ទី​ ឡុ​ង​ ៖​ «​ បា៎ទ​ យើង​នឹង​អន​វុត្ត​តាម​ផែនការ​នេះ​ ដោយសារ​ថា​រាល់​ឯកសារ​ផ្សេងៗ​ ក្រសួង​សាធារ​ណ​ការ​ លោក​នឹង​បំពេញបែបបទ​រួចរាល់​ហើយ​ អ៊ី​ញ្ចឹ​ង​ពេល​ហ្នឹង​ គឺ​កងកម្លាំង​ប៉ូ​លី​ស​ នគរបាល​ចរាចរណ៍​យើងខ្ញុំ​ និង​​ធ្វើការ​ត្រួតពិនិត្យ​ទាំងអស់​ឡើង​វិញ​ ទាំង​រាល់​ឯកសារ​ ទាំង​លក្ខណៈ​បច្ចេកទេស​ ទាំងអស់​ និយាយ​ឱ្យ​ចំ​ទាំង​សុវត្ថិភាព​ចរាចរណ៍​តែ​ម្ដង​»​។

​លោក​ ទី​ ឡុ​ង​ បាន​បន្ដ​ទៀត​ថា​ ការ​រឹត​បន្ដឹង​ការ​ផាកពិន័យ​ច្បាប់​ចរាចរណ៍​នេះ​ គឺ​កងកម្លាំង​នគរបាល​ចរាចរណ៍​ ត្រូវ​ផ្ដោត​ទៅ​លើ​ការងារ​៤​ចំនុច​សំខាន់ៗ​  គឺ​ទី​មួយ​ ពាក់ព័ន្ធ​នឹង​ករណី​បើកបរ​លើស​ល្បឿន​កំណត់​ ។​ ទី​ពីរ​ ទាក់​ទង​​​​នឹង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ។​ ទី​បី​ ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​ការ​រឹត​បន្ដឹង​ឡាន​ដឹក​កម្មករ​ និង​ទី​បួន​ ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​ឡាន​ដឹក​ទំនិញ​លើស​ចំណុះ​។​

​លោក​ ទី​ ឡុ​ង​ ៖​ «​ និយាយ​ឱ្យ​ចំ​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​គឺ​មាន​ច្រើន​ ប៉ុន្ដែ​នៅ​ក្នុង​ យើង​យកចិត្តទុកដាក់​ បួន​ទៅ​ប្រាំ​ចំណុច​ជា​អាទិភាព​ ។​ ទី​មួយ​ ពាក់ព័ន្ធ​នឹង​បញ្ហា​បើកបរ​លើស​ល្បឿន​កំណត់​ ។​ យើង​ដឹង​ហើយ​ថា​ បច្ចុ​​ប្ប​ន្ន​នេះ​ ការ​ប្រើប្រាស់​ល្បឿន​នៅ​តែ​ជា​កត្តា​មួយ​ខ្ពស់​រហូត​ដល់​ជាង​ ៤០%​ បន្ទាប់​ពី​នេះ​មក​គឺ​ការ​បើកបរ​ក្រោ​ម​​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ ដែល​យើង​យកចិត្តទុកដាក់​បន្ដបន្ទាប់​  ហើយនឹង​មានការ​ត្រួតពិនិត្យ​រឹត​បន្ដឹង​ឡាន​ដឹក​កម្មករ​…​ហើយ​ក្រៅពី​នេះ​ យើង​នឹង​ត្រូ​ត​ពិនិត្យ​ឡាន​ដឹក​ទំនិញ​។​ និយាយ​ឱ្យ​ចំ​ ភាគច្រើន​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​ ប៉ុន្ដែ​បើ​បញ្ហា​ល្បឿន​ និង​បច្ចេកទេស​ជា​បញ្ហា​មួយ​ដែល​យើង​មិន​អាច​យោគយល់​បាន​»​ ។​

