en     km
en     km

ប្រទះ​ឃើញ​សំបុក​ក្រៀល​ បន្ទាប់​ពី​បាត់​វត្ដមាន​ច្រើន​ឆ្នាំ​ នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​

Share

​ភ្នំពេញ​ ៖​ សំបុក​សត្វ​ក្រៀល​មួយ​សំបុក​ ត្រូវ​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ បន្ទាប់​ពី​វត្ដមាន​សំបុក​របស់​បក្សី​កម្រ​នេះ​ មិន​ធ្លាប់​ប្រទះ​ឃើញ​ទេ​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ មន្ដ្រី​ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ សំណូមពរ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ពពួកសត្វ​កម្រ​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​នេះ​ ប្រជា​សហគមន៍​ និង​ក្រុម​អ្នក​ភិ​រក្ស​សត្វព្រៃ​ បាន​រក​ឃើញ​ សំបុក​សត្វ​ក្រៀ​ ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​ ជា​លើក​ដំបូង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ខេត្ដរតនគិរី​។​ សត្វ​ក្រៀល​ គឺជា​សត្វ​ស្លាប​ដែល​អាច​ហោះហើរ​បាន​ និង​មាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់​ នៅ​ក្នុង​ចំណោម​ពពួកសត្វ​ស្លាប​។​ កម្ពស់​របស់​វារ​ហូត​ដល់​ ១,៦៥​ម៉ែត្រ​។​ សត្វ​ក្រៀល​ ជា​ពពួកសត្វ​កម្រ​ មាន​វត្ដមាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ឥណ្ឌា​ មី​យ៉ា​ន់​ម៉ា​ នេ​ប៉ា​ល់​ វៀតណាម​ ប៉ា​គី​ស្ថាន​ និង​ប្រទេស​អូស្ដ្រាលី​ តែ​ប៉ុណ្ណោះ​។​

​លោក​ ប៊ូ​ វរ​សក្ស​ នាយក​កម្ម​វិធិ​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ឲ្យ​ដឹង​ថា​ នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ខេត្ដរតនគិរី​ វត្ដមាន​សំបុក​សត្វ​ក្រៀល​ មិន​ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ និង​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ម្ដងណា​ទេ​ ក្នុង​អំឡុង​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ក៏​ប៉ុន្ដែ​ការ​ប្រទះ​ឃើញ​ជា​ថ្មី​នៅ​ថ្ងៃនេះ​ គឺជា​ដំណឹង​ដ៏​ល្អ​មួយ​ ដែល​បង្ហាញ​ថា​ សត្វ​ក្រៀល​ បាន​ត្រឡប់​មក​តាំង​សំបុក​ពង​កូន​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ជា​ថ្មី​។​

​នាយក​កម្ម​វិធិ​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ បន្ដ​ទៀត​ថា​ កាលពីមុន​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ មាន​សត្វ​ច្រើន​ប្រភេទ​ មក​ពង​កូន​ បូក​រួម​ទាំង​សត្វ​ក្រៀល​នេះ​ផង​។​ ក៏​ប៉ុន្ដែ​វត្ដមាន​សំបុក​របស់​ពួក​វា​ បាន​បាត់​ទៅៗ​ ក្រោយ​ពី​មានការ​រំខាន​ ដោយ​ការ​ទន្ទ្រានព្រៃ​ និង​ចំនួន​មនុស្ស​បាន​ចូល​ទៅ​រស់នៅ​ក្បែរ​តំបន់​វា​ពង​កូន​កាន់តែ​កើនឡើង​ ៖«​កន្លង​មក​នៅ​សៀម​ប៉ា​ង​ នៅ​លំ​ផាត់​ អី​ជាដើម​ គឺ​យើង​បាត់​ដំណឹង​មួយ​រយៈ​ធំ​ ដោយសារ​មានការ​ទន្ទ្រាន​ ការ​រំខាន​ច្រើន​។​ ជង់​ជម្រាប​ថា​ សត្វ​ក្រៀល​នេះ​ គឺ​វា​ពង​នៅ​លើ​វាលស្មៅ​ វា​អត់​ពង​នៅ​លើ​ចុងឈើ​ទេ​។​ អ​ញ្ចឹ​ង​វា​ពង​នៅ​លើ​វាលស្មៅ​ នៅ​ក្នុង​ត្រពាំង​ ឬ​ក៏​ក្នុង​បឹង​អី​អ​ញ្ចឹ​ង​។​ អ​ញ្ចឹ​ង​វា​ត្រូវការ​កន្លែង​ដែល​ស្ងាត់​ដើម្បី​លាក់ខ្លួន​ ដើម្បី​ពង​។​ អ​ញ្ចឹ​ង​ឥឡូវនេះ​មនុស្ស​កាន់តែ​ច្រើន​ ហើយ​ឆ្កែ​ទៅ​ទៀត​កាន់តែ​ច្រើន​ថែម​ទៀត​ អ​ញ្ចឹ​ង​វា​ពិបាក​ដល់​ពួក​វា​ក្នុង​ការ​បង្ក​កំណើត​ពង​កូន​»​។​

