en     km
en     km

ពលរដ្ឋ​ផ្លូវ​រថភ្លើង​តវ៉ា​ទាមទារ​ឱ្យ​សាលាក្រុង​ផ្ដល់​សំណង​ ផល​ប៉ះពាល់​មុន​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​

Share

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​តំណាង​ប្រមាណ​ជាង​ ៤០០​ គ្រួសារ​ដែល​រស់នៅ​លើ​ផ្លូវ​រថភ្លើង​ជាប់​របង​វត្ត​ ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខ័​ណ្ឌ​ទួល​គោក​ ក្រុងភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ នេះ​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ដោះស្រាយ​ផល​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ ដែល​អាច​រង​ការ​ខូចខាត​ពី​គម្រោង​ធ្វើ​ផ្លូវ​បេតុង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នេះ​។​ ករណី​នេះ​ សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា​ អាជ្ញា​ធរមាន​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​រួច​ហើយ​ តែ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​សិទ្ធិ​ដីធ្លី​ ទទូច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​ប្រកបដោយ​តម្លាភាព​ និង​ច្បាស់លាស់​ជាមួយ​ពលរដ្ឋ​មុន​ពេល​ចាប់ផ្ដើម​អនុវត្ដន៍​គម្រោង​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

protester-1-pre
ប្រជាពលរដ្ឋតំណាងប្រមាណជាង ៤០០ គ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយផលប៉ះពាល់ផ្ទះពលរដ្ឋ

​នេះ​ជា​សម្រែក​ទាមទារ​របស់​តំណាង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ចេញ​មុខ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​បេតុង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​ ៦​ ដល់​ផ្លូវ​លេខ​ ៧០​។​ បុរស​វ័យ​ចំណាស់​ម្នាក់​តំណាង​ពលរដ្ឋ​បាន​ថ្លែង​ថា​ កាលពី​ឆ្នាំ​ ២០១១​  ពលរដ្ឋ​ធ្លាប់​រង​គ្រោះ​ដោយសារ​ការ​កាត់​ដី​ម្ដង​រួច​មក​ហើយ​ ដែល​រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​នៅឡើយ​នោះ​ទេ​។​ ចំណែក​ករណី​សាងសង​ផ្លូវ​បេតុង​នេះ​ ពលរដ្ឋ​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ដោះស្រាយ​សំណង​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន​ មុន​នឹង​ចាប់ផ្ដើម​បើក​ដំណើ​ការ​ការដ្ឋាន​សាងសង់​ផ្លូវ​។​

​តំណាង​ពលរដ្ឋ​៖«​កាលពី​លើក​មុន​ប្រជាពលរដ្ឋ​ភ័យ​មួយ​សារ​ហើយពី​ការ​កាត់​ផ្ទះ​ ៣​ ម៉ែត្រ​ កន្លះ​ ប្រជាពលរដ្ឋ​មិន​ទទួល​បាន​សំណង​សមរម្យ​គ្មាន​សុច្ចរិត​ភាព​គ្មាន​លក្ខណ​តម្លាភាព​ប៉ុន្ដែ​ដោះស្រាយ​សំណង​មាន​លក្ខណ​មិន​ត្រឹមត្រូវ​ តាំងពី​២០១១​ រហូត​មក​ដល់​ពេល​នេះ​ដោះស្រាយ​មិន​ទាន់​ចប់​សួរ​ថា​ពលរដ្ឋ​ទទួលយក​បាន​អត់​គឺ​មិន​បាន​ទេ​»​។​

