en     km
en     km

សំណុំរឿងផ្កាយមួយគប់បែកក្បាលនារីម្នាក់ត្រូវបានចាត់ការឡើងវិញក្រោយផ្កាយបីម្នាក់អន្តរាគមន៍

Share

បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យសាកសួរមន្រ្តីផ្កាយមួយម្នាក់ឡើងវិញ បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ឯក សៀក សុជាតិ បានអន្តគមន៍គាំទ្រចំណាត់ការផ្លូវច្បាប់ ករណីមន្រ្តីផ្កាយមួយរូបនេះ យកចានគប់លើនារីម្នាក់បណ្តាលឱ្យបែកថ្ងាសចេញឈាម ហើយក្រោយមកត្រូវបានសម្របសម្រួលជាថវិកាបញ្ចប់រឿងនោះ។

 

                              ​រូបលោកផ្កាយ១ នេត សំអាត និងនារីរងគ្រោះ ជិន ស្រីនាង។ រូបភាពពី សារព័ត៌មាន ជួយសង្គម។

 

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យលោក ឃិន ស៊ីដេត បានប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០១៨នេះថា សមត្ថកិច្ចបានហៅជនបង្កហេតុមកសាកសួរឡើងវិញ  ហើយ ពេលនេះសមត្ថកិច្ចសុំយោបល់ពីថ្នាក់លើដើម្បីសម្រេចថាត្រូវបញ្ចូនសំណុំរឿងនេះទៅតុលាការឬយ៉ាងណានោះ។

លោក ឃិន ស៊ីដេត៖«ខ្ញុំហៅគាត់មកសាកសួរហៅហើយ ឥឡូវកំពុងសុំយោបល់ថាត្រូវបញ្ជូនសំណុំរឿងម៉េចអីម៉េច តែប៉ុណ្ណឹង! សូមទោស»។

យ៉ាងណាការបន្តសំណុំរឿងនេះឡើងវិញ គឺបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ បានប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃម្សិលមិញថា លោកនឹងគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ច តាមផ្លូវច្បាប់។ លោក សៀក សុជាតិ បន្ថែមថា វិធានការណ៍ផ្លូវច្បាប់យ៉ាងដាច់ណាត់នេះ គឺដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលធ្លាប់មានប្រពៃណីល្អជាមួយ ប្រជាជនជាដរាបមក។​

ក្នុងសម្តីដើមដែលអង្គភាពFresh News បានដកស្រង់មកចុះផ្សាយលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ មានប្រសាសន៍យ៉ាងដូច្នេះថា៖«ទី១៖ វាខុសនឹងច្បាប់កងយោធពលខេមរភូមិន្ទ, ទី២៖ ថ្នាក់ឧត្តមសេនីយ៍មិនមែនបំពាក់ឲ្យអ្នកឯងយកអំណាចនេះ ទៅគាប់សង្កត់ ប្រជាពលរដ្ឋ ឬប្រើអំពើព្រៃផ្សៃបង្កឲ្យមានរបួសស្នាមយ៉ាងនេះបានទេ ហើយក៏មិនអាចយកថវិកាប៉ុណ្ណឹងទៅបន្សាប់ជនរងគ្រោះបានដែរ […] ខ្ញុំត្រូវតែប្រឈមនឹងដោះស្រាយបញ្ហានេះ អនុវត្តទៅតាមវិន័យកងយោធពលខេមរភូមិន្ទ គឺខ្ញុំមិនអនុញ្ញាតឲ្យមន្ដ្រីណាមួយរបស់កងទ័ពកិច្ចការព្រំដែន បង្ក ឬធ្វើឲ្យមានស្នាមរបួសដល់អ្នកណាម្នាក់រួចខ្លួនពីសំណាញ់ច្បាប់នោះទេ»។

 

លោកនាយឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ។រូបភាពពីFresh news

 

កាលពីថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៧យប់ ក្មេងស្រីម្នាក់ជាអ្នកបំរើការក្នុងភោជនីយដ្ឋានឈ្មោះ«ស្រះត្រជាក់ចិត្តថ្មី»ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបាន​ឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យ​ទំនាក់ទំនងព្រំដែន កម្ពុជា​-ថៃ មកពីក្រសួងការពារជាតិ បានគប់ចានចង្កឹះចំថ្ងាសបណ្តាលឱ្យបែកចេញឈាមត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍សង្នការនរគបាលខេត្តបន្ទាយមានជ័យ។

តាមចម្លើយសារភាពរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ជិន ស្រីនាង អាយុ ១៧ឆ្នាំ ដែលមានក្នុងកំណត់ហេតុរបស់ប៉ូលីសនាងបានរាយការណ៍ថា នៅយប់ថ្ងៃកើតហេតុនាងបាន​ដើរ​ទៅ​តុ​មួយផ្សេងទៀតដែលមានភ្ញៀវបួននាក់​​ដើម្បី​អង្គុយ​កំដរ ក្រោយ​មក​នាង​បាន​ចេញ​ពី​តុ​នោះ​ វិល​ត្រឡប់​មកតុដើម​វិញ​។ បន្ទាប់មក​ឧត្តមសេនីយ៍ត្រី នេត សំអាត បាន​យកចានគប់​ត្រូវ​ថ្ងាស​របស់​នាង​រហូត​បែក​ក្បាល​​ចេញ​ឈាម​។ តែក្រោយមកលោកឧត្តមសេនីយ៍ត្រីបានជូននាងទៅមន្ទីរពេទ្យ។

