en     km
en     km

មេដឹកនាំអឺរ៉ុប-អាហ្វ្រិកជួបគ្នាផ្ដោតលើហ្សិមបាវេក្រោយពីMugabeចាក់ចេញពីតំណែង

Share

បន្ទាប់ពីលោក Mugabeចាកចេញពីតំណែងប្រធានាធិបតីប្រទេសហ្សិមបាវេ ឃើញថា ប្រទេសជាច្រើនហាក់ចាប់អារម្មណ៍ជួយ អភិវឌ្ឍន៍ប្រទេសក្រីក្រមួយនេះជាខ្លាំង។ថ្ងៃនេះ មានជំនួបមួយនៅប្រទេស Cote D’Ivoire រវាងមេដឹកនាំសហភាពអឺរុបនិងមេដឹនាំសហ​ភាពអាហ្វ្រិក។ តែស្របពេលនេះ ចិនក៏បានបញ្ជូនបេសកកជនរបស់ខ្លួនមួយក្រុមទៅប្រទេសនេះដែរ។​

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!    

ប្រមុខការទូត និងមេដឹកនាំនៃប្រទេសមួយចំនួននៃសហភាពអឺរ៉ុប និងមេដឹកនាំនៃបណ្ដាប្រទេសទ្វីបអាហ្រ្វិកបានកំណត់ជួបគ្នានៅថ្ងៃនេះដោយផ្ដោតលើការវិវឌ្ឍនយោបាយនៅប្រទេសហ្សិមបាវេ ខណៈប្រទេសចិនបានបញ្ជូនប្រតិភូមួយក្រុមមកកាន់ប្រទេសនេះដែរ។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានBBC ជំនួបកំពូលនេះប្រព្រឹត្តទៅ នៅប្រទេស Cote D’Ivoire នៅថ្ងៃ ពុធ ទី ២៩ វិច្ឆិកានេះ ដោយផ្ដោតលើការជួយតម្រង់ទិសនយោ​បាយ​ប្រទេសហ្សិមបាវេក្រោយពីលោក Robert Mugabe ត្រូវបានបង្ខំឱ្យចាកចេញពីតំណែង។

លោក Robert Mugabe បានដឹកនាំប្រទេសហ្សិមបាវេអស់រយៈពេល៣៧ឆ្នាំ​។ ក្រោមការដឹកនាំរបស់លោក Mugabe ប្រទេសស្ថិតនៅក្រោមការតម្រង់ទិសអភិវឌ្ឍន៍ប្រទេសតាមរយៈកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន។

ការចាកចេញពីអំណាចរបស់ មេដឹកនាំអាយុ៩៣ឆ្នាំ នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ប្រទេសក្រីក្រមួយនេះ មានមេដឹកនាំថ្មី​គឺលោក Emmerson Mnangagwa ដែលត្រូវបានលោកMugabe បណ្ដេញចេញពីតំណែងអនុប្រធានាធិបតី។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសBorisJohnson ដែលជាប្រទេសធ្លាប់ដាក់អាណានិគមលើប្រទេសហ្សិមបាវេ បានចេញមុខជាងគេ​រៀបចំឱ្យមានជំនួបនេះឡើង។

លោកបានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីលោកMugabeលាលែងពីតំណែង ប្រទេសអង់គ្លេស ហាក់ចង់ជួយអភិវឌ្ឍន៍ប្រទេសហ្សិមបាវេយ៉ាងខ្លាំង។

លោក Boris Johnson៖ព្រឹត្តិការណ៍ថ្មីៗនៅប្រទេសហ្សិមបាវេ​ គឺជាពេលវេលាមួយធ្វើឱ្យប្រទេសអង់គ្លេស សំឡឹងមើលអនាគត នៃការអភិវឌ្ឍនិងលទិ្ធប្រជាធិបតេយ្យ ប្រទេសនេះឡើងវិញតាមរយៈចក្ខុវិស័យមួយចំនួនរបស់អង់គ្លេស។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ត្រូវបានលើកទឹកចិត្ត ពីប្រធានាធិបតី  Mnangagwa ដែលលោកបានថ្លែងពីការបើកជំហ ដៃគូអភិវឌ្ឍន៍ជាមួយបរទេស

តាម ព័ត៌មានរបស់BBC កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយ ប្រធានាធិបតីបារាំង Emmanuel Macron,អធិការបតី អាល្លឺម៉ង់ Angela Merkel និងប្រធានាធិបតី អាហ្វ្រិកខាងត្បូង Jacob Zuma រួមនឹងរដ្ឋមន្ត្រីការបរទេស អាហ្វ្រិកចំនួន ១៨រូបទៀត។

ជំនួបកំពូលមេដឹកនាំអឺរ៉ុប-អាហ្វ្រិក ចំពេលប្រតិភូមចិនមកជួបមេដឹកនាំថ្មីហ្សិមបាវេ

​ឧបការីក្រសួងការបរទេសចិន លោក Chen Xiaodong បានមកដល់ប្រទេសហ្សីមបាវេហើយនៅថ្ងៃនេះក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃតាមការអញ្ជើញរបស់ប្រធានាធិបតី Mnangagwa ។

តាមសេចក្តីរាយការណ៏ Xiaodong ដែលជាមន្រ្តីជាន់ខ្ពស់ដំបូងរបស់ចិន ជួបនឹងមេដឹកនាំថ្មី ហ្សីមបាវេ បន្ទាប់ពីលោក Mugabe លាលែងពីតំណែង។ ទស្សនកិច្ចនេះត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ដើម្បីបង្ហាញពីការសាទរ មេដឹកនាំថ្មីហ្សីមបាវេ ដែលទើបចូលកាន់តំណែង ហើយតាមរយៈនេះ ក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំង ២ នៅតែរឹងមាំជានិច្ច។

ចិន និងហ្សិមបាវេ មានភាពមានទំនាក់ទំនងជិតស្និតស៊ីជម្រៅនឹងគ្នាជាខ្លាំង នៅក្រោមការដឹកនាំរបស់លោក Mugabe។ ប៉ុន្តែ មុនពួកយោធារឹបអូសអំណាចពីលោក Mugabe នៅថ្ងៃ ១៥ វិច្ឆិកា គឺឧត្តមសេនីយ៍ ហ្សីមបាវេ ដែលជាមេបញ្ជាការជាន់ខ្ពស់បំផុតនៃប្រទេសនេះ បានទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង។ មួយសប្តាហ៍ក្រោយមកស្រាប់តែមានការធ្វើរដ្ឋប្រហារនេះកើតឡើង។ សារព័ត៌មានបរទេសជាច្រើន អះអាងថា ចិនអាចនៅពីក្រោយពយកយោធា។ តែ ក្រសួងការបរទេសចិន បានបដិសេធ ព័ត៌មានទាំងនេះ៕

 

 

 

Share

Image
Image
Image