en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ បើ​អញ​ចរចា​ជាមួយ​ឯង​ (CNRP)​ ឆ្កែសុទ្ធ អា​ពៅ​?

Share

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ងប់ស្ងាត់​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ បាន​ផ្ទុះ​ប្រតិកម្ម​ឡើង​វិញ​ ឆ្លើយ​តប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គំរាម​ធ្វើ​មហា​បាតុកម្ម​ និង​ ប្រតិកម្ម​ទៅ​លើ​សហគមន៍​អន្ដរជាតិ​ ដោយ​សម្ដេច​បាន​ហៅ​ផែន​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ថា​ ជា​ការ​ដាក់​សម្ពាធ​មក​រដ្ឋាភិបាល​ចូល​តុ​ចរចា​រំលោភ​លើ​ដែន​យុត្ដាធិការ​របស់​តុលា​ ដែល​សម្ដេច​ប្រើ​ពាក្យ​ថា​ «​បើ​អញ​ចរចា​ជាមួយ​ឯង​ (CNRP)​ ឆ្កែសុទ្ធ​ អា​ពៅ​គ្មាន​ផ្លូវ​ទេ​ជាមួយ​យើង​»​។

ស្តាប់សំឡេង៖

 

សម្តេច ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា។

​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ បញ្ញជា​តិ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​ ក្នុង​ពិធី​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដោយ​មាន​កំហឹង​បាន​ប្រតិកម្ម​ថា​ រឿង​របស់​បុគ្គល​ គឺជា​រឿង​របស់​បុគ្គល​នឹង​តុលាការ​ មិនមែន​ជា​រឿង​បក្សនយោបាយ​ដែល​ត្រូវ​ចរចា​គ្នា​នោះ​ទេ​ ។​ សម្ដេច​ថា​ មនុស្ស​មួយ​នគរ​ ហើយ​មនុស្ស​ណា​ដែល​មានទោស​គឺ​ត្រូវ​តែ​ទទួលទោស​ មិន​អាច​ប្រមូលផ្ដុំ​មនុស្ស​ផ្សេង​ទៀត​មក​ការពារ​កំហុស​របស់​ខ្លួនឯង​បាន​ទេ​។​

ជាមួយ​គ្នា​នេះ​ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ប្រតិកម្ម​តប​ទៅ​នឹង​សហគមន៍​អន្ដរជាតិ​ រឿង​ថ្កោលទោស​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​ ប៉ុន្ដែ​សម្ដេច​នាយក​មិន​បាន​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ប្រទេស​ទាំងនោះ​ទេ​ ខណៈ​សម្ដេច​វាយប្រហារ​លើ​គណបក្សប្រឆាំង​ដោយ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​។​ សម្ដេច​ព្រមាន​ថា​៖«​បើ​អ្នកឯង​ហ៊ាន​ធ្វើ​យើង​ហ៊ាន​កំទេច​នៅ​នឹង​កន្លែង​»​។​

​យ៉ាងណា​ក៏​ដោយ​សម្ដេច​បាន​សន្យា​កាត់​ដៃស្ដាំ​លោក​ក្រ​វែង​ចោល​ បើ​លោក​ធ្វើ​លិខិត​ទៅ​ព្រះមហាក្សត្រ​ លើកលែងទោស​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេចខ្លួន​នៅ​ក្រៅប្រទេស​ដោយ​ សារ​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ករណី​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំ​ហុង​ អតីត រដ្ឋមន្ត្រី​ការ​បរទេស​ ថា​ជា​អតីត​មេ​គុក​ទួល​ស្លែង​នៃ​របប​ខ្មែរក្រហម​។​ សម្ដេច​ ហ៊ុន​ សែន​ ក៏​ធ្លាប់​សន្យា​កាត់​ក​លោក​ចោល​ដែរ​ បើ​ ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន​នោះ​៕

Share

Image
Image
Image