en     km
en     km

ប្រទេសចំនួន ៦ជួបជុំនៅកម្ពុជារកដំណោះស្រាយអភិរក្សសត្វរមាំងជិតនឹងផុតពូជ

Share

ភ្នំពេញ៖ គណៈប្រតិភូមកពីប្រទេសចំនួន៦ នៃតំបន់អាស៊ីអាគ្នេយ៍ជួបជុំគ្នានៅទីក្រុងភ្នំពេញដើម្បីរៀបផែនការអភិរក្សសត្វរមាំងដែលជិតនឹងផុតពូជ។ លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

ការជួបជុំនេះ ជាការចែករំលែកព័តមាន និងបទពិសោធន៍ពីអ្នកគ្រប់គ្រងគម្រោងអភិរក្សសត្វរមំាង និងអ្នកស្រាវជ្រាវ មកពីប្រទេសដែលមានវត្តមានសត្វប្រភេទនេះ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រឱ្យមានប្រសិទ្ធភាពសំរាប់អភិរក្សប្រភេទសត្វដែលកំពុងរងគ្រោះយ៉ាងខ្លំាងនេះ។

ក្នុងសិក្ខាសាលានៃការជួបជុំរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ មានការចួលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកអភិរក្សប្រមាណ ៥០នាក់។ ប្រទេសទាំង ៦​នេះ មានដូចជា កម្ពុជា ចិន ឥណ្ឌា ឡាវ ភូមា និងថៃ ។

បើតាមការចុះផ្សាយរបស់ទំព័រហ្វេសបុក BirdLife International Cambodia Programme បង្ហាញថា សត្វរមំាង ជាសត្វក្នុងអំបូរក្តាន់ដែលមានរបាយ លាតសន្ធឹងក្នុងព្រៃល្បោះនៃតំបន់ត្រូពិចរបស់ប្រទេសមួយចំនួនក្នុងភូមិភាគអាស៊ីអាគ្នេយ៍។  សព្វថ្ងៃ ការបាត់បង់ទីជម្រក និងការបរបាញ់ បានគម្រាមយ៉ាងខ្លាំងចំពោះសត្វប្រភេទនេះ។

បញ្ហាប្រឈមចំពោះសត្វប្រភេទនេះផ្សេងទៀតនោះ មានដូចជា ការអភិវឌ្ឍ ការពង្រីកទីក្រុង និងការពង្រីកដីកសិកម្មជាដើម។

ចំនួនសត្វរមាំងដែលនៅសេះសល់ក្នុងធម្មជាតិ មាននៅប្រទេសកម្ពុជា ឡាវ និងឥណ្ឌា តែកំពុងតែជួបការគម្រាមកំហែងខ្លាំង ខណៈដែលប្រទេស ថៃ និង វៀតណា បាត់បង់អស់ហើយ។ ដោយឡែក នៅប្រទេសចិន ក៏នៅមានរមាំងនៅសេះសល់ផងដែរ តែមានតែនៅក្នុងឧទ្យានដែលមានរបងការពារតែប៉ុណ្ណោះ។

លោក  Bosco Chan មន្រ្តីជាន់ខ្ពស់នៃ ឧទ្យានបូតានិក និងកសិដ្ឋានកាដូរី មានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសមួយចំនួន ដែលនៅមានវត្តមានសត្វរមាំង មិនទាន់មានការយកចិត្តទុកដាក់ឱ្យបានខ្លាំងនៅឡើយនោះទេ ការណ៍នេះ ជាហេតុធ្វើឱ្យបាត់បង់នូវប្រភេទសត្វទាំងនេះ។

លោក បន្ថែមថា តាមរយៈសិក្ខាសាលាជួបជុំនេះ នឹងអាចរកឃើញនូវដំណោះស្រាយ ដែលជាការឆ្លើយតបចំពោះបញ្ហាកំពុងប្រឈមនានា ទៅលើប្រភេទសត្វរមាំងនេះ។

បើតាមការប៉ានស្មាន សត្វរមាំងនៅលើពិភពលោកនេះ មានប្រហែលជា ៣០០០ក្បាលតែប៉ុណ្ណោះ។​

គេនៅតែសង្កេតឃើញថា សត្វប្រភេទនេះ នៅតែប្រឈមខ្លាំងនឹងការបាត់បង់ពីពិភពលោក បើទោះបីជា មានច្បាប់ អនុសញ្ញា ការពារវាក៏ដោយ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជា នៃអង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា រមាំងនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមដូចគ្នាទៅនឹងប្រទេសដទៃ ដែលជាប្រទេសមានវត្តមាននូវសត្វប្រភេទនេះ។ ការណ៍នេះ ជាហេតុធ្វើ ឲ្យចំនួនសត្វរមំាងនៅកម្ពុជាកំពុងថយចុះយ៉ាងលឿន។

លោក បន្ថែមថា ភាគីពាក់ព័ន្ធ ត្រូវបង្កើនការប្រឹងប្រែងឲ្យបានកាន់តែខ្លំាងឡើង ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះនេះ បើមិនដូច្នេះទេ សត្វដ៏សំខាន់នេះ នឹងលែងមានវត្តមាននៅប្រទេសទាំងឡាយនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាទៀតហើយ។

លោក ស្រី Sarah Brook ជាអ្នកសម្របសម្រួលសៀវភៅក្រហម IUCN នៃក្រុមអ្នកជំនាញអំបូរក្ដាន់មានប្រសាសន៍ថា អំបូរក្តាន់នៅលើពិភពលោកកំពុងប្រឈមនឹងអនាគតផ្សេងៗគ្នា នៅផ្នែកខ្លះនៃអ៊ឺរ៉ុប និងអាមេរិក។លោកស្រីថា ការស្តារចំនួនពួកវាអាចនឹងមានសង្ឃឹមធ្វើបាន ប្រសិនមានការរួមនិងសហការគ្នាអនុវត្តសកម្មភាពដែលកើតចេញពីសិក្ខាសាលានេះ៕

អត្ថបទ៖លោក សោម លាភ

 

Share

Image
Image
Image