en     km
en     km

បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​ យល់​ឃើញ​ផ្ទុយ​ពី​នាយក​រដ្ឋមន្ត្រី​ ករណី​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​អ្នក​កាន់​អំណាច​ក្រុម​ណាមួយ​

Share

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ នៅ​ថ្ងៃ​ទី​២៥​ខែកញ្ញា​នេះ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមា​២០០​ នាក់​ នៅ​សហរដ្ឋអាមេរិក​ លោកនាយ​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​ មិនមែន​ជា​ប្រទេស​របស់​អ្នក​កាន់​អំណាច​មួយ​ក្រុម​ណាមួយ​នោះ​ទេ​។​ ចំពោះ​ការ​លើក​ឡើង​នេះ​ មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ ស៊ី​វិល​ធ្វើការ​យល់​ថា​ នៅ​កម្ពុជា​បច្ចុប្បន្ន​ គឺ​កំពុង​មាន​ក្រុម​ខ្លះ​ កំពុង​តែ​ធ្វើ​សកម្មភាព​ តាមតែ​អំពើ​ចិត្ត​ ដោយ​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​
150925-sokha-news-01-dara-ed-pix-1
​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ថា​ ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​អ្នក​កាន់​អំណាច​មួយ​ក្រុម​ណាមួយ​នោះ​ គឺជា​រឿង​មិន​ត្រឹមត្រូវ​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​ ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​គឺ​ត្រូវ​ម្យ៉ាង​ តែ​ក្នុង​បរិបទ​បច្ចុប្បន្ន​ ក្រោម​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ ហ៊ុន​ សែន​ គឺ​បាន​លេចឡើង​នូវ​ក្រុម​មួយ​ចំនួន​ ដែល​ហាក់​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ហើយ​បាន​ធ្វើ​នូវ​សកម្មភាព​តាមតែ​អំពើ​ចិត្ត​ ដោយ​បាន​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខុសច្បាប់​ រួម​ទាំង​ការ​លក់​ទ្រព្យសម្បត្តិ​ជាតិ​ដោយ​គ្មាន​តម្លាភាព​ជាដើម​។​

150925-sokha-news-01-dara-ed-3​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បន្ត​ថា​ ដោយសារ​តែ​មាន​សកម្មភាព​ក្រុម​និង​បក្សពួក​មួយ​ចំនួន​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​យល់​ថា​ ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​របស់​ក្រុម​អ្នកនយោបាយ​មួយ​ក្រុម​។​ លោក​យឹ​ម​ សុវណ្ណ​មាន​ប្រសាសន៍​ថា​ «​ជា​ការ​ពិត​ ប្រទេស​កម្ពុជា​មិនមែន​ជា​របស់​ក្រុម​ណា​នោះ​ទេ​ ក៏​ប៉ុន្តែ​មាន​ក្រុម​ខ្លះ​ចាត់​ទុក​ថា​ ជា​ផ្ទះ​របស់​ខ្លួន​ ជា​ទ្រព្យសម្បត្តិ​ផ្ទាល់​របស់​ខ្លួន​ ដែល​ចេះ​តែ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​ រួម​ទាំង​ការ​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខុសច្បាប់​ និង​ការ​លក់​ទ្រព្យសម្បត្តិ​ជាតិ​ដោយ​គ្មាន​តម្លាភាព​ និង​ការ​ទទួលខុសត្រូវ​ ដែល​ទាំង​អស់នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា​ មាន​ក្រុម​អ្នកនយោបាយ​ខ្លះ​ ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ខ្លួន​»​។​