នារីរងគ្រោះ ជិន ស្រីនាង ត្រូវដេរបួនថ្នេរ ក្រោយលោកផ្កាយបួនគប់បែកថ្ងាស។ នាងត្រូវរងហិង្សាព្រោះ មូលហេតុនាងអង្គុយកំដរភ្ញៀវពីរតុ ដែលនាំឱ្យនាងត្រូវឆ្លៀតចេញពីតុមួយទៅតុមួយដើម្បីកំដរភ្ញៀវ ព្រោះចង់បានលុយធិបច្រើន។ តែបែបជាភ្ញៀវលោកផ្កាយមួយខឹងគប់នាងតែម្តង។រូបភាពពីសារព័ត៌មាន ជួយសង្គម

 

វិទ្យុស្រ្តីពុំទាន់អាចស្វែងរកការបំភ្លឺពីលោក នេត សំអាត បានទេថ្ងៃនេះ។​ តែតាមចម្លើយសារភាពរបស់លោកនៅស្នងការខេត្តបន្ទាយមានជ័យលោកបានឆ្លើយថា លោកពិតជាខឹងនារីរងគ្រោះព្រោះមិនអង្គុយកំដរលោក និងមិត្តភ័ក្កិឱ្យបានជាប់លាប់នោះទេ ចេះតែដើរចេញចូល ធ្វើឱ្យធុញទ្រាន់ហើយយកចានគប់តែម្តង។តែលោកបញ្ជាក់ថា លោកគប់ទៅជញ្ជាំងទេ តែអំ បែងចានខ្ទេតមកចំថ្ងាសនាង។

ឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ មកពីក្រសួងការពារជាតិ។រូបភាពពីសារព័ត៌មានជួយសង្គម

 

មន្រ្តីសមាគមន៍សិទ្ធិមនុស្សនៃអង្គការអាដហុកប្រចាំខេត្តមណ្ឌលគីរីធ្លាប់បានប្រាប់វិទ្យុស្ត្រីថា សំណុំរឿងនេះត្រូវបានបិទបញ្ចប់ក្រោយពីជនបង្កហេតុបានផ្តល់ប្រាក់ប្រមាណ ១លាន ៤សែនរៀលឱ្យនារីរងគ្រោះ។

លោក ស៊ុំ ចានគា មន្រ្តីនៃសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគីរី ប្រាប់វិទ្យុស្រី្តថា ករណីនេះជារឿងព្រហ្មទណ្ឌ ដូច្នេះជនបង្កល្មើសមិនអាចត្រឹមតែជួសជុលសំណងរដ្ឋប្បវេណីហើយបញ្ចប់រឿងបាននោះទេ។ លោកបន្តថា អង្គហេតុដែលបានកើតឡើងគឺមានធាតុផ្សំគ្រប់គ្រាន់ ស្ថិតក្នុងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទៀតផង។ លោកស្នើឱ្យស្ថាប័នតុលាការត្រូវចាត់ការរឿងនេះ ដើម្បីកុំឱ្យវប្បធម៌និទ្ទនភាពកើតមានកាន់តែច្រើនក្នុងសង្គមកម្ពុជា។

លោក ស៊ុំ ចានគា៖«ហើយព្រះរាជអាជ្ញាដែលជាដើមបណ្តឹង ត្រូវតែចាត់ការទៅលើជនដែលប្រព្រឹត្តហ្នឹង ដាក់ទោសទណ្ឌទៅតាមច្បាប់ចែង មានច្បាប់ចែងហើយបែបជាអត់ដាក់ទោស វាដូចជាច្បាប់វាអត់មានន័យ អត់មានអី អញ្ចឹងច្បាប់ហ្នឹងមានតែអ្នកតូចអ្នកធំលែងគោរព»។

ទាក់ក្នុងសំណុំរឿងនេះលោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យប្រាប់វិទ្យុស្រ្តីថា លោកពុំទាន់បានទទួលពាក្យបណ្តឹងក្នុងករណីនេះទេ។ យ៉ាងណាលោកថា លោកពុំទាន់បានដឹងច្បាស់ពីករណីនេះ តែលោកនឹងធ្វើការស្រាវជ្រាវ។

យ៉ាងណាសង្គមស៊ីវិលធ្វើការលើបញ្ហាស្រ្តី និងសង្គម ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការហួសចិត្ត ចំពោះទង្វើរបស់លោកផ្កាយមួយ នេត សំអាត ដែលបានប្រើហិង្សាលើស្រ្តីភេទ ហើយប្រើលុយកាក់ បុណ្យស័ក្កិ មកបិទបញ្ចប់រឿងនេះបានយ៉ាងងាយ។

ក្រមព្រហ្មទណ្ឌរបស់កម្ពុជាមាត្រា ២១៧ ចែងថាករណីហិង្សាដោយចេតនា ជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដដៃ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀលទៅ៦លានរៀល។

ចំណែកស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះក្នុងអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ៤លានរៀលទៅ១០លានរៀលកាលបើហិង្សានោះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ។ ទី២ការប្រើហិង្សានោះលើស្រ្តីមានគភ៌ កាលបើគភ៌នោះត្រូវបានមើលឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។ ទី៣ គឺការប្រើហិង្សាលើបុគ្គលទន់ខ្សោយដោយមូលហេតុជំងឺ ឬពិការជាដើម។តាមផ្លូវច្បាប់បណ្តឹងអាជ្ញាគឺមិនត្រូវបានរលត់ដោយការផ្តល់សំណងរដ្ឋប្បវេណីឡើយ៕

Share

Image
Image
Image