អង្គការសិទិ្ធមនុស្សអន្តរជាតិ ចំនួន ២ បានថ្កោលទោស តុលាការកម្ពុជា ដែលបដិសេធមិនអោយ អ្នកការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក និង មន្ត្រីគ.ជ.ប បាននៅក្រៅឃុំដោយចាត់ទុកសាលដីកា របស់តុលាការកំពូលថា ស្ថិតនៅក្រោមសម្ពាធនយោបាយ។
ការថ្កោលទោស របស់អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការ Forum Asia បានធ្វើឡើងដាច់ដោយឡែក ពីគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី១ធ្នូ គឺមួយថ្ងៃបន្ទាប់ពីតុលាការ កំពូល សម្រេចតម្កល់ សាលក្រមតុលាការរាជធានីភ្នំពេញ ដែលបន្តឃុំខ្លួន អ្នកការពារសិទ្ធិមនុស្ស ៤រូបមន្ត្រីគ.ជ.ប ម្នាក់ នៅរយៈពេល ៦ខែទៀត។
លោក Brad Adams នាយក Human Rights Watch ប្រចាំអាស៊ី បាននិយាយថា ការបន្តឃុំខ្លួន ពួកគាត់ទាំង៥នាក់នេះ បន្តទៀត គឺជាការរំលោភធ្ងន់ធ្ងរលើគោលការណ៍សិទិ្ធមនុស្សជាមូលដ្ឋាន។ ចំណែក នាយិកាអង្គការ Forum Asia លោកស្រី Betty Yolanda បានហៅការឃុំខ្លួន មនុស្ស ទាំង៥នាក់នេះ ថា ជាការឃុំខ្លួន ដោយឃោរឃៅនិង រំលោភបំពានធ្ងន់ធ្ងរ។ លោកស្រីថា ជាការពិត គ្មានភស្តុតាងដាក់បន្ទុកគ្រាប់គ្រាន់ ដើម្បីបន្តឃុំខ្លួន អ្នកទាំងនេះឡើយ។
ទាំង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ជាមន្ត្រីជាន់ខ្ពស់ សមាគម ការពារសិទ្ធិមនុស្ស អាដហុក ត្រូវបានចាប់ខ្លួន ជាង២០០ថ្ងៃមកហើយ ក្រោម បទចោទក្នុងសំនុំរឿង នាងខុម ចាន់តារាទី ហៅស្រីមុំ៕