​យ៉ាងណា​សំបុក​ដែល​បាន​ប្រទះ​ឃើញ​នេះ​ គឺ​កូនៗ​របស់​សត្វ​ក្រៀល​ បាន​ញាស់​ហើរ​ចេញពី​សំបុក​អស់​ទៅ​ហើយ​។​ សត្វ​ក្រៀល​ ក្នុង​មួយ​សំបុក​ អាច​មាន​ពង​ចន្លោះ​ពី​មួយ​គ្រាប់​ ទៅ​ពីរ​គ្រាប់​។​ លោក​ វរ​សក្ស​ មិន​រំពឹង​ថា​ ចំនួន​សំបុក​របស់​សត្វ​ក្រៀល​ អាច​នឹង​មាន​ចំនួន​ច្រើន​នោះ​ទេ​ ដោយសារ​តែ​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ មេបា​ របស់​សត្វ​ក្រៀល​ មាន​មិន​ដល់​ ១០​ក្បាល​នោះ​ទេ​ ដែល​បង្ហាញខ្លួន​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​។​

​វត្ដមាន​ សត្វ​ក្រៀល​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ រក​ឃើញ​ច្រើន​បំផុត​ នៅ​ខេត្ដព្រះវិហារ​។​ ខេត្ដព្រះវិហារ​ ត្រូវ​បាន​កំណត់​ថា​ ជា​កន្លែង​ដែល​ពពួក​ក្រៀល​ ចូល​ចិត្ដ​ពង​កូន​បំផុត​ ពីព្រោះ​តែ​ជា​តំបន់​ដែល​ស្ងាត់​ស្រប​ទៅ​តាម​ចំណូលចិត្ដ​របស់​ពួក​វា​។​ តែ​មិនមែន​មាន​តែ​ខេត្ដព្រះវិហារ​នោះ​ទេ​ ដែល​ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​សត្វ​ក្រៀល​ពង​កូន​ គ្រាន់តែ​តំបន់​ផ្សេងៗ​ ដូច​ជា​ ខេត្ដស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ហាក់​រង​ការ​រំខាន​ច្រើន​ ទើប​សត្វ​ក្រៀល​បាន​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ខេត្ដព្រះវិហារ​។​

​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ កាន់តែ​បាត់​វត្ដមាន​ជា​បណ្ដើរៗ​ពី​កម្ពុជា​ ដោយសារ​តែ​ការ​លួច​ប្រមូល​យក​ពង​កូន​ ការ​លួច​បរបាញ់​ ការ​ដាក់​អន្ទាក់​ ហើយ​អ្វី​ដែល​ជា​ក្ដី​បារម្ភ​ដ៏​ធំ​បំផុត​នា​រយៈពេល​ចុង​ក្រោយ​នេះ​ របស់​ក្រុម​អ្នក​អភិរក្ស​ និង​ក្រសួងបរិស្ថាន​ គឺ​ការ​បំពុល​។​

​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ បាន​បង្កើត​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​ ដោយ​ជួល​ប្រជា​សហគមន៍​ ផ្ដល់​ជា​ប្រាក់ខែ​ជូន​ពួក​គាត់​ ឲ្យ​ថែរក្សា​សំបុក​សត្វ​ស្លាប​ ចាប់ពី​ពេល​ដែល​ពួក​វា​ផ្ដើម​ពង​ រហូត​ដល់​ពង​របស់​ពួក​វា​ញាស់​។​ លោក​ ប៊ូ​ វរ​សក្ស​ អំពាវនាវ​ថា​ ប្រសិនបើ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សំបុក​សត្វព្រៃ​ សូម​រាយការណ៍​ទៅ​កាន់​មន្ដ្រី​អង្គការ​ ជីវិត​សត្វ​ស្លាប់​ដែល​នៅ​តំបន់​នោះ​ ឬ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់​នោះ​។​ លោក​បន្ដ​ថា​ អ្នក​ផ្ដល់​ដំណឹង​ នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ដ​ ប្រសិនបើ​ក្រោយ​ពេល​ដែល​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ សំបុក​នោះ​ពិតជា​មាន​ពង​កូន​ សត្វព្រៃ​ ពិតប្រាកដ​មែន​។​

​លើស​ពី​នេះ​នាយក​កម្ម​វិធិ​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ដែនជម្រកសត្វព្រៃ​ សូម​បញ្ឈប់​សកម្មភាព​បំពុល​ផ្សេងៗ​ ពីព្រោះ​ការ​បំពុល​បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ទៅ​សត្វព្រៃ​ មិន​ថា​ សត្វ​ស្លាប​ ឬ​សត្វ​ជើង​បួន​នោះ​ទេ​។​ ជាង​នេះ​លោក​សំណូមពរ​ ឲ្យ​ពលរដ្ឋ​ទាំងអស់​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ លោក​ថា​ បើសិនជា​គ្មាន​តម្រូវការ​ទីផ្សារ​ ការ​បរបាញ់​ដោយ​ខុសច្បាប់​ នឹង​គ្មាន​បន្ដ​ទៀត​ឡើយ​។​

​យោង​តាម​របាយការណ៍​ជំរឿន​ នៅ​ក្នុង​ឆ្នាំ​២០១៦​ បាន​បង្ហាញ​ថា​ ចំនួន​សត្វ​ក្រៀល​ បាន​ធ្លាក់​ទាប​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ គិត​តាំងពី​ឆ្នាំ​២០០១​មក​។​ វត្ដមាន​សត្វ​ក្រៀល​ ត្រូវ​បាន​រក​ឃើញ​ច្រើន​បំផុត​ប្រចាំឆ្នាំ​ គឺ​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ដែល​មាន​ប្រមាណ​ជាង​ ៤៣៣​ក្បាល​៕​

Share

Image
Image
Image