protester-3
ចំណែក​ស្ដ្រី​ជា​ពលរដ្ឋ​មួយ​រូប​ទៀត​ ដែល​ចូលរួម​តវ៉ា​ ថ្លែង​ថា​ អ្នកស្រី​មក​ចូលរួម​ការ​តវ៉ា​នេះ​មិនមែន​មក​ប្រឆាំង​ការ​អភិវឌ្ឍ​នោះ​ទេ​ ក៏​ប៉ុន្ដែ​អ្នកស្រី​មកនេះ​គឺ​ដើម្បី​ទទួល​បាន​ចម្លើយ​ច្បាស់លាស់​ពីសា​លា​រាជធានី​ភ្នំពេញ​ពី​ការ​ផ្ដល់​សំណង​ តើ​នឹង​ផ្ដល់​សំណង​ជូន​អ្នក​ក្រីក្រ​នៅ​ក្បែរផ្លូវ​រថភ្លើង​យ៉ាងណា​។​ អ្នកស្រី​សង្កត់ធ្ងន់​ទៀត​ថា​ មុន​ពេល​អភិវឌ្ឍ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​តែ​រក​ដំណោះស្រាយ​រួម​ ឲ្យ​ពលរដ្ឋ​ទាំងអស់​ជា​មុន​សិន​ បើ​មិន​ដូច្នេះ​អ្នកស្រី​ក៏​ដូច​ជា​ពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​គឺ​មិន​ព្រម​ជា​ដាច់ខាត​។​

​ស្ដ្រី​រង​ផល​ប៉ះពាល់​ ៖«​នាង​ខ្ញុំ​គាំទ្រ​នឹង​ធ្វើ​ផ្លូវ​ប៉ុន្ដែ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ​ បែរជា​សាលាក្រុង​ទៅ​សម្ពោធ​ការដ្ឋាន​ដោយ​គ្មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ឡើយ​ នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​មិន​ពេញចិត្ដ​»​។​

​ដូច​គ្នា​ដែរ​ស្ដ្រី​ម្នាក់​ទៀត​ក្នុង​ចំណោម​ស្ដ្រី​អ្នក​តវ៉ា​ផ្សេង​ទៀត​បាន​ថ្លែង​ថា​ ក្រុម​អ្នកស្រី​មិន​ចង់​ក្លាយជា​ក្រុម​ស្ដ្រី​បឹង​កក់​ និង​នឹង​ក្រុម​ស្ដ្រី​បុរី​កីឡា​ ដែល​ត្រូវ​រង​គ្រោះ​ពី​ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព​នោះ​ទេ​។​ ស្ដ្រី​រូប​នេះ​បន្ដ​ទៀត​ថា​ គ្មាន​អ្នក​ណា​ប្រឆាំង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន​ឡើយ​ ក៏​ប៉ុន្ដែ​រដ្ឋអំណាច​មិន​ត្រូវ​ប្រឹង​អភិវឌ្ឍ​លើ​ទឹកភ្នែក​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ​។​ ស្ដ្រី​ដដែល​នេះ​ក៏​ទទូច​ផង​ដែរ​ដល់​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​តែ​បង្ហាញ​ប្លង់​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ឲ្យ​ពលរដ្ឋ​បានដឹង​ ហើយ​ត្រូវ​តែ​បញ្ជាក់​ថា​ នឹង​ជួយ​ពលរដ្ឋ​យ៉ាងដូច​ម៉េច​ប្រសិនបើ​ការ​អភិវឌ្ឍ​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពួក​គាត់​។​

​ស្ដ្រី​តវ៉ា​៖«​ដូច្នេះ​ឯកឧត្ដម​ត្រូវ​តែ​បង្ហាញ​ប្លង់​ថា​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​របៀប​ណា​ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​របៀប​ណា​ត្រូវ​តែ​បង្ហាញ​ពី​តម្លាភាព​មិនមែន​លាក់បាំង​ព័ត៌មាន​នោះ​ទេ​ ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ណាស់​ខ្លាច​ដូច​អ្នក​បឹង​កក់​ និង​បូ​រី​ឡា​ យើង​មិន​ចង់​ឲ្យ​មាន​វប្បធម៌​ដដែលៗ​នោះ​ទេ​»​។​

