en     km
en     km

ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​ទិញ​ សម្ដែង​ការ​អាណិតអាសូរ​សម្ដេច​ ហ៊ុន​ សែន​ ដែល​មាន​មន្ដ្រី​ធំៗ​ជា​ច្រើន​មិន​យល់ចិត្ដ​សម្ដេច

Share

ភ្នំពេញ៖ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មានការ​អាណិតអាសូរ​ សម្ដេច​ ហ៊ុន​ សែន​ ដែល​មាន​អ្នកចេះ​ដឹង​និង​មន្ត្រី​ធំៗ​នៅ​ក្បែរ​ខ្លួន​ច្រើន​ ក៏​ប៉ុន្ដែ​អ្នកចេះ​ដឹង​ទាំងនោះ​មិន​បាន​នាំ​អ្វី​ក្រៅ​តែ​ពី​បង្ក​បញ្ហា​ មក​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ និង​ ទទួល​ជំនួស​ ពួក​គេ​ដែល​ជា​អ្នក​ប្រព្រឹត្ដិ​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​
​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​

​មិនតែប៉ុណ្ណោះ​មន្ដ្រី​អ្នកចេះ​ដឹង​ទាំងនោះ​ បាន​ត្រឹមតែ​ហែហម​សម្ដេច​ប៉ុន្ដែ​មិន​យល់​ពី​ចិត្ដ​សម្ដេច​។​ ជុំវិញ​ថេរ​ដីកា​នេះ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ស្វាគមន៍​ ហើយ​កោតសរសើរ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ដែល​ហ៊ាន​យក​រឿង​ពិត​មក​ថ្លែង​ជា​សាធារណៈ​ឲ្យ​សម្ដេច​ដឹង​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរ​ដីកា​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​កាលពី​យប់​ថ្ងៃ​ទី​ ២២​ ខែសីហា​ ឆ្នាំ​ ២០១៦​ ។​ តាម​រយៈ​វី​ដេ​អូ​នោះ​ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​ថា​ នៅ​ក្បែរ​ខ្លួន​សម្ដេច​សម្បូរ​ទៅ​ដោយ​អ្នកចេះ​ដឹង​ ប៉ុន្ដែ​អ្នក​ទាំងនោះ​មួយ​ចំនួន​មិន​ដែល​បាន​នាំ​រឿង​ល្អ​មក​ឲ្យ​សម្ដេច​ទេ​ គឺ​មាន​តែ​នាំ​រឿង​មក​ឲ្យ​សម្ដេច​ អ្នក​ទទួល​ និង​ ដោះស្រាយ​ទៅ​វិញ​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​៖«​ទ​ទូល​ស្គាល់​ និង​អាណិតអាសូរ​ ញោម​នាយក​រដ្ឋមន្ដ្រី​កាលពី​ព្រឹក​មិ​ញ​គាត់​មាន​ប្រសាសន៍​ថា​ ខ្ញុំ​ក​រុណ​ខ្ញុំ​ជា​នាយក​រដ្ឋមន្ដ្រី​ល្ងង់​ ហើ​ត្រូវការ​មនុស្ស​អ្នកចេះ​ដើម្បី​ជួយ​ខ្ញុំ​ករុណា​ ប៉ុន្ដែ​អ្នកចេះ​មួយ​ចំនួន​ធំ​បាន​យក​បន្ទុក​អាក្រក់​ យក​មក​ឲ្យ​គាត់​ដោះស្រាយ​ហើយ​និង​ជួយ​ទទួល​ទៅ​វិញ​»​។​

​ជុំវិញ​ថេរ​ដីកា​ របស់​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ លោក​ សុខ​ ឥ​សាន្ដ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ២៣​សីហា​ ថា​ លោក​មានការ​កោតសរសើរ​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដែល​ហ៊ាន​រិះគន់​ចំៗ​ ជា​សាធារណៈ​ ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បានដឹង​រឿង​ដែល​លោក​ មិន​បានដឹង​ ហើយ​ ក៏​ជា​សារ​ក្រើនរំលឹក​ដល់​មន្ដ្រី​ថ្នាក់​ក្រោម​ទាំងអស់​ឲ្យ​មានការ​ប្រឹងប្រែង​បំពេញ​ការ​ និង​ បញ្ឈប់​ការ​លាក់លៀម​ព័ត៌មាន​ពិត​ពី​ថ្នាក់ដឹកនាំ​បន្ដ​ទៀត​។​

​លោក​ សុខ​ ឥ​សាន្ដ​ បន្ដ​ទៀត​ថា​ សម្ដេច​តែងតែ​ព្យាយាម​បង្ហាញ​ឲ្យ​ពលរដ្ឋ​ បានឃើញ​ថា​លោក​មាន​សេចក្ដី​ខ្វល់ខ្វាយ​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ ហើយ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ឲ្យ​បាន​។​

