en     km
en     km

លោក​សម​ រង្ស៊ីថា ការដឹកនាំកម្ពុជាដូចនៅវេណេហ្សូអេឡាតែមន្ត្រីកាន់អំណាចបដិសេធ

Share

ភ្នំពេញ៖  លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយចាត់ទុកថា ការដឹកនាំកម្ពុជានាពេលបច្ចុប្បន្នមិនខុសគ្នាទៅនឹងការដឹកនាំនៅវេណេហ្សូអេឡានោះទេ ។ លោក ក៏ប្រាប់ទៅអន្តរជាតិឱ្យចាត់ទុកការនាំរបស់សម្ដេច ហ៊ុន​ សែន ជាការដឹកនាំខុសច្បាប់ ។ មន្ត្រីបក្សកាន់អំណាចបញ្ជាក់ម្ដងហើយម្ដងទៀតដោយបញ្ជាក់ថា បក្សខ្លួនមិនដែលមានការចាប់អារម្មណ៍លើសម្ដីរបស់លោក សម រង្ស៊ី ម្ដងណានោះទេ ហើយលោក សម រង្ស៊ី ក៏គ្នាអំណាចអ្វីស្នើទៅអន្តរជាតិដែរ ។ នៅថ្ងៃក្រុមសមាជិករាជ្យបណ្ឌិតសភា ថាកម្ពុជា​ខុស​នឹង​វេណេហ្សូអេឡា។

លោក សោម លាភ រាយការណ៍៖

 

 

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីត គណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ៣១ ម្សិលមិញបែបនេះ ខណៈនេះរបបដឹកនាំនៅវេណេហ្សូអេឡា របស់លោក នីកូឡាស ម៉ាឌូរ៉ូ កំពុងតែរងគំនាបពីសហគមន៍អន្តរជាតិដែលជាប្រទេសប្រជាធិបតេយ្យកាន់តែខ្លាំងឡើងៗ។ លោកគិតថារបបនេះ អាចនឹងដួលនាពេលឆាប់ៗ ឬប្រទេសនេះអាចធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ខណៈដែលប្រទេសកុម្មុយនីស្តដែលគាំទ្រខ្លួន កំពុងតែប្រុងនឹងដកខ្លួនពីប្រទេសនេះ ។

មេដឹកនាំបក្សប្រឆាំនៅវេណេហ្សុយអេឡា ដែលជាប្រធានរដ្ឋសភានៃប្រទេសនេះ ត្រូវបានប្រទេសសេរីធំៗទទួលស្គាល់ថា ជាប្រធានាធិបតីស្ដីទីស្របច្បាប់ ។

ស្រដៀងគ្នានឹងរឿងនេះ  ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានលើកយកអត្ថបទរបស់លោក ដែលចុះផ្សាយនៅថ្ងៃទី ៣១ មករា លើកាសែតបារាំងឈ្មោះថា Libération ពាក់ព័ន្ធនឹងករណីនេះ ។លោក សម រង្ស៊ី  បានសរសេរដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ត្រូវចាត់ទុកការដឹកនាំរបស់កម្ពុជាអាណត្តិទី៦ នេះ ឱ្យដូចទៅនឹងការដឹកនាំនៅវេណេហ្សូអេឡា ។

ជាងនេះទៅទៀត លោក សម រង្ស៊ី ក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិឱ្យប្រកាសថា ការដឹកនាំនៅកម្ពុជា ជាការដឹកនាំមិនស្របច្បាប់ ។ លោកបញ្ជាក់ថា ការបោះឆ្នោតកាលពីឆ្នាំ ២០១៨ គឺជាការបោះឆ្នោតមិនត្រឹមត្រូវ និងខុសច្បាប់ជាដើម ។

កាលពីឆ្នាំ ២០១៧ មុនការបោះឆ្នោតសភាជាតិមកដល់ តុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ជាហេតុធ្វើឱ្យបក្សនេះអវត្តមានក្នុងការចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈក្នុងរដ្ឋសភា ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលមានសំឡេងក្នុងរដ្ឋសភា ។

