en     km
en     km

អំ​ណា​ន​នៅ​តែ​ជា​បញ្ហា​សំរាប់​សិស្សានុសិស្ស​កម្ពុជា​(មានសំឡេង)

Share

​ភ្នំពេញ​៖  ​មួយ​ថ្ងៃក្រោយ​ពី​ទិវា​អំ​ណា​ន​ជាតិ​ អង្គការ​ទស្សន​ពិភពលោក​បាន​បង្ហាញ​របាយការណ៍​មួយ​ថា​ការ​ដោះស្រាយ​អន​ក្ខ​រកម្ម​នៅ​កម្ពុជា​ក្នុង​ចំណោម​សិស្សានុសិស្ស​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​តម្រូវការ​នៃ​ការ​បង្កើត​បណ្ណាល័យ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នៅ​តាម​គ្រឹះស្ថាន​អប់រំ​។​​ 


ការដាក់តាំងលក់សៀវភៅនៅក្នុងពិព៍ណសៀវភៅមួយនៅបណ្ណល័យជាតិកាលពីពេលកន្លងទៅ។រូបភាពពីWMC

«ការ​សម្រេច​បាន​អក្ខរកម្ម​ល្អ​សម្រាប់​កុមារ​ នៅ​តែ​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»។​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ក្រោយ​ពី​បាន​ធ្វើការ​អង្កេត​ទៅ​លើ​សិស្សានុសិស្ស​ក្នុង​ខេត្ត​ចំនួន​ប្រាំបួន» ។​

​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​ខែមីនា​គឺ​មួយ​ថ្ងៃក្រោយ​ពី​ទិវា​ជាតិ​នៃ​អំ​ណា​ន​។​

​ក្នុង​របាយការណ៍​នោះ​អង្គការ​ទស្សន​ពិភពលោក​បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​២០១២​សិស្សសាលា​នៅ​ថ្នាក់​ទី​២​ចំនួន​២​ភាគ​៣​អាច​អាន​បាន​។​ដោយឡែក​នៅ​ឆ្នាំ​ ២០១៦​ មាន​តែ​មួយ​ភាគ​បួន​នៃ​សាលារៀន​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​វាយតម្លៃ​តែ​ប៉ុណ្ណោះ​ បាន​បំពេញ​តាម​ស្ដង់ដារ​ធនធាន​អំ​ណា​ន​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​។​

​ដោយឡែក​បើ​ផ្អែក​តាម​ការ​វាយតម្លៃ​របស់​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ នៅ​ឆ្នាំ​២០១៣​ឲ្យ​ដឹង​ថា​មាន​តែ​ ៤៥,៧​ ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​សិស្សានុសិស្ស​ថា្ន​ក់​ទី​៦​អាច​សរសេរ​ និង​អាន​ភាសា​ខ្មែរ​បាន​។​

​លោកស្រី​បណ្ឌិត​ ជិ​ល​ រេ​ម័​រ​ ប្រធាន​បច្ចេកទេស​អប់រំ​និង​បំ​ណិ​ន​ជីវិត​នៃ​អង្គការ​ទស្សន​ពិភពលោក​ មាន​ប្រសាសន៍​ថា​«​បើ​ទោះបីជា​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​ពីសារ​សំខាន់​នៃ​ការ​អាន​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​ក៏​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ជំរុញ​ដើម្បី​ឲ្យ​មាន​វប្បធម៌​អាន​ពិត​មួយ»​។​

នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ខ្លួន​អង្គការ​ទស្សនៈ​ពិភពលោក​ World​ Vision​ រក​ឃើញ​ថា​ សិស្ស​ជា​ច្រើន​នាក់​ចង់បាន​បណ្ណាល័យ​ដែល​មាន​សៀវភៅ​ច្រើន​ជាង​មុន​ និង​មាន​បរិយាកាស​ល្អ​ ។​ ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​បឋម​សិក្សា​ចំនួន​ ៤៣​ ទូ​ទាំង​ប្រទេស​  ក្នុង​ខេត្ដ​ចំនួន​ប្រាំបួន​។​ខេត្ត​ទាំងនោះ​រួម​មាន​ ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កំពង់ធំ​ កណ្ដាល​ ព្រៃវែង​ ព្រះ​វិហារ​ សៀមរាប​ និង​ខេត្តតាកែវ​។​

