en     km
en     km

សង្គម​ស៊ី​វិល​ សុំ​ឲ្យ​សាធារណជន​មួយ​ចំនួន​បញ្ឈប់​ការ​ដាក់បន្ទុក​លើ​ស្ដ្រី​ក្រោយ​មាន​ករណី​រំលោភផ្លូវភេទ​

Share

​ភ្នំពេញ​ ៖​ នាយិកា​ប្រតិបត្ដិ​ អង្គការ​ ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​ ការពារ​សិទ្ធិ​ស្ដ្រី​ សុំ​ឲ្យ​សាធារណជន​មួយ​ចំនួន​បញ្ឈប់​ការ​ដាក់បន្ទុក​លើ​ស្ដ្រី​ក្រោយ​មានការ​ណី​រំលោភ​សេពសន្ថវៈ​។​ ប្រការ​នេះ​ អង្គការ​សង្គម​ស៊ី​វិល​នៅ​តែ​មើលឃើញ​ថា​ ស្ដ្រី​រង​គ្រោះជា​ច្រើន​ មិន​ទាន់​ទទួល​បានការ​យកចិត្ដ​ទុក​គ្រប់គ្រាន់​ពី​មជ្ឈដ្ឋាន​ជុំ​ខ្លួន​នៅឡើយ​ ខណៈ​ពួក​គេ​ត្រូវ​បាន​ជនខិលខូច​មួយ​ចំនួន​បង្ខំ​រំលោភ​បំពាន​ផ្លូវភេទ​ តែ​បែរជា​ត្រូវ​រង​ការ​រិះគន់​ថា​ មក​ពី​ស្ដ្រី​ខ្លួនឯង​ជា​អ្នក​បើកដៃ​ឲ្យ​ជនល្មើស​ទៅ​វិញ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

​នាយិកា​ប្រតិបត្ដិ​អង្គការ​ចំនួន​ពីរ​ បង្ហាញ​អារម្មណ៍​សោកស្ដាយ​ ខណៈ​មាន​ពាក្យ​ដៀល​ត្មេះ​លើ​ស្ដ្រី​ លាន់ឮ​ ស្ទើរ​គ្រប់ពេល​ក្រោយ​ពេល​ មាន​ករណី​បង្ខំ​រំលោភ​សេពសន្ថវៈ​បាន​កើតឡើង​។​ ចំណាប់អារម្មណ៍​របស់​នាយិកា​ប្រតិបត្ដិ​អង្គការ​ទាំង​ពីរ​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លើ​ពិភពលោក​កំពុង​តែ​ប្រារព្ធ​ទិវា​អន្ដរជាតិ​ស្ដី​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ រយៈពេល​ ១៦​ថ្ងៃ​ ដោយ​រាប់​ពី​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​ ១០​ ធ្នូ​ ឆ្នាំ​២០១៧​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​ប្រតិបត្ដិ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ បាន​ឲ្យ​ដឹង​ថា​ មានការ​ចូលរួម​ច្រើន​ដែរ​ ជុំវិញ​ការ​បញ្ឈប់​ហិង្សា​លើ​ស្ដ្រី​ ក៏​ប៉ុន្ដែ​ពាក្យ​រិះគន់​ ដែល​ក្លាយជា​ការ​ដាក់បន្ទុក​លើ​ស្ដ្រី​រង​គ្រោះ​ នៅ​តែ​មាន​ ហើយ​កើត​ស្ទើ​គ្រប់ពេល​ផង​ដែរ​។​ លោកស្រី​ បាន​បន្ដ​ថា​ ចំណុច​នេះ​ គឺជា​ក្ដី​បារម្ភ​មួយ​ ដែល​វា​បាន​ក្លាយជា​ថ្ម​បាក់​សង្កត់​ទៅ​លើ​ស្ដ្រី​ នាំ​ឲ្យ​ពួក​គេ​ក្លាយជា​ជន​រង​គ្រោះ​ពី​ការ​រំលោភ​ផង​ និង​ក្លាយជា​ជន​រង​គ្រោះ​ពី​ការ​ដាក់​កំហុស​របស់​មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម​ផង​។​ លោកស្រី​ រស់​ សុភាព​៖«​អ​ញ្ចឹ​ង​យើង​ចង់​ឲ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ ឲ្យ​មើលឃើញ​ថា​ បញ្ហា​ដែល​ស្ដ្រី​ធ្វើ​ជា​ការ​សម្រេចចិត្ដ​របស់​គាត់​ ហើយ​វា​មិន​ពាក់ព័ន្ធ​រឿង​ដែល​ធ្វើ​ឲ្យ​បុរស​ហ្នឹង​រំលោភ​គេ​ទេ​»​។​

​បន្ថែម​ពី​នេះ​ លោកស្រី​ រស់​ សុភាព​ បន្ដ​ថា​ បើ​ហិង្សា​លើ​ស្ដ្រី​នៅ​តែ​បន្ដ​កើត​ ជា​ពិសេស​ករណី​រំលោភ​នេះ​ នឹង​នាំ​ឲ្យ​សង្គម​ជាតិ​មាន​ផល​លំបាក​ជា​ច្រើន​ ដូច​ជា​ផ្នែក​សេដ្ឋកិច្ច​ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ ដើម្បី​ជួយ​ព្យា​ល​ស្ដ្រី​ ប្រសិនបើ​ពួក​គេ​មាន​ជំងឺ​ណាមួយ​ដោយ​ការ​ចាប់រំលោភ​។​

