ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទូចប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) ជួយផ្សព្វផ្សាយភាពខ្លាំងនៃកម្ពុជាទៅកាន់ពិភពលោក ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសបុកក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៧ សីហាម្សិលមិញ។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនេះ បញ្ជាក់ថាសំណើនេះ ធ្វើឡើងនាឱកាសជួបសំណេះសំណាលជាមួយប្រតិភូនិស្សិតអាហារូបករណ៍ជប៉ុន (JDS) ចំនួន ២៤រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការ មកពីស្ថាប័នជាតិនានាទូទាំងប្រទេសកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។
លោក ប៉ាន សូរស័ក្ដិ បានផ្ដាំទៅនិស្សិតអាហារូបករណ៍នេះថា ត្រូវបា្រប់ទៅពិភពលោកអំពីសក្តានុពលនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា វប្បធម៌នៃកម្ពុជាទៅដល់និស្សិតបរទេស និងប្រជាជនជប៉ុន ដែលការណ៍នេះ ជាការចូលរួមចំណែកក្នុងការលើកស្ទួយមុខមាត់ប្រទេស កម្ពុជា។
ជាងនេះទៅទៀត លោកបន្ថែមថា ត្រូវបំផុសឱ្យប្រជាជន និងអ្នកវិនិយោគជប៉ុន ចូលមកទស្សនា និងវិនិយោគឱ្យកាន់តែច្រើននៅកម្ពុជា។ ប្រការដែលសំខាន់ជាងនេះទៅទៀតនោះ និស្សិតទាំងអស់ត្រូវរក្សានូវអត្តសញ្ញាណជាតិ អត្តចរិតថ្លៃថ្នូរល្អប្រសើរ។
គួររំលឹកថា កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) ផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាំងពីឆ្នាំ២០០០ ដើម្បីផ្តល់ឱកាសជូនមន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។ គិតមកដល់ឆ្នាំ ២០១៨នេះ មាននិស្សិតកម្ពុជាចំនួន ៤១៦នាក់ហើយ ដែលបានទទួលអាហារូបករណ៍នេះ៕