en     km
en     km

សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ស្នើ​ឱ្យ​សង្គម​ស៊ី​វិល​កែតម្រូវ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​

Share

cover-CCDA-bus-driver
​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ដែល​ហៅ​កាត់​ថា​ CCDA​ បាន​ស្នើ​ឱ្យ​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ទាំង​ ៣៤​ ស្ថាប័ន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើការ​កែតម្រូវ​សេចក្តីថ្លែងការណ៍​ដែល​បាន​ថ្កោលទោស​ចំពោះ​ CCDA​ ថា​ បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​ទៅ​លើ​អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល​កាលពី​ពេល​ថ្មីៗ​នេះ​។​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​ ឯ​ សុភា​ស់​ ប្រធាន​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​នេះ​។​

លោក​ ឯ​ សុភា​ស់​ ប្រធាន​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ នេះ​ថា​ សមាគម​លោក​នឹង​រៀបចំ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ទី​១០​ កុម្ភៈ​ ស្អែក​នេះ​ ដោយ​ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​បណ្តា​អង្គការ​សង្គម​ទាំង​ ៣៤​ ស្ថាប័ន​ ដែល​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​សមាគម​ CCDA​ ជា​អ្នក​ការពារ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​។​

លោក​ថា​ សេចក្តីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​ គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ​។​ ប្រធាន​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​រូប​នេះ​ ស្នើ​សុំ​ឱ្យ​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​ ធ្វើការ​កែតម្រូវ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ឡើង​វិញ​ ព្រោះ​សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​សមាជិក​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​។​

លោក​ ឯ​ សុភា​ស់​៖​ «​គោលបំណង​របស់ខ្ញុំ​ ខ្ញុំ​ចង់​បកស្រាយ​នឹង​បំភ្លឺ​ទៅ​លើ​ករណី​ការ​ចោទប្រកាន់​ទាំងឡាយ​របស់​សង្គម​ស៊ី​វិល​ជាង​ ៣០​ ភ្ជាប់​នឹង​សមាគម​គណៈកម្មការ​ច្រាក​ទៀត​ដែល​គាត់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទាំង​តក់ក្រហល់​មួយ​ ដែល​គាត់​មិន​បាន​សិក្សា​ទឡ្ហីករណ៍​ទាំង​សងខាង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ​អា​ម្មរណ៍​របស់​បងប្អូន​យើង​ដែល​រកស៊ី​តាម​ចិ​ញ្ចើ​ញ​ថ្នល់​ គេ​មិន​សប្បាយចិត្ត​។​ បញ្ហា​ការ​កើតឡើង​នូវ​ថ្ងៃ​ទី​៦​នោះ​ មិនមែន​ពួក​ខ្ញុំ​ទៅ​បង្ក​ហិង្សា​នោះ​ទេ​ គឺជា​ការ​ប៉ះទង្គិច​ដោយសារ​ភាគី​ខាង​តៃកុង​ឡាន​មក​រារាំង​បិទ​ឡាន​មិន​ឱ្យ​ចរាចរ​។​

លោក​ អំ​ សំអាត
លោក​ អំ​ សំអាត

គួរ​កត់​សម្គាល់ថា​ គម្រោង​ធ្វើ​សន្និសីទកាសែត​ច្រានចោល​នូវ​សេចក្តីថ្លែងការណ៍​រួម​នេះ​ គឺ​បន្ទាប់​ពី​សង្គម​ស៊ី​វិល​ជាង​ ៣០​ ដូច​ជា​ សហគមន៍​ដីធ្លី​ សហព័ន្ធ​សហជីព​កម្មករ​ អង្គការ​សមាគម​ សហភាព​សហជីព​កម្ពុជា​ បណ្ដាញ​កម្មករ​ បណ្ដាញ​យុវជន​ និង​បណ្ដាញ​ព្រះសង្ឃ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ​កាល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ដោយ​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នៅ​ព្រឹក​ថ្ងៃ​ដដែល​ ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិកសមាគម​រួបរួម​គ្នា​ដើម្បី​ អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ (CCDA)​ ទៅ​លើ​អតីត​អ្នកបើកបរ​រថយន្តក្រុង​ និង​អ្នកគាំទ្រ​អ្នកបើកបរ​ក្នុង​ពេល​តវ៉ា​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ យក​ពួក​គេ​ចូល​ធ្វើការ​វិញ​។​

សេចក្ដីថ្លែងការណ៍​នេះ​ បាន​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​បុរស​ពីរ​នាក់​ ដែល​អាជ្ញាធរ​ចាប់ខ្លួន​ ហើយ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ហិង្សា​នេះ​ឡើង​វិញ​។​

លោក​ អំ​ សំអាត​ អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​ (LICADHO)​ អៈ​អាង​ថា​ សង្គម​ស៊ី​វិល​មិន​មាន​ហេតុផល​អ្វី​មក​ធ្វើការ​កែតម្រូវ​សេចក្តីថ្លែងការណ៍​វិញ​នោះ​ទេ​ ព្រោះថា​មុន​នឹង​ចេញ​សេចក្តីថ្លែងការណ៍​គឺ​ សង្គម​ស៊ី​វិល​បាន​ធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់​ និង​មាន​ភស្តុ​តាង​គ្រប់គ្រាន់​សម្រាប់​ការពារ​ខ្លួន​។​

​លោក​ អំ​ សំអាត​ បន្លែ​ម​ថា​ ការ​ចេញ​សេចក្តីថ្លែងការណ៍​នេះ​ គឺ​បំណង​ចង់ឱ្យ​បញ្ចប់​នូវ​រាល់​អំពើ​ហិង្សា​ និង​ស្នើ​ឱ្យ​អាជ្ញា​បើក​ការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​តែ​ប៉ុណ្ណោះ​។​ លោក​ អំ​ សំអាត​៖​ «​អ្វី​ដែល​យើង​ចេញ​សេចក្តីថ្លែងការណ៍​ហ្នឹង​ គឺ​យោង​តាម​ព្រឹត្តិការណ៍​ដែល​កើត​នៅ​ថ្ងៃ​ទី​៦​ កុម្ភៈ​ ដែល​បាន​កើតឡើង​ហ្នឹង​ ហើយ​យើង​មាន​វី​ដេ​អូ​គ្រប់គ្រាន់​ និង​ភស្តុ​តាង​ផ្សេងៗ​ទាក់ទង​ទៅ​ហ្នឹង​ព្រឹត្តិការណ៍​នៃ​អំពើ​ហិង្សា​ហ្នឹង​»​។​

​សូម​បញ្ជាក់​ថា​ អតីត​អ្នកបើកបរ​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ (CAPITOL)​ ២​នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ម្សិលមិញ​។​ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​មន្ត្រី​សហជីព​ចំនួន​ ៤​នាក់​បន្ថែម​ទៀត​ ក៏​ត្រូវ​បាន​តុលាការ​ សម្រេច​ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​ដូច​គ្នា​ផង​ដែរ​ ដែល​បទ​ចោទ​ទាំងនោះ​រួម​មាន​៖​ ទី​១​ បង្ក​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​,​ ទី​២​ ប្រឆាំង​អ្នករាជការ​ មាន​ស្ថាន​ទម្ងន់ទោស​ និង​បទ​ចោទ​,​ និង​ទី​៣​ បង្ក​ឧបសគ្គ​រារាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​៕

Share

Image
Image
Image