​ជា​ការ​ឆ្លើយ​តប​អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ មាន​ ចាន់​យ៉ា​ដា​ មាន​ប្រសាសន៍​ថា​ ចំពោះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​នៅ​ពេល​នេះ​ គឺ​សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឲ្យ​មាន​គណៈ​ក​ម្មា​ការ​ដើម្បី​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​រួចរាល់​ហើយ​។​ ករណី​នេះ​អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ដែល​រង​ផល​ប៉ះពាល់​សូម​ធ្វើការ​ជាមួយ​គណៈ​ក​ម្មា​ការ​ របស់​សាលា​រាជធានី​ចំពោះ​រឿង​នេះ​ សូមកុំ​ធ្វើការ​ជាមួយ​មនុស្ស​តែ​ពីរ​បី​នាក់​។​

​បន្ថែម​ពី​នេះ​លោក​ មាន​ ចាន់​យ៉ា​ដា​ ក៏​សង្កត់ធ្ងន់​ផង​ដែរ​ថា​ សូម​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​គិតគូ​ពី​បញ្ហា​ប្រយោជន៍​រួម​និង​យូ​អង្វែង​ជា​ធំ​។​

​លោក​ មាន​ ចាន់​យ៉ា​ដា​៖«​ដូច​ខ្ញុំ​ជម្រាប​ចឹ​ង​កុំ​ធ្វើ​តាម​រយៈ​មនុស្ស​ពីរ​ បី​នាក់​ គេ​មាន​ក្រុមការងារ​ដើម្បី​ធ្វើការ​ផ្ទាល់​ជាមួយ​ពួក​គាត់​ហើយ​គណៈ​ក​ម្មា​ការ​ ដោះស្រាយ​ផល​ប៉ះពាល់​ អ​ញ្ចឹ​ង​សូម​ធ្វើការ​ជាមួយ​គណៈ​ក​ម្មា​ការ​ដោះស្រាយ​ផល​ប៉ះពាល​របស់​សាលា​រាជធានី​ នោះ​គេ​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​ហើយ​ សូម​ពួក​គាត់​កុំ​បារម្ភ​ពេក​»​។​

​យ៉ាងណា​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​បេតុង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ ដែល​ស្ថិត​នៅ​គីឡូ​មែ​ត្រ​លេខ​ ៦​ ដល់​ផ្លូវ​លេខ​ ៧០​នេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា​ មុន​ពេល​សាងសង់​គឺ​សាលា​រាជធានី​ បាន​សិក្សា​ពី​ផល​ប៉ះពាល់​និង​សិក្សា​ពី​យុទ្ធសាស្ដ្រ​យូ​អង្វែង​។

​ការ​កើតទុក្ខ​មិន​សុខចិត្ដ​របស់​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នេះ​ដែរ​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​សិទ្ធិ​លំនៅ​ឋាន​នៅ​កម្ពុជា​យល់​ថា​ ព្រោះតែ​មាន​រូបភាព​នៃ​អ្នក​តវ៉ា​រឿង​ដីធ្លី​កើត​មាន​មិន​ឈប់​មិន​ឈរ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានការ​បារម្ភ​ដូចនេះ​។​

​លោក​ សៀ​ ភារ​ម្យ​ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ថ្មី​លើ​ផ្លូវដែក​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​។​ លោក​បន្ដ​ទៀ​ថា​ ក្នុង​នាម​ជាម​ន្ដ្រី​សាធារណៈ​បំរើ​រាស្ដ្រ​គឺ​ត្រូវ​តែ​ធ្វើការ​ឈរ​លើ​តួនាទី​ប្រកបដោយ​ភាព​អ​ព្យា​ក្រិត​ និង​គិត​ប្រយោជន៍​រាស្ដ្រ​ជា​ធំ​។​

​ករណី​នេះ​លោក​សង្កត់ធ្ងន់​ថា​ បើ​អាជ្ញាធរ​រដ្ឋ​ធ្វើការ​ណាមួយ​ដែល​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​នាំ​ឲ្យ​ពលរដ្ឋ​យំ​ស្រែក​ ជួប​ទុក្ខវេទនា​នោះ​គឺ​ប្រៀប​បាន​និង​ការ​ប្រឆាំង​ជាមួយ​ប្រសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ដែល​ធ្លាប់​ដាស់តឿន​មន្ដ្រី​ក្រោម​ឱវាទ​ថា​ត្រូវ​តែ​ដុះក្អែល​ និង​ឆ្លុះកញ្ចក់​ឲ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​បន្ដ​ទៀត​។​