 ករណីនេះ  លោក សម រង្ស៊ីថា មិនខុសទៅនឹងប្រទេសវេណេហ្សូអេឡានោះទេ ព្រោះប្រទេសនេះបានរារាំងបក្សប្រឆាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ។

អ្នកនយោបាយនីរទេសខ្លួន លោក សម រង្ស៊ី បានលើកឡើងបន្ថែមទៀតថា កម្ពុជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១  ដែលតម្រូវឲ្យមានការបោះឆ្នោតត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ ហើយឲ្យមានប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស គឺមិនមែនដូចការដឹកនាំដែលមានតែបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភាតែមួយបក្សនោះទេ​។

យ៉ាណា មន្ត្រីជាន់ខ្ពស់បក្សប្រកាន់អំណាចបញ្ជាក់ម្ដងហើយម្ដងទៀតថា ពួកគេមិនមានការចាប់អារម្មណ៍ចំពោះសម្ដីលោក សម រង្ស៊ី បន្តិចសោះឡើយ ព្រោះលោក សម រង្ស៊ី ជាអ្នករស់នៅក្រៅច្បាប់ មិនធ្វើអ្វីដើម្បីបុព្វហេតុជាតិកម្ពុជានោះទេ  ។

លោក សុខ ឥសាន ក៏ធ្លាប់បានបញ្ជាក់ដែលថា លោក សម រង្ស៊ី គ្មានឥទ្ធិពលអ្វីបញ្ជាទៅសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកនោះទេ ព្រោះអន្តរជាតិទាំងនេះ ជាចៅហ្វាយរបស់លោក សម រង្ស៊ី ។

នៅព្រឹកថ្ងៃសុក្រទី៣១មករានេះ សមាជិករាជ្យបណ្ឌិតសភា បានធ្វើសន្និសីទសារព័ត៌មាន ដោយ ធ្វើការបកស្រាយជាច្រើនជុំវិញ ស្ថានការណ៍នយោបាយ នៅកម្ពុជា ពាក់និងស្ថាន​ភាព​សាកល ជាពិសេស ករណីគណបក្សសង្រ្គោះជាតិ។​

លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលជាវាគ្មិនម្នាក់របស់រាជ្យបណ្ឌិតសភា បានហៅ ករណីប្រទេសវេណេហ្សូអេឡា គឺខុសនឹងកម្ពុជា។ លោកអះអាងថាកម្ពុជា មានច្បាប់ ទំលាប់ត្រឹមត្រូវ។

នៅក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមការកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា ប្រទេសប្រជាធិបតេយ្យធំៗភាគច្រើន បានលើកអំពីកង្វល់ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជាជាខ្លាំង ដោយពួកគេចង់ឃើញមានការដោះលែងលោក កឹម សុខា ឱ្យសិទ្ធិនយោបាយ  ប្រគល់ណែងដល់មន្ត្រីបក្សប្រឆាំងវិញ និងឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ។

យ៉ាងណា គណៈអចិន្ត្រៃយ៍បក្សប្រឆាំងនេះ បានកំពុងរៀបចំផែនការ​អោយ​លោក​សម​រង្ស៊ីវិ​ល​ប្រទេសវិញ ដែលគេអាចថានឹងនៅប៉ុន្មានខែខាងមុខនេះ​ដែលវិភាគខ្លះថាវត្ត​មានរបស់លោក​សមរង្ស៊ីនៅកម្ពុជាទំនងអាចរកដំណោះស្រាយនយោបាយ ជាមួយបក្សកាន់អំណាច តែតាម​រយៈយន្តការសម្ពាធនិង សម្របសម្រួលរបស់សហគមន៍អន្តរជាតិ ៕

អត្តបទដោយ៖ សោម លាភ  

 

Share

Image
Image
Image