ក្រសួងបរិស្ថានបានប្រកាសថា នឹងកាត់បន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចំនួន៦ នៅក្នុងខេត្តចំនួន៣ មកនៅត្រឹម៥០ឆ្នាំ ដើម្បីគ្រប់គ្រងគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព។ ករណីនេះអ្នកវិភាគយល់ថា វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ មកលើរាជរដ្ឋាភិបាលកម្ពុជា។
អ្នកវិភាគយល់ថា ការកាត់បន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន មកនៅត្រឹម៥០ឆ្នាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់អ្នកវិនិយោគ មកលើរាជរដ្ឋាភិបាលកម្ពុជា។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកមាស នី មានប្រសាសន៍ជាមួយវិទ្យុស្ត្រីអេហ្វអឹម១០២ នៃ WMC នៅថ្ងៃអាទិត្យ ទី១៨ ខែតុលាថា ការសម្រេចចិត្តភ្លាមៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្ដូរជំហរលើការផ្ដល់ដីសម្បទាននេះ អាចប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះក្រុមហ៊ុនទាំងនោះសុទ្ធតែមានផែនការរបស់ខ្លួនច្បាស់លាស់ ក្នុងការចំណាយទុនវិនិយោកនីមួយៗ។
លោកមាស នី មានប្រសាសន៍ថា៖ «នៅក្នុងប្រទេសខ្មែរយើងនេះ គោលនយោបាយហ្នឹង គឺយើងធ្វើការផ្លាស់ប្ដូរ មិនមានការផ្ទៀងផ្ទាត់អី ដែលអាចប្រាកដនិយមឲ្យគេជឿបាន ។ អ៊ីចឹងពេលដែលយើងចុះហត្ថលេខាពី៩៩ឆ្នាំ រហូតមកចុះមកនៅត្រឹម៥០ឆ្នាំ នៅក្នុងពួកអ្នកជំនួញ គេមានគ្រោងការជាយុទ្ធសាស្ត្ររបស់គេរៀប។ អ៊ីចឹងនៅក្នុងការផ្លាស់ប្ដូរគោលនយោបាយនៅក្នុងកណ្ដាលទីនេះ វានឹងធ្វើឲ្យអ្នកវិនិយោគទុនដែលធំៗហ្នឹង គេបាត់បង់ទំនុកចិត្តដែរ»។
ចំណែកប្រធានវេទិកាអនាគត លោកអ៊ូ វីរៈ មានប្រសាសន៍ថា បើសិនជាការសម្រេចកាត់បន្ថយរយៈពេលផ្ដល់ដីសម្បទាននោះ ធ្វើឡើងតាមរយៈការចរចាជាមួយក្រុម នោះវានឹងមិនមានបញ្ហាអ្វីកើតឡើងទេ ផ្ទុយទៅវិញលោកថា បើការកាត់បន្ថយនោះសម្រេចឡើងដោយបំពានទៅលើក្រុមហ៊ុន នោះរដ្ឋាភិបាលជាអ្នកខុសច្បាប់ ហើយត្រូវចេញសំណងដល់ក្រុមហ៊ុន។
យ៉ាងនេះក្ដី លោកអ៊ូ វីរៈ បញ្ជាក់ថា ជាទូទៅមិនឃើញមានការប្ដឹងផ្ដល់គ្នា រវាងក្រុមហ៊ុន ទទួលបានដីសម្បទានសេដ្ឋកិច្ច ទៅលើការសម្រេចរបស់រាជរដ្ឋាភិបាលនោះទេ ដោយសារតែ ទាំងការផ្ដល់ ទាំងការទទួលបានដីសម្បទានសេដ្ឋកិច្ច សុទ្ធតែមានកំហុសក្នុងរឿងនេះ ។ លោកអ៊ូ វីរៈ មានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈប្រទេសកម្ពុជា ដោយសារភាគច្រើនក្រុមហ៊ុនមិនមានបំពេញកាតព្វកិច្ចត្រឹមត្រូវ ដើម្បីបានដីសម្បទាន អ៊ីចឹងជាទូទៅកិច្ចព្រមព្រៀងហ្នឹងគឺច្រើនតែខុសទាំងសងខាង អ្នកដែលទទួលបានក៏ខុសភាគច្រើន ហើយអ្នកដែលផ្ដល់គឺភាគីរដ្ឋាភិបាលក៏ច្រើនតែខុស។ ដោយសារអ៊ីចឹងហើយបានជាទូទៅមិនសូវជាមានហ៊ានការប្ដឹងផ្ដល់គ្នាដល់ក្រុមហ៊ុនហ្នឹង គឺដោយសារប្រហែលជាក្រុមហ៊ុនក៏មានខ្លួនខ្លាំងណាស់ដែរ ដោយសារអ៊ីចឹងបានរដ្ឋាភិបាលគាត់អាចចរចាបានបែបហ្នឹងបាទ»។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា កន្លងមកថ្មីៗនេះ ក្រសួងបរិស្ថានបានប្រកាសថា រដ្ឋាភិបាលសម្រេចរុះរើកិច្ចសន្យា ជាមួយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន៦គម្រោង ស្ថិតនៅក្នុងខេត្តចំនួន៣ គឺខេត្តកោះកុង ពោធិ៍សាត់ និង កំពត ដែលមានផ្ទៃក្រឡា ៤៥ ៤៦៨ហិកតា៕