​អ្នកនាំពាក្យ​បញ្ជាក់​ថា​ សារ​របស់​សម្ដេច​កាលពី​ថ្ងៃ​ទី​ ២២​សីហា​ ក្នុង​វេទិកា​ស្តី​ពី​ ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ នៅ​វិមាន​សន្តិភាព​ គឺជា​ការ​ដាស់តឿន​ដល់​មន្ដ្រី​ថ្នាក់​ក្រោម​ទាំងអស់​ ដែល​បំពេញការងារ​មិនល្អ​ឲ្យ​កែប្រែ​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​ យើង​គាំទ្រ​រាល់​មតិ​ដ៏​ល្អៗ​របស់​ជន​គ្រប់​រូប​ ហើយ​រួម​ទាំង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ផង​ ដែល​ហ៊ាន​លាតត្រដាង​ការ​ពិត​នេះ​ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ យើង​ស្វាគមន៍​ណាស់​ព្រោះ​យើង​ចាត់​ទុក​ថា​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​»​។​

​ក៏​ប៉ុន្ដែ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​យល់​ថា​ រឿង​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ ស្ដីបន្ទោស​ដល់​ថ្នាក់​ក្រោម​ជុំវិញ​ការ​បំពេញភារកិច្ច​មិន​បាន​ល្អ​ និង​ លាក់លៀម​ព័ត៌មាន​មិន​ឲ្យ​ថ្នាក់ដឹកនាំ​បានដឹង​រឿង​ពិត​គឺជា​រឿង​ដែល​កើតឡើង​ដដែលៗ​។​

​ជាង​នេះ​អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​រូប​នេះ​ បន្ថែម​ថា​បើសិនជា​មន្ដ្រី​ថ្នាក់​ក្រោម​អនុវត្ដន៍​តួនាទី​របស់​ខ្លួន​មិន​បាន​ល្អ​ មាន​បញ្ហា​មិន​រាយការណ៍​ដល់​ថា្ន​ក់​ដឹកនាំ​ឲ្យ​បានដឹង​ ទាំងនេះ​គឺជា​កំហុស​របស់​ថ្នាក់ដឹកនាំ​ខ្លួនឯង​ដែល​គ្រប់គ្រង​ មនុស្ស​នៅ​ក្រោម​ឱវាទ​មិន​បាន​ល្អ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ យល់​ថា​ ប្រសិនជា​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​ត្រឹមតែ​ ស្ដីបន្ទោស​ពី​កំហុស​ផ្សេងៗ​នៃ​ទ​ង្វើ​មន្ដ្រី​មួយ​ចំនួន​គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ​។​ លោក​ថា​ រឿង​សំខាន់​ថ្នាក់ដឹកនាំ​ត្រូវ​តែ​មាន​ ផែនការ​យុទ្ធសាស្ដ្រ​ និង​ តាមដាន​ការ​អនុវត្ដន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទើប​អាច​ ធ្វើ​ឲ្យ​មន្ដ្រី​មួយ​ចំនួន​ ព្យាយាម​ធ្វើការ​ ដោយ​មិន​លាក់បាំង​ការ​ពិត​ពី​សម្ដេច​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖​ «​ខ្ញុំ​បានឃើញ​ច្រើន​ហើយ​នៅ​ក្នុង​សង្គម​យើង​នោះ​ មិនមែន​ទើបតែ​ម្ដង​ហ្នឹង​ទេ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​លោក​បន្ទោស​មន្ដ្រី​របស់​លោក​ ហើយ​ក៏​ជា​រឿង​ទូទៅ​ ទៅ​ហើយ​នៅ​ពេល​ដែល​ល​កើត​ បញ្ហា​គឺ​តែងតែ​បន្ទោស​មន្ដ្រីរាជការ​ថ្នាក់​ក្រោម​ ប៉ុន្ដែ​សួរ​ថា​ទាំងអស់​ហ្នឹង​មក​ពី​បញ្ហា​អ្វី​ ?​ មក​ពី​អ្នក​ណា​?»​។​

​សូម​ជម្រាប​ថា​នៅ​ ក្នុង​វេទិកា​ស្តី​ពី​ ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ នៅ​វិមាន​សន្តិភាព​ កាលពី​ថ្ងៃ​ទី​ ២២​ខែ​ សីហា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ដោយ​យក​កំហុស​មួយ​ចំនួន​ដាក់បន្ទុក​ លើ​ខ្លួន​សម្ដេច​ផ្ទាល់​ សម្ដេច​ បាន​បញ្ជាក់​ថា​ ព្រោះតែ​សម្ដេច​ជឿ​ លើ​អ្នកចេះ​ទើប​បានជា​ច្បាប់​មួយ​ចំនួន​ដែល​រៀបរៀង​ឡើង​ សម្ដេច​ព្រម​ចុះហត្ថលេខា​ ស្ទើរ​គ្រប់​រឿង​ ត្រង់​ចំណុច​នេះ​សម្ដេច​ ថា​ សម្ដេច​មិន​បន្ទោស​អ្នក​ណា​ទេ​ គឺ​សម្ដេច​បន្ទោស​ខ្លួន​សម្ដេច​ផ្ទាល់​៕

Share

Image
Image
Image