en     km
en     km

សហជីព​សេរី​កម្មករ​ជូនដំណឹង​ទៅ​អភិបាល​រាជធានី​អំពី​ការ​ប្រារព្ធ​ខួប​ លោក​ ជា​ វិជ្ជា​

Share

លោក ជា វិជ្ជា
លោក ជា វិជ្ជា

​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជិត​១២​ ឆ្នាំ​ហើយ​ ដែល​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ លោក​ ជា​ វិជ្ជា​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ ខណៈ​លោក​កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​ខាងលិច​វត្ត​លង្ការ​។​

​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ និង​ចង​ចាំ​នូវ​គុណូបការៈ​របស់​លោក​ ដែល​បាន​ដឹកនាំ​កម្មករ​ទាមទារ​សិទ្ធិ​សេរីភាព​ ក្រុម​កម្មករ​នឹង​បំពាក់​កម្រងផ្កា​នៅ​ស្ដូប​អនុស្សាវរីយ​របស់​លោក​ នៅ​ថ្ងៃ​២២​ ខែមករា​ ឆ្នាំ​២០១៦​ ខាង​មុខ​។​

​ប្រធាន​សហជីព​សេរី​កម្មករ​ បាន​ជូនដំណឹង​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រៀបចំ​ខួប​មរណភាព​គម្រប់​១២​ឆ្នាំ​របស់​ លោក​ជា​ វិជ្ជា​ នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។​

លោក​ ជា​ មុនី
លោក​ ជា​ មុនី

​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ លោក​ ជា​ មុនី​ ឱ្យ​ដឹង​ថា​ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ និង​ចង​ចាំ​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​ លោក​ ជា​ វិជ្ជា​ ជា​វីរជន​ឆ្នើម​នោះ​ ថ្នាក់ដឹកនាំ​ និង​សមាជិក​សមាជិកា​សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​ មិត្តភក្តិ​ ចំនួន​ ១៥០​ នាក់​ នឹង​រៀបចំ​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ លោក​ ជា​ វិជ្ជា​ នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​ និង​៣០​ នាទី​ព្រឹក​ នៅ​ទីកន្លែង​តម្កល់​រូបសំណាក​របស់​លោក​ ជា​ វិជ្ជា​ ក្បែរ​វត្ត​លង្ការ​។​

​លោក​ ជា​ មុនី​ បានឱ្យ​ដឹង​បន្ថែម​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ធ្នូ​ ២០១៥​  លោក​បាន​សរសេរ​លិខិត​ជូន​ ដំណឹង​មួយ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ការ​ជួបជុំ​ និង​គោរព​វិញ្ញាណក្ខន្ធ​នោះ​។​

«​ដូច​ជា​ឆ្នាំ​២០១៤​ក្ដី​ ឆ្នាំ​២០១៥​ក្ដី​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ គឺ​យើង​សរសេរ​លិខិត​ ជូនដំណឹង​ ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ អំពី​ការ​គោរព​វិញ្ញាណក្ខន្ធ​ នៅ​កន្លែង​ស្ដូប​ ឬ​ ក៏​សំណាក​ដែល​គេ​បាន​បាញ់​សម្លាប់​លោក​ ជា​ វិជ្ជា​។​ អ​ញ្ចឹ​ង​កាលពី​ថ្ងៃ​ទី​១៤​ ខ្ញុំ​បាន​បញ្ជូន​លិខិត​ហ្នឹង​ ទៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ​»​។​

​ លោក​ ឡុ​ង​ ឌី​ម៉​ង់
​ លោក​ ឡុ​ង​ ឌី​ម៉​ង់

​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃនេះ​ ថា​ លោក​មិន​ទាន់​ទទួល​បាន​លិខិតស្នើ​សុំ​របស់​លោក​ ជា​ មុនី​ នៅឡើយ​ទេ​។​
«​អត់​ទាន់​បាន​ទទួល​ អត់​ទាន់​បាន​ទទួល​ទៀត​បាទ​»​។​

​គួរ​រំឭក​ផង​ដែរ​ថា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ លោក​ ជា​ វិជ្ជា​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្ការ​ ខណៈ​លោក​កំពុង​អាន​កាសែត​ ដូច​សព្វដង​៕

Share

Image
Image
Image