en     km
en     km

សារ​ព័ត៌​មាន​​​កម្លាំង​​មនុស្ស​ធម៌​​សុំ​​សមត្ថ​កិច្ច​​ផ្តល់​​ឱកាស​​ឱ្យ​​ខ្លួន​​ធ្វើ​​ចរា​ចរណ៍​​ក្នុង​រាជធានី​​វិញ​​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​សមត្ថកិច្ច​ខ​ណ្ឌ​សែន​សុខ ​​និង​​ខ​​ណ្ឌ​ចំការមន​ ​ហាមឃាត់​ក្រុម​អ្នក​សារព័ត៌មាន​​កម្លាំង​​​មនុស្ស​ធម៌​​មិន​​ឱ្យ​ធ្វើ​កិច្ច​ការ​​សម្រួល​​សណ្ដាប់ធ្នាប់​​ចរា​ចរណ៍​ ​តាម​​ដងផ្លូវ​​​​​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​​​​នា​ពេល​​ថ្មីៗ​​នេះ​ ក្រុម​ការងារ​​កម្លាំង​​មនុស្ស​ធម៌​​សុំ​សមត្ថ​កិច្ច​​ផ្តល់​ឱកាស​ឱ្យ​ខ្លួន​ធ្វើ​ចរាចរណ៍​ក្នុង​រាជ​ធានី​​ឡើង​វិញ​។​ ដោយឡែក​លោក​អធិការ​ខ​ណ្ឌ​​សែន​សុខ​ បាន​​ចាត់​​ទុក​​សកម្មភាព​​​​ជួយ​​សម្រួល​ការ​កក​ស្ទះ​​​ចរាចរណ៍​​លើ​​ដង​ផ្លូវ​នេះ​ ថា​ជា​សកម្មភាព​ធ្វើ​ខុស​ពី​តួនាទី​ ព្រម​ទាំង​​បំពាន​​ដែន​​សមត្ថកិច្ច​​នគរ​បាល​ចរា​​ចរណ៍​​។​​

រាយការណ៍ដោយលោក ម៉ៅ សំណាង ៖

​ទោះ​បី​មានការ​គំរាម​​ចាប់​ខ្លួន​​ពី​សំណាក់​​អធិការ​ខ​ណ្ឌ​សែន​សុខ​ និង ​ខណ្ឌ​ចំការមន​ មិន​ឱ្យធ្វើ​សម្មភាព​សម្រួល​ការ​​កក​ស្ទះ​​ចរាចរណ៍​លើ​ដងផ្លូវ​​​ទី​សាធារណៈ​​នានា​​ក្នុង​រា​ធានី​​ភ្នំពេញ​ ក៏ក្រុម​អ្នក​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​មិនបោះ​បង់​ឆន្ទៈ​របស់​ខ្លួន​​ ព្រម​ទាំង​សុំ​សមត្ថ​កិច្ច​​ផ្តល់​​ឱកាស​​ឱ្យ​​ខ្លួន​ធ្វើ​​ចរាចរណ៍​​ក្នុង​​រាជ​ធានី​ឡើង​​វិញ​។​

Kamlang-Mnosture-WMC-Facbook
ក្រុមការងារ​អង្គភាព​សារព័ត៌មាន​កម្លាំង​មនុស្សធម៌នៅទីស្នាក់ការរបស់ខ្លួន ​

​លោក​ ឃឿ​ន​ សុ​ឡា​ ចាងហ្វាង​អង្គភាព​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច​ខ​ណ្ឌ​សែន​សុខ ​​និង​ខ​ណ្ឌ​ចំការមន​ បាន​​ហាមឃាត់​ក្រុម​ការ​ងារ​​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ មិន​ឱ្យ​ចូលរួម​ជួយ​សម្រួលការ​កកស្ទះ​ចរ​រា​ចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​ លោក​​ថា​ មូលហេតុ​នៃ​ការ​ហាមឃាត់​នេះ​ទំនងជា​សមត្ថកិច្ច​យល់​ថា​ ក្រុមការងារ​សារព័ត៌មាន​កម្លាំង​មនុស្ស​ធម៌​​ធ្វើ​កិច្ចការ​បាន​ល្អ​ជាង​នគរបាល​ចរាចរណ៍​ ព្រមទាំង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​កិច្ចការ​សម្រួល​ចរ​រា​ចរណ៍​តាម​ទី​សាធារណៈ​ និង​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុង​រាជា​ធានី​។​