​ត្រង់​ចំណុច​នេះ​នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​ការ​លោកស្រី​ ធីតា​ ឃឹះ​ គាំទ្រ​ សង្កត់ធ្ងន់​ថា​ ទ​ង្វើ​បង្ខំ​រំលោភ​លើ​ស្ដ្រី​គឺ​កើត​ចេញពី​បុរស​ ដែល​តែងតែ​ចាត់​ទុក​ ឥរិយាបថ​ប្រមាថ​លើ​ស្ដ្រី​ដូចនេះ​ ថា​ ជា​ការ​លេងសើច​ ហើយ​មិនតែប៉ុណ្ណោះ​សង្គម​បែរជា​មក​ដាក់បន្ទុក​លើ​ស្ដ្រី​ថែម​ទៀត​។​ លោកស្រី​ ធីតា​ ឃឹះ​ ៖«​ដូច្នេះ​រឿង​នេះ​សុំ​ឲ្យ​ ប្រជាពលរដ្ឋ​ទាំងអស់​ទាំងស្រី​ទាំងប្រុស​ ទទួលស្គាល់​ថា​ មិនមែន​ជា​កំហុស​របស់​អ្នក​រង​គ្រោះ​ទេ​ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​មក​លើ​ស្ដ្រី​ហ្នឹងឯង​ជា​អ្នក​ទទួលកំហុស​»​។​

​ស្ដ្រី​ នឹង​មាន​វិបត្ដិ​ជា​ច្រើន​ ប្រ​សិន​នាង​ត្រូវ​បាន​គេ​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​ ដែល​មាន​ទាំង​ការ​ប៉ះពាល់​សតិអារម្មណ៍​ សុខ​មា​ភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ហើយ​ជា​ពិសេស​ គឺ​ប៉ះពាល់​ទៅ​ដល់​កិត្ដិយស់​ ភាព​ថ្លៃថ្នូរ​ ក្នុង​មួយ​ជីវិត​របស់​នាង​។​

​ជុំវិញ​រឿង​នេះ​ លោកស្រី​ ធីតា​ សុំ​ឲ្យ​រាជរដ្ឋាភិបាល​ ធ្វើ​យ៉ាងណា​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ ដើម្បី​ឲ្យ​សាធារណជន​បញ្ឈប់​ ការ​ដាក់​កំហុស​ និង​ រើសអើង​លើ​ស្ដ្រី​ជា​បន្ដ​ទៀត​ ខណៈ​នាង​ត្រូវ​បាន​ជនខិលខូច​ចាប់រំលោភ​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ ក្រសួង​កិច្ចការ​នារី​បាន​ទេ​។​

​គិត​ត្រឹម​រយៈពេល​ជាង​ ១០​ខែ​ ឆ្នាំ​២០១៧​នេះ​ ស្ដ្រី​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​មានការ​កើនឡើង​ច្រើន​ជាង​ឆ្នាំ​២០១៦​។​ នេះ​បើ​តាម​របាយការណ៍​ប្រចាំខែ​របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្តិ​។​ រយៈពេល​ចុង​ក្រោយ​នេះ​ សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​មើលឃើញ​ថា​ ហិង្សា​លើ​ស្ដ្រី​មិន​បាន​ថមថយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​បាន​កើត​ឡើងជា​ញឹកញាប់​ ហើយ​មាន​រូបភាព​កាន់តែ​សាហាវ​ថែម​ទៀត​។​ ក្រៅពី​ការ​ហូរ​ចូល​ហាក់​មាន​ភាព​ទូលាយ​នូវ​រឿង​អាសអាភាស​ហើយ​ ប្រ័​ពន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មាន​ជា​អាទិ៍​ ទូរទស្សន៍​ជាដើម​ តែងតែ​បង្ហាញ​នូវ​សកម្មភាព​ហិង្សា​លើ​ស្ដ្រី​ជា​ញឹកញាប់​តាម​រយៈ​កម្មវិធី​របស់​ពួក​គេ​។​

​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​អាស៊ី​ដែល​ដាក់​បង្ហាញ​ កាលពី​ចុងឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ដែល​មិន​បាន​ថយ​ចុះ​ ពីព្រោះ​តែ​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយ៍ទូរទស្សន៍​ល្បីៗ​ នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិង្សា​ គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​ បន្ថែម​ពី​នេះ​អង្គការ​នេះ​ បាន​រក​ឃើញ​ទៀត​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​និង​កុមារ​ ភាគច្រើន​ទាំង​អ្នក​រង​គ្រោះ​និង​អ្នក​ប្រព្រឹត្ដ​ គឺ​ពួក​គេ​មានការ​ចេះ​ដឹង​តិចតួច​ ហើយ​ជាង​នេះ​ពួក​គេ​ជា​ក្រុម​ មនុស្ស​មាន​អាយុ​ចន្លោះ​ពី​ ២៦​ ដល់​ ៤៩​ឆ្នាំ​ ហើយ​ជា​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​៕

Share

Image
Image
Image