​លោក​ សៀ​ ភារ​ម្យ​៖«​ក្នុង​នាម​យើង​ជា​អាជ្ញាធរ​រដ្ឋ​ដែល​ទទួល​ប្រាក់ខែ​ពី​ប្រជាពលរដ្ឋ​យើង​ត្រូវ​តែ​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ ហើយ​ប្រសិនបើ​យើង​មាន​កាតព្វកិច្ច​ផ្ដល់​សេវាកម្ម​ជួន​រដ្ឋ​ហើយ​យើង​មិន​អាច​ដោះស្រាយ​ក្ដី​កង្វល់​ ឬ​ក្ដី​កង្វល់​របស់​គាត់​បាន​ទេ​បាន​ន័យ​ថា​យើង​ធ្វើការ​ប្រាស់ចាក​ពី​តួនាទី​ហើយ​»​។​

​យ៉ាងណា​ក៏​ដោយ​លោក​ សៀ​ ភារ​ម្យ​ យល់​ថា​ សាលា​រាជធានី​ភ្នំពេញ​គួរ​យក​គំរូ​តាម​លោក​ ជា​ សុ​ផា​រ៉ា​ ដែល​ធ្លាប់​ដោះស្រាយ​បញ្ហា​នៅ​តំបន់​បូ​ឌី​ង​បាន​យ៉ាង​ល្អ​ប្រសើរ​ គ្មាន​ការ​ស្រែកយំ​ឬ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ព្រោះ​ការ​ដោះស្រាយ​នោះ​ប្រកបដោយ​តម្លាភាព​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ និង​ជឿជាក់​។​

​សូម​ជម្រាប​ថា​កន្លង​មក​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​ទៅ​នេះ​ ធ្លាប់​មាន​ប្រសាសន៍​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​បណ្តើរៗ​ តាម​ផ្លូវជាតិ​លេខ​៥​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ តាម​ផ្លូវ​រថភ្លើង​ដែល​ចាស់​ទ្រុឌទ្រោម​ មិន​ដំណើរការ​ ចាប់ពី​ផ្លូវ​លេខ​៧០​ ដល់​ផ្លូវជាតិ​លេខ​៥​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ស្រួល​ និង​ជួយ​ដោះស្រាយ​បញ្ហា​គ្រោះ​អគ្គី​ភ័យ​ និង​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ​។​ បើ​តាម​ការ​ឲ្យ​ដឹង​គម្រោង​សាងសង់​ផ្លូវ​នេះ​គឺ​ត្រូវ​បែងចែក​ជា​ពីរ​ ដំណាក់កាល​។​ ដំណាក់កាល​ទី​១​ ផ្លូវ​តាម​គន្លង​ផ្លូវ​រថភ្លើង​ដោយ​ចាក់​បេតុង​អា​មេ​ កម្រាស់​ ២០​សង់ទីម៉ែត្រ​ ទទឹង​ ៧​ម៉ែត្រ​ភ្លោះ​ និង​ស្ថាបនា​សួន​កណ្តាល​ទំហំ​ ២,៥​ម៉ែត្រ​ ប្រវែង​៤.៥១០​ម៉ែត្រ​ ចាប់ពី​ផ្លូវជាតិ​លេខ​៥​ ដល់​ផ្លូវ​លេខ​៧០​ ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ ហើយ​នៅ​ដំណាក់កាល​ទី​២​ នឹង​ពង្រីក​ទទឹង​រហូត​ដល់​ ២២​ម៉ែត្រ​ ដែល​ចំណាយ​ពេលវេលា​ សាងសង់​ផ្លូវ​ចំនួន​ ៥​ខែ​ ៕​

Share

Image
Image
Image