en     km
en     km

ម៉ាឡេស៊ីចាប់ផ្តើមកែលំអលក្ខខណ្ឌជ្រើសរើសពលករបរទេស

Share

(ភ្នំពេញ)៖ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជា ឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត ម៉ាឡេស៊ីចាប់ផ្តើមកែលំអលក្ខខណ្ឌជ្រើសរើសពលករបរទេសដែលត្រូវមកធ្វើការនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយលើគេហទំព័រហ្វេសបុករបស់ក្រសួងការងារ។

នៅក្នុងជំនួបរវាង លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ ជាមួយទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីចំនួន ៣ កាល ពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទីស្ដីការក្រសួងការងារ លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការរបស់ក្រសួងនេះ មានប្រសាសន៍ថា លក្ខខណ្ឌការងារដែលភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមាន នីតិវិធីក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ។

លោក ហ៊ូ វុទ្ធី បានបន្តថា នីតិវិធីក្នុងការជ្រើសរើសពលករថ្មីនេះ គឺពលករមិនចាំបាច់ចំណាយពេលវេលាយូរដូចមុនទេ ពោលគឺឲ្យតែភាគីម៉ាឡេស៊ីត្រូវការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាលពីមុនពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅបានត្រូវប្រើពេលយូរ។ ទន្ទឹមនឹនេះម៉ាឡេស៊ីបានតំឡើងប្រាក់ឈ្នួលដល់ពលករបរទេសដែលទៅធ្វើការនៅម៉ាឡេស៊ីប្រមាណជាង៣០០ដុល្លារក្នុង១ខែ ដើម្បីឲ្យពលករទទួលបាននូវប្រាក់ចំណូលខ្ពស់ជាងមុនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់មកស្រុកកំណើតផងដែរ។

ជុំវិញរឿងនេះដែរ  លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ បានស្នើឲ្យទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីទាំង ៣សហការជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ដោយត្រូវធ្វើការរួមគ្នាជាឯកច្ឆ័នក្នុងសំឡេងតែមួយជាមុនសិនពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារថ្មីៗ ហើយបន្ទាប់ពីបានលទ្ធផលហើយក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរត្រូវពិភាក្សាគ្នាឡើងវិញលើកិច្ចការងារទាំងនេះ មុននឹងដាក់ជូនរដ្ឋមន្ត្រីប្រទេសទាំងពីរសម្រេចជាចុងក្រោយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ិត សំហេង នៅតែរក្សាចំហរទៅតាមកិច្ចព្រមព្រៀងលើអនុ      ស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងជាមួយគ្នាកន្លងមកលើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅម៉ាឡេស៊ី ដែលរដ្ឋាភិបាល ទាំងពីរបានព្រមព្រៀងជាមួយគ្នារួចហើយ វាជាឯកសាផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារកាន់តែប្រសើរថែមទៀត។

លោករដ្ឋមន្រ្ដីបានលើកឡើងបន្តថា ប្រាក់ឈ្នួលនៅកម្ពុជាក៏មានការកើនឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ីត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះបាន។ រីឯប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជាកូរ៉េ ជប៉ុន សឹង្ហបុរី ថៃជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០២ ៖

(១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករ
(២)អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករការងារផ្ទះ

បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)៕

 

Share

Image
Image
Image