en     km
en     km

​គ​.​ជ​.​ប​រំពឹង​ថា ​គណបក្ស​នយោបាយ​ចូលរួម​បោះ​ឆ្នោត​ច្រើន​ជាង​អាណត្តិ​មុន

Share

​ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ក្តី​រំពឹង​ថា​ យ៉ាងតិច​ណាស់​គណបក្ស​នយោបាយ​ជាង​១០​នឹង​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​ ឆ្នាំ​ ២០១៨​នេះ​។​

​ស្រប​ពេល​គណបក្ស​នយោបាយ​តូចៗ​ទើបនឹង​បង្កើត​ឡើងជា​បន្តបន្ទាប់​ ហើយ​បង្ហាញ​ជំហរ​ ចូលរួម​ប្រកួត​ប្រ​ជែក​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ រំពឹង​ថា​ ការ​បោះ​ឆ្នោត​នេះ​ នឹង​អាច​មាន​គណបក្ស​នយោបាយ​ច្រើន​ជាង​អាណត្តិ​មុន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​ក្នុង​សភា​តាម​រយៈ​ការ​បោះ​ឆ្នោត​។​

​គ​.​ជ​.​ប​ ប្រកាស​ឲ្យ​ដឹង​ថា​ ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ មាន​រយៈពេល​១៥​ ថ្ងៃ​ ដែល​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ ឧសភា​នេះ​។​

​លោក​ ឌឹ​ម​ សុ​វ​ណ្ណា​រុំ​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ គណបក្ស​នយោបាយ​ច្រើន​ជាង​ ១០​ នឹង​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​។​ លោក​ថា​រំលឹក​ថា​ កាលពី​បោះ​ឆ្នោត​នៅ​ឆ្នាំ​ ២០១៣​ មាន​គណបក្ស​នយោបាយ​ចំនួន​ ៨​ ចូលរួម​បោះ​ឆ្នោត​។​

​លោក​ ឌឹ​ម​ សុ​វ​ណ្ណា​រុំ​៖​ «​មិន​តិច​ជាង​គណបក្ស​ចំនួន​១០​ទេ​ ដែល​នឹង​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នៅ​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​ ពិតជា​ច្រើន​ជាង​ហើយ​ព្រោះ​អាណត្តិ​២០១៣​ មាន​ត្រឹមតែ​ ៨​ គណបក្ស​ប៉ុណ្ណោះ​។​»

​បច្ចុប្បន្ន​គណបក្ស​ចំនួន​ ៣៧​ បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​។​ អ​សនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦​នេះ​ មាន​តំណាងរាស្ត្រ​ ១២៥​រូប​ ហើយ​បេក្ខជន​យ៉ាងតិច​ ៤១​ រូប​ របស់​គណបក្ស​នយោបាយ​នីមួយៗ​ដាក់​ក្នុង​បញ្ជី​បោះ​ឆ្នោត​។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ កន​ សាវា​ង្ស​ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ មើលឃើញ​ថា​ ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​នឹង​អាច​មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​ការ​បោះ​ឆ្នោត​ជាង​អាណត្តិ​មុន​ ព្រោះ​គណបក្ស​នយោបាយ​តូចៗ​បង្កើត​ឡើងជា​ហូរហែ​។​

​លោក​ កន​ សាវា​ង្ស​៖​ «​ឥឡូវនេះ​គណបក្ស​ពហុ​កា​មិន​ចូលរួម​ការ​បោះ​ឆោត​មាន​ពីរ​និង​ត្រូវ​លុប​ចេញ​មួយ​ក៏​ប៉ុន្តែ​ទោះបី​យ៉ាង​មានការ​បង្កើត​ថែម​គណបក្ស​ចំនួន​ពីរ​បី​ទៀត​អ​ញ្ចឹ​ង​យើង​ឃើញ​ថា​ អាច​ប្រហាក់​ហែល​នឹង​ឆ្នាំ​ ២០១៣​ ឬ​អាច​ក៏​លើស​តិចតួច​ លើស​មួយ​ ពីរ​។​»

​បើ​តាម​ លោក​ ឌឹ​ម​ សុ​វ​ណ្ណា​រុំ​ អ្នកនាំពាក្យ​គ​.​ជ​.​ប​ ថា​ គណបក្ស​នយោបាយ​ចំនួន​ ២២​ បាន​មក​ទទួល​ទំ​រង​បែបបទ​ពី​ គ​.​ជ​.​ប​ ហើយ​ក្នុង​នោះ​គណបក្ស​ចុះបញ្ជី​ចំនួន​ ៥​ ដោយ​ គ​.​ជ​.​ប​ ទទួលស្គាល់​ជា​ផ្លូវការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ចំនួន​ ៣​ គិត​មក​ដល់​ថ្ងៃនេះ​។​ គណបក្ស​ដែល​ គ​.​ជ​.​ប​ ទទួលស្គាល់​ផ្លូវការ​រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​យុវជន​កម្ពុជា​ និង​គណបក្ស​សញ្ជាត​កម្ពុជា​៕

Share

Image
Image
Image