en     km
en     km

សម្ដេច ហ៊ុន សែន៖ ពលរដ្ឋខ្មែរមានសិទ្ធិបញ្ចេញមតិ តែត្រូវបញ្ចេញមតិដោយទំនួលខុសត្រូវ

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ថ្លែងតាមរយៈសំណេរលើទំព័រហ្វេសបុករបស់សម្ដេចថា ប្រជាជនខ្មែរគ្រប់រូបមានសិទ្ធិក្នុងការបោះឆ្នោត និងសិទ្ធិក្នុងការបញ្ចេញមតិ តែសិទ្ធិនៃការធ្វើសកម្មភាពទាំងនេះត្រូវធ្វើឡើងដោយការទទួលខុសត្រូវ។ ការបង្ហាញបែបនេះ ធ្វើឡើងក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៨។

តាមរយៈសារលើទំព័រហ្វេសបុករបស់នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ ធ្វើឡើងស្របពេល សម្ដេច សរសេរដើម្បីរំលឹកពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ ដែលសម្ដេចថា ថ្ងៃនោះជាថ្ងៃបានប្រកាសការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយសម្ដេចផ្ទាល់ រួមទាំងសម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម។

សម្ដេច ហ៊ុន សែន​ បញ្ជាក់ថា ប្រទេសខ្មែរធ្លាប់អភ័ព្វរួចទៅហើយ កាលពីអតីតកាល ។ ដូចនេះ សម្ដេចមិនចង់ឱ្យប្រជាជាតិខ្មែរជួបការអភ័ព្វដូចនោះបន្តទៀតឡើយ។  

យ៉ាងណា សម្ដេចសង្កត់ធ្ងន់ថា រាល់ការធ្វើកិច្ចការអ្វីក៏ដោយក៏ត្រូវមានការទទួលខុសត្រូវរួមគ្នា ព្រមទាំងសាមគ្គីគ្នារវាងអ្នកជំវិញខ្លួន។

នាយករដ្ឋមន្ត្រីសរសេរបន្ថែមថា ៖«ខ្មែរគ្រប់គ្នាមានសេរីភាពក្នុងការបោះឆ្នោត ត្រូវបោះដោយការទទួលខុសត្រូវ យើងមានសិទ្ធបញ្ចេញមតិ ក៏ត្រូវបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវដែរ ទើបយើងលើកស្ទួយសាមគ្គីភាពជាតិបាន»។

សិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការបោះឆ្នោតរបស់ប្រជាជនកម្ពុជាត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣។  តែយ៉ាងណា​ សិទ្ធិ និងសេរីភាពលើផ្នែកនេះរបស់ប្រជាពលរដ្ឋហាក់ដូចជា មានការរឹតត្បិត ឬប្រើប្រាស់ដោយមិនមានប្រសិទ្ធភាពក្នុង    ​រយៈកាលចុងក្រោយនេះ។  សិទ្ធិសេរីភាពរបស់ពលរដ្ឋដែលបានបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនគាំទ្រអតីតគណបក្សប្រឆាំងត្រូវបានរំលាយ។ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ប្រទេសជប៉ុន នៅបន្តឱ្យកម្ពុជា មានការគោរពសិទ្ធិមនុស្សពេញលេញឡើងវិញ៕  

Share

Image
Image
Image