​ចំណែក​ លោក​ ណៃ​ វ៉ង់​ដា​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​មេធាវី​តំបន់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ តាម​ការ​សង្កេត​របស់​លោក​ឃើញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​ក្រុម​មនុស្ស​ពីរ​ក្រុម​ ដែល​ក្រុម​ទី​១​ គឺជា​អ្នក​តាក់តែង​តែ​ច្បាប់​ ហើយ​តែង​​តែ​អង្គុយ​លើ​ច្បាប់​ និង​តែងតែ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើការ​បំបិទមាត់​ជន​ណា​ដែល​ហ៊ាន​សើរើ​ពី​បញ្ហា​របស់​ខ្លួន​ ។​ លោក​បន្ត​ថា​ ចំណែក​ក្រុម​មនុស្ស​មួយ​ក្រុម​ទៀត​ គឺជា​ក្រុម​មនុស្ស​ដែល​រស់នៅ​ក្រោម​ច្បាប់​ ដែល​តែងតែ​ទទួលទោស​ទណ្ឌ​ ទោះបីជា​កំហុស​បន្តិចបន្តួច​ក៏​ដោយ​ ។​ លោក​ណៃ​ វ៉ង់​ដា​មាន​ប្រសាសន៍​ថា​ «​តាម​ពិត​ទៅ​ប្រទេស​កម្ពុជា​យើង​មាន​ក្រុម​អ្នកដឹកនាំ​មួយ​ក្រុម​ ដែល​គេ​ហៅ​ថា​ក្រុម​ដែល​រៀបចំ​ច្បាប់​ តាក់តែង​ច្បាប់​ ហើយ​ធ្វើ​ខុស​មិន​ដែល​ទទួលទោស​ ហ្នឹង​គេ​ហៅ​ថា​ក្រុម​អ្នក​រស់នៅ​លើ​ច្បាប់​ និង​មាន​ក្រុម​មនុស្ស​មួយ​ក្រុម​ទៀត​ក្នុង​ប្រទេស​កម្ពុជា​យើង​ គឺជា​ក្រុម​ដែល​ដាច់ខាត​ត្រូវ​តែ​អនុវត្ត​ច្បាប់​ កាលណា​ដែល​ប្រព្រឹត្ត​អ្វី​ខុស​តែ​បន្តិចបន្តួច​គឺ​ត្រូវ​គេ​ដាក់ទោស​ទណ្ឌ​ភ្លាម​»​ ។​150925-sokha-news-01-dara-ed-pix-2

​ឆ្លើយ​តប​ទៅ​នឹង​ការ​បដិសេធ​របស់​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា​ សង្គម​ស៊ី​វិល​តែងតែ​លើកយក​បុគ្គល​អាក្រក់​មក​បង្ហាញ​ នៅ​ពេល​ដែល​ប្រមុខ​ដឹកនាំ​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ។​ លោក​ ផៃ​ ស៊ី​ផា​ន​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​កំពុង​នឹង​បាន​ចាត់វិធានការ​ ចំពោះ​បុគ្គល​ដែល​រំលោភច្បាប់​ បំពាន​ច្បាប់​ជា​និច្ច​ មិន​បាន​ព្រងើយកន្តើយ​ដូច​ការ​ចោទប្រកាន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ​ ។​ លោក​មាន​ប្រសាសន៍​ថា​ «​កាលណា​បើ​យើង​នាំ​គា្ន​និយាយ​គ្រាន់តែ​ប​ញ្ឆោះ​ ដើម្បី​មិន​ឲ្យ​មានការ​ដោះស្រាយ​ មិន​ឲ្យ​មានការ​ទំនុកចិត្ត​ ដូច្នេះ​គួរតែ​យក​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​នាយក​មន្ត្រី​ហ្នឹង​ជា​មូលដ្ឋាន​គ្រឹះ​ជា​ការ​គិត​ មិនមែន​ឲ្យ​តែ​នាយក​រដ្ឋមន្ត្រី​និយាយ​ទៅ​ យក​ពួក​អាក្រក់​មក​ដាក់​លុប​ភាសា​របស់​នាយក​រដ្ឋមន្ត្រី​ដែរ​ វា​ជា​ភាសា​មួយ​ដែល​គេ​មិន​អាច​ទទួលយក​បាន​»​ ។​

​សូម​បញ្ជាក់​បន្ថែម​ថា​ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​សហរដ្ឋអាមេរិក​ នា​រសៀល​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ នោះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា​ រដ្ឋាភិបាល​សព្វថ្ងៃ​កំពុង​ដឹកនាំ​ប្រទេស​ដើរ​លើ​ផ្លូវត្រូវ​ និង​កំពុង​មានការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ អ្វី​ដែល​ពលរដ្ឋ​នៅ​ក្រៅប្រទេស​បានឃើញ​នៅ​តាម​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ គឺ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។​ លោក​ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ផ្ទាល់​ ទើប​អាច​ដឹង​ថា​តើ​កម្ពុជា​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​នោះ​៕

Share

Image
Image
Image