​អង្គការ​ទស្សនៈ​ពិភពលោក​ដដែល​  បាន​រក​ឃើញ​ទៀត​ថា​ សិស្សានុសិស្ស​ជាង​ ៤​ពាន់​នាក់​ បាន​បោះ​ឆ្នោត​លើ​ស្ដង់ដារ​បណ្ណាល័យ​ដែល​ពួក​គេ​ចង់​ឲ្យ​មានការ​កែ​លម្អ​ខ្លាំង​បំផុត​។​ទន្ទឹម​នឹង​នោះ​  សិស្ស​ចំនួន​ ២៥​ភាគរយ​ បាន​បោះ​ឆ្នោត​ចង់​ឲ្យ​មាន​ “​កំណើន​ចំនួន​ និង​ភាព​សម្បូរ​បែប​នៃ​សៀវភៅ​ និង​ឯកសារ​អាន​”​។​

​ដោយឡែក​សិស្ស​ចំនួន​ ១២​ភាគរយ​ បោះ​ឆ្នោត​ចង់​ឲ្យ​មាន​ “​បរិយាកាស​អំណោយផល​សម្រាប់​ការ​អាន​“​។​ ហើយ​សិស្ស​ចំនួន​ ១០​ភាគរយ​បោះ​ឆ្នោត​ចង់​ឲ្យ​មាន​ “​ការ​រៀបចំ​ឲ្យ​មាន​សកម្មភាព​អាន​នៅ​ក្នុង​បណ្ណាល័យ​”​ ឲ្យ​បាន​កាន់តែ​ច្រើន​។​

​លោក​រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ មិន​អាច​ទាក់ទង​បាន​ទេ​នៅរសៀល​ថ្ងៃនេះ​។​

​ប្រទេស​កម្ពុជា​ត្រូវ​គេ​សំគាល់ថា​មាន​ប្រជាពលរដ្ឋ​ដែល​និយម​ការ​អាន​តិចតួច​ធៀប​នឹង​ប្រទេស​ជឿនលឿន​នៅ​ក្នុង​ពិភពលោក​។​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ទិវា​នៃ​ការ​អាន​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អាន​ឲ្យ​កាន់តែ​ច្រើន​។​

​លោក​ ហុ​ក​ សុទ្ធិ​ នាយក​អង្គការ​ស៊ី​ប៉ា​ មាន​ប្រសាសន៍​ថា​ ការ​អាន​មាន​សារសំខាន់​សំរាប់​ពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​សំរាប់​សិស្សានុសិស្ស​នៅ​កម្រិត​បឋម​សិក្សា​។​ ​លោក ​គាំទ្រ​តាម​និន្នាការ​ខ្វះ​ការ​យកចិត្តទុកដាក់​ពីសា​លា​ ខ្វះ​ការ​លើកទឹកចិត្ត​ អសកម្ម​របស់​បណ្ណាល័យ​ ខ្វះ​ការ​បន្ថែម​សៀវភៅ​ថ្មីៗ​ដែល​ជា​គោល​ការ​ណ៍។សិស្ស​ដែល​ចូល​រៀន​ដំបូង​ត្រូវការ​ចេះ​អាន​។ ​

បើ​គាត់​មិន​ចេះ​អាន​ហើយ​វា​នឹង​ក្លាយជា​ឧបសគ្គ​នៃ​ការ​សិក្សា​គ្រប់មុខ​ទាំងអស់​នៅ​ថ្ងៃ​មុខ​។​ហើយ​ដើម្បី​ឲ្យ​សិស្ស​ចេះ​អាន​មិនមែន​ជា​ភារកិច្ច​សំរាប់​តែ​សាលា​តែ​មួយ​មុខ​ទេ​។​ឱ​ពុក​ម្តាយ​ត្រូវ​គិតគូរ​អំពី​កូន​។​ត្រូវ​រក​សៀវភៅ​ឲ្យ​កូន​អាន​បន្ថែម​ ត្រូវ​តាមដាន​លទ្ធផល​នៃ​ការ​អាន​របស់​សិស្ស​ជាដើម​។​ 

​អង្គការ​ស៊ី​ប៉ា​គឺជា​អង្គការ​មួយ​ដែល​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​មានការ​អាន​ទាំង​ក្នុង​ទី​សាធារណៈ​ នៅ​តាម​ពន្ធនាគារ​ និង​នៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ​៕

Share

Image
Image
Image