ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានី ក៏ដូចជាម្ចាស់អាជីវកម្ម និងសេវាកម្មទាំងអស់ ឲ្យទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែតុលា។
សាលារាជធានី បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃនេះ បុគ្គលិក របស់ក្រុមហ៊ុន ស៊ិនទ្រី ដែលជាក្រុមហ៊ុនដឹកសំរាម នៅរាជធានីភ្នំពេញ នឹងត្រូវឈប់សម្រាក ដូចបុគ្គលិកកន្លែងផ្សេងៗដែរ ដូច្នេះដំណើរការប្រមូលសំរាម នឹងត្រូវផ្អាក អំឡុង ៣ថ្ងៃ។ តែយ៉ាងសាលារាជធានី អះអាងថា សេវាប្រមូលសំរាម នឹងវិលមកដំណើរការជាប្រក្រតីវិញ នៅថ្ងៃទី១២ ខែតុលា។
ខណៈដែលសេវាដឹកសំរាម ត្រូវផ្អាកក្នុងរយៈពេល ៣ថ្ងៃនេះ សាលារាជធានី ស្នើឲ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសេវាកម្មគ្រប់ប្រភេទ សូមកុំបញ្ចេញកាកសំណល់ និងសំរាមគ្រប់ប្រភេទ ចោលនៅតាមដងផ្លូវសាធារណៈ ហើយត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ។ រដ្ឋបាលរាជធានី រំពឹងថា ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីទាំងអស់ នឹងចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងរាជធានីឲ្យបានល្អ៕