ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាពិជ្ជកម្ម បញ្ជាក់ថា ការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ព្រមទាំងថែទាំសុខភាពសម្រាប់វិស័យសាធារណៈ គឺជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២០ ខែវិច្ឆិកា។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ ស្ដីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងពាណិជ្ជកម្មកាល។ នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ ថ្លែងថា រាជរដ្ឋាភិបាលរកបាននូវភាពជោគជ័យថ្មីមួយទៀត ដោយសារការអនុវត្តរបបសន្ដិសុខសង្គម និងផ្នែកថែទាំសុខភាពសម្រាប់វិស័យសាធារណៈ ជាការលើកកម្ពស់ជីវភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
រដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថា គោលនយោបាយសន្តិសុខសង្គម បានរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយអ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ។
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានភារកិច្ចផ្តល់នូវសន្តិសុខសង្គមជាមូលដ្ឋានជូនកម្មករនិយោជិតទាំងអស់ដែលធ្វើការក្នុងវិស័យឯកជន។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ មាត្រា ៧៥ ចែងថា រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ និងនិយោជិត៕ (អត្ថបទដោយលោក សោម លាភ)