ច្បាប់​ចរាចរណ៍​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ដើម​ខែមករា​ ឆ្នាំ​ ២០១៦​ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​​បួន​ខែ​ហើយ​ ។​ តាម​រយៈ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​រយៈពេល​ជិ​ប្រាំ​ខែ​នេះ​  មន្ដ្រី​អង្គការ​ធ្វើការ​លើ​រឿង​ចរាចរណ៍​ទទួលស្គាល់​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​ មានការ​យល់​ដឹង​ច្រើន​ពី​ច្បាប់​និង​ការ​ផាកពិន័យ​ផ្សេងៗ​ ប៉ុន្ដែ​ការ​អនុវត្ត​នៅ​តែ​ពុំ​ទាន់​មាន​ប្រសិទ្ធិ​ភាព​ ។​

traffin-in-phnompehn
នគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្នុងពេលកន្លងទៅ

​ទាក់ទង​នឹង​រឿង​អនុវត្ត​ចរាចរណ៍​នេះ​ដែរ​ មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​លោក​  អ៊ា​ ចរិយា​ មើលឃើញ​មិន​ខុស​ពី​មន្ដ្រី​នគរបាល​ចរាចរណ៍​ដែរ​ តែ​គ្រាន់តែ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ មានការ​ផ្សព្វ​ផ្សាយ​អប់រំ​ ឱ្យ​បាន​ទូលំទូលាយ​ជាង​នេះ​ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​ផាកពិន័យ​នៅ​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ភាព​ខ្វះចន្លោះ​នៅឡើយ​ ។​

លោក​  អ៊ា​ ចរិយា​ ៖​ «​ ការ​អនុវត្តន៍​មាន​ច្រើន​ដែរ​នៅ​រាជធានី​ភ្នំពេញ​ ហើយ​តាម​បណ្ដា​ខេត្ត​ខ្លះ​ គ្រាន់តែ​ថា​មួយ​រយៈ​នេះ​យើង​ឃើញ​ មានការ​រយាល​នៃ​ការ​ផាកពិន័យ​ខ្លះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដូច​ជា​ការ​ដាក់​ត្រួតពិនិត្យ​ ទៅ​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​មិន​ទាន់​ដាក់​បានជា​ប្រចាំ​នៅឡើយ​ »​។​

​ទាក់ទង​នឹង​ភាព​ខ្វះចន្លោះ​នេះ​ដែរ​ លោក​ អ៊ា​ ចរិយា​ ក្នុង​នាម​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​លើ​ច្បាប់​ចរាចរណ៍​ ទទូ​ច​​​ឱ្យ​មន្ដ្រី​នគរបាល​ចរាចរណ៍​ ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បន្ថែម​ទៀត​។​

​លោក​  អ៊ា​ ចរិយា​ ថា​៖​ «​ខ្ញុំ​គិត​ថា​ ទី​មួយ​ រដ្ឋាភិបាល​គួរតែ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជា​ព​លរដ្ឋ​ ឱ្យ​គាត់​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​មិន​ទាន់​យល់​ច្បាស់​នៅឡើយ​។​ ហើយ​ទី​ពីរ​ ការ​រឹត​បន្ដឹង​ច្បាប់​គួរ​ធ្វើ​ឱ្យ​បានជា​ប្រចាំ​ ហើយ​នៅ​គ្រប់​ទីកន្លែង​ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់​ ដើម្បី​កាត់​បន្ថយ​នៃ​អត្រា​ល្មើសច្បាប់​ដូច​ជា​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ និង​ការ​បើកបរ​ស្ថិត​នៅ​ក្នុង​ជាតិ​ស្រវឹង​ហួសហេតុ​ ដែល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​

សូម​ជម្រាប​​ថា​ បើ​តាម​របាយការណ៍​សង្ខេប​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ រក​ឃើញ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០១៤​ គឺ​មាន​ចំនួន​លើស​ពី​ចំនួន​ដែល​បាន​ព្យាករណ៍​ទុក​សម្រាប់​ឆ្នាំ​ ២០១៤​ ហើយ​មនុស្ស​ប្រមាណ​ ១២០០​ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០១៥​ ប៉ុណ្ណោះ​ ។​ ចំនួន​នេះ​ បង្ហាញ​ពី​ការ​កើនឡើង​នៃ​អត្រា​គ្រោះថ្នាក់​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។​

​របាយការណ៍​អង្គការ​មួយ​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តែ​មិន​មាន​ប្រសិទ្ធិ​ភាព​ នោះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​មានការ​កើនឡើង​ ៕

Share

Image
Image
Image