en     km
en     km

មន្ត្រី​ CNRP​ ថា​នឹង​ចូល​ប្រជុំ​សភា​ តែ​ត្រូវ​តែ​បកស្រាយ​ពី​អភ័យឯកសិទ្ធិ​សភា​ឲ្យ​ច្បាស់​ជា​មុន​

Share

​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​បោះពាក្យ​ថា​ នឹង​ចូល​ប្រជុំ​សភា​វិញ​ បើ​ បក្ស​កាន់​អំណាច​ យល់ព្រម​ឲ្យ​សភា​ បកស្រាយ​ ពាក្យ​ថា​អភ័យឯកសិទ្ធិ​សភា​ ហើយ​ហេតុ​ដូច​ម្ដេច​បានជា​អ្នកតំណាង​រាស្ត្រ​ មិន​អាច​ប្រើ​អភ័យឯកសិទ្ធិ​សភា​របស់​ខ្លួន​បាន​នោះ​។​

national-assembly
រដ្ឋសភា​ជាតិនៃព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យ​បក្ស​នេះ​ថា​ បើ​បកស្រាយ​មួយ​ត្រឹមត្រូវ​គឺ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​បញ្ចប់​បើ​ការ​ធ្វើ​ពហិការ​ ប្រជុំ​សភា​។​ ប៉ុន្ដែ​គណបក្សកាន់អំណាច​ថា​ រដ្ឋសភា​មិន​មាន​ភាព​ចាំបាច់​អ្វី​ដើម្បី​បកស្រាយ​នោះ​ទេ​។​ លោក​ លៀ​ ស៊ី​ណា​ លម្អិត​ព័ត៌មាន​៖

 

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​នេះ​ ដែល​ស្ថិត​នៅ​សង្កាត់​ ចក្រ​អង្រែ​លើ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​គឺ​មិន​ចូល​ប្រជុំ​សភា​នោះ​ទេ​។

​លោក​បាន​បញ្ជាក់​ថា​ គណបក្ស​ត្រូវការ​បកស្រាយ​បាន​ច្បាស់លាស់​ពី​អភ័យឯកសិទ្ធិ​សភា​របស់​អ្នកតំណាង​រាស្ដ្រ​  និង​ដោះ​លែង​ទាំង​ អ្នកតំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ សកម្មជន​នយោបាយ​ មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​ មន្ដ្រី​នៃ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​មុន​សិន​ ទើប​បក្ស​ប្រឆាំង​នេះ​សម្រេច​ចូល​ប្រជុំ​សភា​។

​លោក​ យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​ប្រសិនជា​គណបក្សប្រឆាំង​នៅ​តែ​ទទួល​រង​ការ​គាបសង្កត់​ ហើយ​មិន​មាន​ដំណោះស្រាយ​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​បន្ដ​ការ​តវ៉ា​មិន​បញ្ឈប់​នោះ​ទេ​។

Yem-sovan
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​

លោក​ យឹ​ម​ សុវណ្ណ​៖«​មុន​នឹង​ដំណើរការ​ចូល​ប្រជុំ​សភា​ យើង​ត្រូវ​មាន​ដំណោះស្រាយ​រួម​ បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​គេ​មើលឃើញ​ថា​ប្រព័ន្ធ​តុលាការ​នោះ​ មិន​ឯករាជ្យ​ក្រោម​ឥទ្ធិពល​អ្នកមាន​អំណាច​»​។

​ប៉ុន្ដែ​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ០៥​ កក្កដា​ នេះ​ថា​ ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ប្រជុំ​សភា​ឬ​មិន​ចូល​គឺជា​រឿង​របស់​ក្រុម​បក្ស​ប្រឆាំង​នេះ​។​ តែ​លោក​ព្រមាន​ថា​ ប្រយ័ត្ន​ប្រឈម​នឹង​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​។​

​អ្នកនាំពាក្យ​រូប​នេះ​ថ្លែង​ចំអក​គណបក្សប្រឆាំង​ថា​ ទោះជា​យក​តុលាការ​មក​ប៉ុន្មាន​ទៀត​ក៏​គណបក្ស​នេះ​នៅ​តែ​បដិសេធ​ថា​មិន​ឯករាជ្យ​ដែរ​ ព្រោះ​អ្នក​ធ្វើ​ខុស​មិន​ដែល​ទទួល​ថា​ខ្លួន​ខុស​នោះ​ទេ​។​ លោក​បន្ដ​ថា​ អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ទទួលទោស​មិន​អាចយ​កមក​ដាក់​លក្ខណ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ​។

sok-eysan-thum-07-06-16

លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា

លោក​ សុខ​ ឥ​សាន្ដ​៖«​បើ​តាមតែ​គាត់​ច្បាស់​មិន​ឯករាជ្យ​ហើយ​ ទោះ​ឯករាជ្យ​ប៉ុន្មាន​ក៏​មិន​ឯករាជ្យ​ដែរ​ ព្រោះ​គាត់​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​ទ​ង្វើ​ដែល​គាត់​ប្រព្រឹត្ដិ​ល្មើសច្បាប់​ហ្នឹង​ អ​ញ្ចឹ​ង​ធ្វើ​ម៉េច​ឲ្យ​គាត់​ពេញចិត្ដ​ »​។​

​ក្រុម​អ្នកវិភាគ​និង​ សហគមន៍​អន្តរជាតិ​ ជា​ច្រើន​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ដែល​ពួក​គេ​ថា​ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ប្រ​សិន​ភាគី​គណបក្ស​ធំ​ទាំង​២​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​វិល​មក​រក​តុ​ចរចា​និង​មាន​ដំណោះស្រាយ​ទាន់សភាពការណ៍​ ៕​ ​

Share

Image
Image
Image