​លោក​ ឃឿ​ន​ សុ​ឡា​ បាន​បន្ត​ថា​ សមត្ថកិច្ច​អាជ្ញាធរ​ដែនដី​គួរ​ណាស់​ផ្តល់​ឱកាស​ និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​កម្លាំង​មនុ​ស្ស​ធម៌​​ដែល​កំពុង​ធ្វើ​សកម្មភាព​ជួយ​សង្គម​។​ លោក​ថា​ ក្រុមការងារ​កម្លាំង​មនុស្សធម៌​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ ដោយ​​មិន​​ទាម​ទារ​ប្រាក់​​​កម្រៃពី​​រាជ​រដ្ឋាភិបាល​​ឬ​​ស្ថាប័ន​ណាមួយ​ឡើយ​ ពោល​គឺ​ធ្វើ​​ដោយ​​ស្ម័គ្រ​ចិត្ត​ ព្រមទាំង​ទទួល​បាន​ជំនួយ​បន្តិចបន្តួច​ពី​សប្បុរសជន​តែ​​​ប៉ុណ្ណោះ​​។​ ជា​មួយ​គ្នា​​នេះ​​ដែរ​ ​ការ​បញ្ឈប់​​សកម្មភាព​របស់​ក្រុមការងារ​​កម្លាំង​​មនុស្សធម៌​​មិន​​សម្រួល​ចរា​ចរណ៍​តាម​ទី​សារ​ធារ​ណៈ​​ រូប​​លោក​​ និង​ក្រុមការងារ​សោកស្តាយ​បំផុត​ចំពោះ​​ទ​ង្វើ​​ហាមឃាត់​របស់​អធិការ​ខ​​ណ្ឌ​សែន​សុខ​ និង​ខ​ណ្ឌ​ចំការមន​។​

«…ខំ​ប្រឹង​មិន​ថា​ក្តៅ​រងា ប៉ុន្តែ​បែរ​ជា​បាន​ផល​អវិជ្ជ​មាន​វិញ ​ខ្ញុំ​មាន​អារម្មណ៍​ថា​អន់​ចិត្ត​..​.​ សម​ណាស់​តែ​មាន​ការ​លើក​ទឹក​និង​មក​ធ្វើ​ការជា​មួយ​ពួក​ខ្ញុំ អត់​យល់​​​មិន​​ដឹង​ថា​យក​អ្វី​មក​គិត​បាន​ជា​ធ្វើ​​អញ្ចឹង​…​»​។

​ចំណែក​​លោក​ ម៉ក់​ ហុង​ អធិការ​ខ​ណ្ឌ​សែន​សុខ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ការ​បញ្ឈប់​សកម្មភាព​របស់​ក្រុម​សារ​អ្នក​សារ​ព័ត៌​មាន​កម្លាំង​មនុស្សធម៌​មិន​ឱ្យធ្វើ​ចរាចរណ៍​បន្ត​ទៀត​ គឺជា​ការ​ចង់​រក្សា​សណ្ដាប់ធ្នាប់​សង្គម​លើ​ដងផ្លូវ​ឱ្យ​បាន​ល្អ​ ហើយ​សកម្មភាព​របស់​​ក្រុម​​កម្លាំង​​មនុស្ស​ធម៌​​នេះ​ កន្លង​ទៅ​បាន​ធ្វើ​ខុស​ពី​តួនាទី​ជា​ប្រជាពលរដ្ឋ​ និង​កំពុង​បំពាន​ដែន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​។​ លោក​បន្ត​ថា​ រឿង​បញ្ជា​​ឬ​​សម្រួល​ចរ​រា​ចរណ៍​លើ​ដងផ្លូវ​​ជា​តួនាទី​​របស់​​មន្ត្រី​​នរ​គ​បាល​ចរាចរណ៍​​។​

«​វា​អត់​ចាំបាច់​វា​ជា​ភារកិច្ច​របស់​ប៉ូ​លី​ស​ កន្លែង​ណា​ដែល​ជា​គោលដៅ​កកស្ទះ​ទូរស័ព្ទ​ប្រាប់​ប៉ូ​លី​សម​ក​ ​យើង​អាច​សម្រួល​ចរា​ចរណ៍​​ ឬ​ផាកពិន័យ​ ចុះបើ​គាត់​ទៅ​ធ្វើ​ប៉ូ​លី​ស​ធ្វើ​ការងារ​អ្វី​កើត​ ស្រួល​មិន​ស្រួល​មានរឿង​ហិង្សា​ជាមួយ​អ្នកដំណើរ​ទៀត​ រឿង​វា​មិន​​កាន់តែ​ធំ​ទៀត​…»​។​

​អធិការ​ខ​​ណ្ឌ​សែន​​សុខ​រូប​នេះ​ ទទួលស្គាល់​ថា​ បច្ចុប្បន្ន​មិន​ថា​តែ​ខណ្ឌ​សែន​សុខ​នោះ​ទេ​ ដែល​ខ្វះ​មន្ត្រី​ន​គរ​បាល​​ចរាចរណ៍​ សូ​ប្បី​តែ​​នៅ​​ទូ​ទាំង​​ប្រទេស​ក៏​ខ្វះ​មន្ត្រី​នគរបាល​ចរាចរណ៍​ដែរ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពិបាក​នៅ​ក្នុង​ការ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​។​

