en     km
en     km

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​(មានសំឡេង)

Share

ភ្នំពេញ៖លោកង្វៀន ហ្វ៊ូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមទើបតែបានមកដល់ប្រទេស កម្ពុជាកាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ។ជាដំណើរទស្សនកិច្ចដែលមន្ត្រីរដ្ឋាភិបាលអះអាងថាដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី។រាយការណ៍ជូនដោយ កញ្ញា ច្រឹក ស្រីអូន ៖

 

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​

ប្រមុខដឹកនាំគណបក្សកុម្មុនិស្តវៀតណាម លោកង្វៀន ហ្វ៊ូជុង បានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកម្ពុជាក្នុងគោលដៅពង្រឹងចំណងមិត្តភាពទ្វេភាគី។នេះគឺជាដំណើរទស្សកិច្ចលើកទី២របស់ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមក្រោមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

លោកផៃ ស៊ីផាន៖«ជាការរឹតចំណងមេត្រីភាពជាមួយថ្នាក់ដឹកនាំយើង ជាភ្ញៀវរបស់ព្រះមហាក្សត្រតបតាមការអញ្ជើញ ហើយលោកនឹងទៅបំពេញទស្សនៈកិច្ចនៅកំពុងសោម ដូច្នេះជាភ្ញៀវរបស់ព្រះមហាក្សត្រ និង ប្រជាជន»។

ភ្លាមៗក្រោយពីបានមកដល់កម្ពុជា លោកង្វៀន ហ្វ៊ូជុង បានចូលគាល់ព្រះមហាក្សត្រនិងបានទៅគោរពព្រះបរមរូបសំណាកព្រះបរមកោដ្ឋនិងដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា វៀតណាម នៅមុខវត្តបុទុមវតី ខាងត្បូងព្រះបរមរាជវាំង។

នៅរសៀលថ្ងៃដដែលនេះ លោកអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមត្រូវជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី២២ខែកក្កដានេះប្រមុខដឹកនាំគណបក្សកុម្មុយនិស្តវៀតណាមត្រូវចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។ព្រមទាំងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

សម្តេច ហ៊ុន សែន និង លោក ង្វៀន ហ្វ៊ូជុង នឹងត្រូវធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ក្នុងក្របខណ្ឌ័នៃដំណើរទស្សនកិច្ចនេះប្រទេសទាំងពីរនឹងត្រូវធ្វើពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ។

លោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនធ្វើសេចក្តីអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរបស់លោកង្វៀន ហ្វ៊ូជុង នេះទេ។

ប្រទេសវៀតណាមគឺជាប្រទេសវិនិយោគវិនិយោគសំខាន់ទី ៥ ក្នុងប្រទេសកម្ពុជាជាមួយនឹងទឹកប្រាក់វិនិយោគចំនួន ២,៩ ពាន់លានដុល្លារក្នុងគម្រោងវិនិយោគចំនួន១៩០គម្រោង។ នៅឆ្នាំ ២០១៦ បណ្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់ចំនួន ៣ពាន់លានដុល្លារអាមេរិក៕

Share

Image
Image
Image