​ចំណែក​លោក​ ចេ​វ​ ហាក់​ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ ការ​សម្រួល​​​ឬ​​បញ្ជារ​ចរ​រា​ចរណ៍​លើ​ដងផ្លូវ​ជា​តួនាទី​របស់​មន្ត្រី​នរ​គ​បាល​ចរាចរណ៍​ ប៉ុន្តែ​កន្លង​ទៅ​លោក​ទទួលស្គាល់​ថា​ ការ​ជួយ​សម្រួល​ចរា​ចរណ៍​របស់​ក្រុម​អ្នក​​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ ពិតជា​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ​ពិតមែន​​។​ ទន្ទឹម​គ្នា​នេះ​ លោក​ ចេ​វ​ ហាក់​ បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ គួរ​រាយការណ៍​ព័ត៌មាន​ជូន​មន្ត្រី​នរ​គ​បាល​ចរា​ចរណ៍​​ ប្រសើរ​​ជាង​​ការ​ចេញ​មក​បញ្ជារ​ចរ​រា​ចរណ៍​ដោយ​ផ្ទាល់​ ដែល​ខ្លួន​មិន​មាន​តួនាទី​នៅ​ក្នុង​រឿង​នេះ​។​

​ជុំវិញ​រឿង​នេះ​ លោក​ សន​ ជ័យ​ យល់​ឃើញ​ថា​ ការ​ធ្វើ​សកម្មភាព​ជួយ​សង្គម​មាន​ដូច​ជា​ ការ​សម្រួល​សណ្ដាប់​ធ្នាប់​​ចរាចរណ៍​លើ​ដង​​​ផ្លូវ​​ពេល​កកស្ទះ​ជាដើម​ ពលរដ្ឋ​តួនាទី​ជួយ​សម្រួល​ ឬ​រាយការណ៍​ទៅ​កាន់​មន្ត្រី​ចរាចរណ៍​ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដើម្បី​អន្ត​រា​គមន៍​។​

លោក​ សន​ ជ័យ ​បាន​បន្ត​ថា៖ ​«ការ​ធ្វើ​សកម្មភាព​ជួយ​សង្គម​របស់​ក្រុម​អ្នក​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ ហាក់​ដូច​ជា​លើស​ពី​តួនាទី​ជា​ពលរដ្ឋ​ ព្រោះ​រឿង​សម្រួលការ​កក់ស្ទះ​ចរាចរណ៍​នេះ​ ក្រុម​កម្លាំង​មនុស្សធម៌​អាច​ធ្វើ​បាន​ត្រឹមតែ​​​ជា​​អ្នក​​ជួយ​សម្រួល​ ឬ​ ​រាយការណ៍​ទៅ​​កាន់​មន្ត្រី​ចរាចរណ៍​តែ​ប៉ុណ្ណោះ​ ចំពោះ​ការ​បញ្ជារ​ ឬ​ ហាមឃាត់​អ្នកដំណើរ​ក្នុង​ករណី​ឈ្មើ​ស​ច្បាប់​ចរា​ចរណ៍​​​ផ្សេងៗ​ ជា​​តួនាទី​​មន្ត្រី​​ចរាចរណ៍»​​។​

​លោក​ សន​ ជ័យ​ បានឱ្យ​ដឹង​ទៀត​ថា​ ដើម្បី​បន្តសកម្មភាព​ជួយ​សង្គម​បាន​បន្ត​ទៀត​ អង្គភាព​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ គួរតែ​ធ្វើ​​លិខិត​ស្នាម​រដ្ឋបាល​សុំ​ការ​អនុញ្ញាត​ ឬ ​​ធ្វើ​លិខិត​យោគយល់​គ្នា​រវាង​អង្គភាព​ ជាមួយ​មន្ត្រី​អាជ្ញា​ក្នុង​មូលដ្ឋាន​ដែល​​ចុះ​​ជួយ​សម្រួល​​ការ​​​កក​ស្ទះ​​ចរាចរណ៍​។​ លោក​ថា​ ប្រសិនបើ​គ្មាន​លិខិត​ស្នាម​យោគយល់​គ្នា​ជាក់លាក់​នោះ​ទេ​ បញ្ហា​ប្រឈម​ដដែលៗ​នឹង​កើត​​មាន​​ចំពោះ​​​ក្រុម​​កម្លាំង​​មនុស្ស​ធ​ម៌​ជាក់​​ជា​ពុំខាន​។​

​ជា​ការ​កត់សម្គាល់​ រាល់ពេល​កកស្ទះ​ចរាចរណ៍​នៅ​បណ្តា​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ជា​រឿងៗ​ក្រុមការងារ​អង្គភាព​សារ​ព័ត៌​មាន​​កម្លាំង​មនុស្សធម៌​ តែង​ជួយ​សម្រួលការ​កកស្ទះ​ទាំងនោះ​ ព្រមទាំង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ​​៕

Share

Image
Image
Image